Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ផ្អាក​នាំចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ទៅ​ហុងកុង ទំនង​ព្រួយបារម្ភ​ថា​ប៉ូលិស​នឹង​ប្រើ​វា​ដើម្បី​បង្ក្រាប​ការតវ៉ា​

spot_img

​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​អង្ការ​ម្សិលមិញ​នេះ​បាន​ជំរុញ​ឲ្យ​ទីក្រុង​ហុងកុង​ឲ្យធ្វើ​ការស៊ើបអង្កេតឯ​ករា​ជ្យ​​មួយ​ជុំវិញ​បញ្ហា​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលិស និង​ក្រុមអ្នកតវ៉ា ហើយ​អង់គ្លេស​ក៏​បាន​ផ្អាក​អាជ្ញាប័ណ្ឌ​នៃ​ការនាំចូល​ឧបករណ៍​សម្រាប់​គ្រប់គ្រង​បាតុ​កម្មផង​ដែរ មានដូចជា​គ្រាប់កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាដើម​។​

​ការផ្អាក​នេះ ទំនងជា​អង់គ្លេស​មាន​ការព្រួយបារម្ភ​ថា អាជ្ញាធរ​ហុងកុង​នឹង​ប្រើប្រាស់ឧ​បរក​ណ៍​ទាំងនោះ យក​ទៅ​បង្ក្រាប​ក្រុមអ្នកតវ៉ា​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Jeremy Hunt បាន​ថ្លែង​ប្រាប់​សមាជិកសភា​អង់គ្លេស​ថា “​ពួកយើង​នៅតែ​មាន​ការព្រួយបារម្ភ​ពី​ស្ថានភាព​នៅ​ទីក្រុង​ហុងកុង​”​។​

​លោក​ថ្លែងថា “​ថ្ងៃនេះ ខ្ញុំ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​បង្កើត​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​លើ​ការប៉ះទង្គិច​គ្នា ដែល​ពួក​យើង​បានឃើញ​”​។​

​អង់គ្លេស​បាន​ថ្លែថា ខ្លួន​នឹង​មិន​ចេញ​អាជ្ញាប័ណ្ឌ​ឲ្យមាន​ការនាំចូល​ឧបករណ៍​គ្រប់គ្រង​បាតុកម្ម​ទៅ​កាន់​ទីក្រុង​ហុង​កុងទៀត​ទេ រហូត​ទាល់តែ​អង់គ្លេស​ពេញចិត្ត​លើ​ការដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​សេរីភាព​។​

​សូមបញ្ជាក់​ថា អង់គ្លេស​បាន​ចេញ​អាជ្ញាប័ណ្ឌ​ចុងក្រោយ​បំផុត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ដើម្បី​ឲ្យមាន​ការនាំចូល​ឧស្ម័ន​បង្ហូ​រ​ទឹកភ្នែក គ្រាប់បែកដៃ និង​គ្រាប់កាំភ្លើង​ជ័រ​ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​ឲ្យ​ប៉ូលិស​ហុងកុង​ធ្វើ​ការហ្វឹកហាត់​។​

​បច្ចុប្បន្ន​ទីក្រុង​ហុងកុង កំពុង​ជួប​បញ្ហា​សន្និសុខ​យ៉ាងខ្លាំង ក្រោយពេល​មនុស្ស​រាប់លាន​នាក់​បាន​ធ្វើ​ការតវ៉ា​អស់​ជាច្រើន​សប្តាហ៍ ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ច្បាប់​ធ្វើ​បត្យាប័ណ ដែល​ច្បាប់​នេះ​អនុញ្ញាតិឲ្យ​មានការប​ញ្ជូ​ន​ជនសង្ស័យ​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​ចិន​ដើម្បី​កាត់ទោស​។ ក្រុមបាតុករ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​នោះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​វា​ចោល​។​

​ទីក្រុង​ហុងកុង​ស្ថិតក្រោម​អាណានិគម​ន​របស់​អង់គ្លេស​រយៈពេល ១៥៦​ឆ្នាំ ពី​ឆ្នាំ ១៨៤១ ដល់​ឆ្នាំ ១៩៩៧​។ ក្នុង​ឆ្នាំ ១៩៩៧ ទីក្រុង​ហុងកុង​ត្រូវបាន​ប្រគល់​ត្រឡប់​អោយ​ចិន​វិញ ក្រោម​កិច្ច​ព្រមព្រៀង “​ប្រទេស​មួយ ប្រព័ន្ធ ពីរ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

 

spot_img
×