Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​បច្ចេកទេស និង​ដៃគូ​អភិវឌ្ឍន៍ ពិភាក្សា​អំពី​ការឆ្លើយតប នឹង​ការប្រែប្រួល​អាកាសធាតុ​

spot_img

​រាជធានី​ភ្នំពេញ​ ៖ ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​កំពុងធ្វើការ​ផ្នែក​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា បាន​ជួបប្រជុំគ្នា​លើក​ទី​៥ ដើម្បី​ពិភាក្សា​អំពី​ការឆ្លើយតប នឹង​ការប្រែប្រួល​អាកាសធាតុ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ដែលជា​យន្តការ​សន្ទនា​មួយ ផ្នែក​គោលនយោបាយ​និង​ការសម្របសម្រួល​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់ នា​ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្រសួងបរិស្ថាន​។​

​កិច្ច​ប្រជុំបាន​ផ្តោតទៅលើ​របៀបវារៈ​សំខាន់​ចំនួន​៤៖ ផែនទី​បង្ហាញផ្លូវ​នៃ​ការអនុវត្ត ការចូលរួមចំណែករ​បស់​កម្ពុជា ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​, នីតិវិធី​នៃ​ការស្នើសុំ​លិខិត​មិន​ជំទាស់​ចំពោះ​គម្រោង​មូលនិធិ​អាកាសធាតុ​បៃតង​, សូចនាករ​តាមដាន​រួម​សម្រាប់ ការប្រែប្រួល​អាកាសធាតុ ឆ្នាំ​២០២០ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ រវាង​ក្រុមការងារ​បច្ចេកទេស ប្រែប្រួល​អាកាសធាតុ​និង​ដៃគូ​អភិវឌ្ឍន៍​។​

​អង្គ​ប្រជុំបាន​យល់ស្រប​ថា អ្នកចូលរួម​ទាំងអស់​នឹង​ស្នើឱ្យ​ផ្តល់​ធាតុ​ចូល នៅពេល​ប្រទេស​កម្ពុជា​រៀបចំ​ផែនទី​បង្ហាញផ្លូវ អំពី​ការចូលរួមចំណែក​រប​ស់​កម្ពុជា​ក្នុងការ​អនុវត្ត​អនុសញ្ញា​UNFCCC (​នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ​) និង​រៀបចំ​ដាក់​បញ្ជូន​ឯកសារ និង​ធ្វើ​បច្ចុប្បន្នភាព​នៅត្រឹម​ឆ្នាំ​២០២០​។ សមាជិក​អង្គប្រជុំ ក៏​អាច​មានឱកាស​ក្នុងការ​សរសេរ​យោបល់ ទៅលើ​នីតិវិធី​នៃ​ការស្នើសុំ​មិន​ជំទាស់ សម្រាប់​មូលនិធិ​អាកាសធាតុ​បៃតង​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស ប្រែប្រួល​អាកាសធាតុ ដោយមាន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល ជាច្រើន​បាន​ចូលរួម​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×