Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប​ចំនួន​បី​ទីតាំង ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវបាន​មន្ត្រី​ជំនាញ ចុះ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​

spot_img

​មណ្ឌលគិរី​៖ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នកប្រើប្រាស់​ទូទៅ នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក សុខ ប៊ុនធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសា​នៅក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដើម្បីអោយ​ម្ចាស់​សិប្បកម្ម​សុំច្បាប់​អនុញ្ញាត​។​

​លោក សុខ ប៊ុនធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យដឹងថា ការចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប ដោយ​ពិនិត្យឃើញថា សិប្បកម្ម​ទាំងនេះ​បាន​ដំណើរ​ការផលិត និង​ចែកចាយ​ផលិតផល​របស់ខ្លួន​នៅលើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បង្កើត​ពី​មន្ទីរ​ឧស្សា​កម្ម និង​សិប្បកម្ម​ទេ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​រកឃើញថា​ឧបករណ៍​ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​នោះ គឺអាច​ប្រើប្រាស់​បាន​ត្រឹម​លក្ខណៈ​ក្នុង​រង្វង់​គ្រួសារ​តែប៉ុណ្ណោះ​ទាំង​បរិមាណ​ផលិត ទាំង​គុណភាព​ផលិត រួមទាំង​លក្ខណៈ​បច្ចេកទេស​ក្បួន​អនាម័យ​ផលិតកម្ម និង​ទីតាំង​ផលិត​។ ម្យ៉ាងទៀត ខ្សែសង្វាក់​ផលិតកម្ម​ច្រក​ដប និង​វេច​ខ្ចប់​របស់​សិប្បកម្ម​ទាំងបី​នេះ គឺ​មិន​អនុលោម​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ទឹក​ពិសា​ដប​ដែល​ចែង​ក្នុង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ​-​សិប្បកម្ម​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នកប្រើប្រាស់​នៅលើ​ទីផ្សារ​។ ក្នុង​ការចុះពិនិត្យ​នោះដែរ មន្ត្រី​ជំនាញ បានធ្វើ​ការពន្យល់ និង​ណែនាំ​ស្តីពី​ការគ្រប់គ្រង​រោងចក្រ​-​សិប្បកម្ម និង​និ​តី​វិធី​មួយចំនួន​ផ្សេងទៀត​ទៅដល់​ម្ចាស់​សិប្បកម្ម នឹង​ដំណើរ​ការផលិត និង​ចែកចាយ​លក់​នៅលើ​ទីផ្សារ ហើយក៏​បានឱ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប​ស្លាក​យីហោ អូ​គិ​ថា​ណា​ចំនួន​ពីរ​កន្លែង និង​ស្មូត ១​កន្លែង ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បញ្ឈប់​សកម្មភាព​ផលិត និង​ធ្វើ​អាជីវកម្ម រហូត​ដល់ពេល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​លោក សុខ ប៊ុនធឿន បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ទាំងអស់ ត្រូវ​មក​ទំនាក់ទំនង​សុំច្បាប់ បង្កើត​រោងចក្រ​សិប្បកម្ម​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​ផលិតកម្ម និង​គុណភាព​ឱ្យ​សមស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ទឹក​ពិសា​ដប និង​និ​តី​វិធី​ផ្លូវច្បាប់​ជា​ធរមាន​ក្នុង​រយៈពេល​១​សប្តាហ៍​។ លោក​បន្ថែមថា ក្នុងករណី​ម្ចាស់​សិប្បកម្ម​មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​ឃើញ​នៅតែ​បន្ត​ការផលិត និង​ចរាចរណ៍​ចែកចាយ​លក់​លើ​ទីផ្សារ​ទៀត មន្ទីរ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយមាន​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់ និង​ផាកពិន័យ​តាមច្បាប់​ជា​ធរមាន​៕​ ដោយ ៖ កូឡាប

spot_img
×