Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ជួយ​កម្ពុជា​បន្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ លើ​ការដាក់​ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» ក្រោម​គម្រោង Korea-Cambodia WorkNet ដំណាក់កាល​ទី​២ (២០១៩-២០២០)​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ (NEA) ជាមួយ​លោក យ៉ាង ស៊ុង​ជុន (Yang Seung-jun) ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ ការអភិវឌ្ឍ នៃ​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ​។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ទី​ស្ដី​ក្រសួង​ការងារ នា​ថ្ងៃរសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​មុន​ពិធី​ចុះហត្ថលេខា​នេះ លោក​អ៊ិត សំហេង បាន​ជួបពិភាក្សា​ជាមួយ​លោក យ៉ាន ស៊ុង​ជុន ដោយ​ផ្ដោត​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា នា​ពេលកន្លងមក កម្ពុជា​-​កូរ៉េ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា និង​ជា​ដៃគូ​កិច្ចសហប្រតិ​បត្តិកា​រ​យ៉ា​ង​ជិតស្និទ្ធ ដោយ​ភាគី​កូរ៉េ​បាន​ទទួល​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ទីនោះ​ជា​បន្តបន្ទាប់ រហូតដល់់​ពេល​បច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ បាន​កើន​ដល់​ប្រមាណ​ជិត ៦​ម៉ឺន​នាក់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា តាមរយៈ​ការធ្វើដំណើរ​ទៅ​សួរ​សុខទុក្ខ​របស់​ព​លករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​កន្លងមក លោក​សង្កេតឃើញថា ពលករ​កម្ពុជា​នៅ​ទីនោះ​ពិតជា​បាន​រស់នៅ​យ៉ាង​សុខ​សប្បាយ មាន​ការគិតគូរ​យ៉ាង​ត្រឹមត្រូវ និង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ថែម​ទៀត ដែល​ជួយ​​ជំរុញ​ជីវភាព​រស់នៅ​របស់​ពួកគេ និង​គ្រួសារ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ពាក់ព័ន្ធ​នឹង​គម្រោង «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី អ៉ិត សំហេង គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង និង​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ទាំង​ពីរ​ភាគី ខិតខំ​ធ្វើ​ការងារ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​ជោគជ័យ​សម្រាប់​ប្រទេសជាតិ​ទាំងពីរ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​។​

​នា​ឱកាស​នោះ លោក យ៉ាង ស៊ុង​ជុន ក៏​បាន​កោតសរសើ​រស​ម​ត្ថភាព​ការងា​ររបស់​ពលក​រ​កម្ពុជា ដែល​តែងតែ​មាន​ភាព​ឧស្សាហ៍​ព្យាយាម ចេះ​អត់ធ្មត់​នឹង​ការងារ ព្រមទាំង​មាន​អត្តចរិត​ល្អ​ចំពោះ​អ្នក​រួម​ការងារ​ថែម​ទៀត​។ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​នៅតែ​បន្ត​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​នេះ​ដែរ លោក យ៉ាង បានបង្ហាញ​ក្ដី​រំពឹងទុក​ថា វា​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ សម្រាប់​ជា​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងពីរ​។​

​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍ នៃ​ក្រសួង​ការងារ​កូរ៉េ រូបនេះ បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​កម្ពុជា​បន្ត​ទៀត ពិសេស​គឺ​ការ​បន្ត​គម្រោង​«​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ក្រោយ​បញ្ចប់​ការចុះហត្ថលេខា លោក ហៃ ហ៊ុន​ឡេង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា នាពេល​បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) មាន​គេហទំព័រ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ សម្រាប់​ផ្ដល់​សេវា​ការងារ​សាធារណៈ គឺ​ធ្វើឡើង​តាមរយៈ​បណ្ដាញ Internet ប៉ុន្តែ​សមត្ថភាព​នៃ​ការបញ្ជូន​ព័ត៌មាន​ទៅកាន់​អ្នក​ស្វែរក​ការងារ​ធ្វើ នៅ​មាន​កម្រិត​នៅឡើយ​។ ដូច្នេះហើយ​បានជា​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​សហការ​ជួយ​ផ្ដល់​នូវ​ការអភិវឌ្ឍ​គេហទំព័រ​ដល់ NEA ដែល​មាន​ស្រាប់​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ល្អប្រសើរ​ជាង​មុន​។​

​ក្នុងន័យនេះ គឺ​ក្រុម​ការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា (IT) នឹង​រៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​មូល​ទិន្នន័យ (Data Base) ដើម្បី​ប្រមូល​ព័ត៌មាន​របស់​អ្នក​ស្វែងរក​ការងារ​ធ្វើ ព័ត៌មាន​របស់​និយោជក រោងចក្រ សហគ្រាស និង​គ្រប់​ប្រភព​ព័ត៌មាន​ការងារ ផ្ទុក​នៅក្នុង​កន្លែង​មួយ​ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ហើយ​ងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​។​

​លោក ហៃ ហ៊ុន ឡេង បាន​បន្តទៀតថា អ្នក​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ​របស់ NEA តាមរយៈ​អាសយដ្ឋាន www.nea.gov.kh ហើយ​អាច​ចូល​ទៅ​ស្វែងរក​ព័ត៌មាន​ណាមួយ​ដែល​ខ្លួន​ត្រូវការ ដោយ​មិន​ចាំបាច់​មក​ដល់​មជ្ឈមណ្ឌល​ការងារ​របស់ NEA ផ្ទាល់​ក៏​បាន​៕​ ​ដោយ​៖​កូឡាប​

spot_img
×