Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិដើម​ភាគតិច​ព្នង​នៅ​មណ្ឌលគិរី ធ្វើ​ពិធីសែនព្រេន​លើករាសី​

spot_img

​ខេត្តមណ្ឌលគិរី​ ៖ ទោះជា​បច្ចុប្បន្ន​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី បាន​កែប្រែ​របៀប​រស់នៅ​ជាច្រើន ប៉ុន្តែ​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ពួកគាត់​នៅតែ​ត្រូវបាន​រក្សាទុក និង​យកមកអនុវត្ត​ជារឿយៗ ដែល​មិន​ធ្វើ​ឲ្យ​ប្រពៃណី​ទាំងនោះ​ងាយ​ប្រឈម​ជាមួយ​ការបាត់បង់​នោះទេ​។ ថ្មីៗ​នេះ​គ្រួសារ​ដែលមាន​ដើមកំណើត​ជា​ជនជាតិដើម​ភាគតិច​ព្នង​១​គ្រួសារ នៅ​ក្រុង​សែន​មនោ​រម្យ បានធ្វើ​ពិធីសែនព្រេន​លើករាសី​យ៉ាង​អធិកអធម និង​មានការ​ចូលរួម​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ​ជនជាតិ​ព្នង ក៏ដូចជា​បងប្អូន​ជនជាតិដើម​ភាគតិច និង​ជនជាតិខ្មែរ​រាប់សិប​នាក់​។​

​លោក ណ​យ ច័ន្ទ តារា ជា​ម្ចាស់​កម្មវិធី​សែនព្រេន​មាន​ឈាមជ័រ​ជា​ជនជាតិ​ព្នង និង​ជា​មន្ត្រីរាជការ​មួយរូប​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ប្រាប់ថា នេះ​ជា​ពិធីសែនព្រេន​លើករាសី​កាប់​ក្របី និង​ផឹកស្រា ការធ្វើ​ពិធី​នេះ គឺ​ចង់​រលឹកគុណ​ដល់​ដូនតា និង​អន្ទង់​ហៅ​វិញ្ញាណក្ខន្ធ​ដូនតា​ម្ចាស់​ទឹក​ម្ចាស់​ដី​មក​ទទួលយក​ការ​សែនព្រេន បន្ត​ថែរក្សា និង​ជួយ​ជ្រោ​ម ជ្រែង​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ជោគជ័យ​បន្ថែម​ទៅមុខទៀត​។​

​លោក ណ​យ ច័ន្ទ​តារា បន្តថា ការ​សែនព្រេន​ក្នុង​ពិធី​លើករាសី​នេះ តម្រូវ​ឲ្យ​មាន​បូជា​សត្វ​ក្របី​១​ក្បាល ជ្រូក​១ ក្បាល មាន់​៣​ក្បាល និង​ស្រា​៣​ពាង ក្នុងនោះ​មាន​ស្រា​ពាង​រលូង​១​ពាង ជា​ស្រា​ពាង​បូរាណ ដែល​ជនជាតិដើម​ភាគតិច​ព្នង គោរព​សម្រាប់​ផឹក​ស្បថស្បែ ឬ​សន្យា​អ្វីមួយ មិន​ហ៊ាន​បំពាន​ពាក្យ​នោះទេ​។ ហើយ​ក្រៅពី​ការ​សែនព្រេន​នោះ ក្នុង​ពិធី​នេះ ក៏​តម្រូវ​ឲ្យ​មានការ​ច្រៀង​រាំរែក​ជាមួយ​របាំ​ប្រពៃណី ដូចជា​របាំ​ដាំ​ស្រូវ របាំ​បេះ​ផ្លៃ​ឈើ និង​របាំ​ជាច្រើន​ទៀត ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ផងដែរ​។​

លោក ព្លើ​ន ស៊ីផុន ជា​ជនជាតិដើម​ភាគតិច​ព្នង និង​ជា​ចាស់ព្រឹទ្ធាចារ្យ​ម្នា​ក់នៅ​ក្រុង​សែន​មនោ​រម្យ បានឱ្យដឹងថា ពិធីសែនព្រេន​លើករាសី​នេះ ពី​បូរាណ​មក​គេ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ថ្ងៃទី​១ សែន​សុំ​បើកផ្លូវ ថ្ងៃទី​២ ជា​ថ្ងៃ​ពិសេស មានការ​កាប់​ក្របី​ជ្រូក​មាន់ ចំណែក​ថ្ងៃទី​៣​គឺ​សែន​បញ្ចប់​កម្មវិធី​ផ្កាប់​ពាង​ស្រា ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ ពុំ​សូវ​បានធ្វើ​គ្រប់​៣​ថ្ងៃ​នោះទេ គឺ​ធ្វើតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ លោក បញ្ជាក់​បន្ថែមថា ពិធី​នេះ គេ​ធ្វើ​នៅពេល​ឡើង​ឋានៈ ឫ​ឡើង​តួនាទី ម្ដងម្កាល​មិនចាំបាច់​ធ្វើ​រៀងរាល់ឆ្នាំ​នោះទេ ប៉ុន្តែ​ប្រសិនបើ​យើង​ចង់​ធ្វើ​ពិធី​នេះ គឺអាច​ធ្វើ​ប៉ុន្មាន​ដង​ក៏បាន​ក្នុង​មួយឆ្នាំ​។​

​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី លោក សី ទូច បាន​ឲ្យ​ដឹង​ដែរ​ថា ការធ្វើ​ពិធីសែនព្រេន​លើករាសី​នេះ លោក​សង្កេតឃើញថា គេ​បានធ្វើ​ជារឿយៗ និង​ជា​រឿង​ល្អ​មួយ​ដែល​ជនជាតិ​ព្នង​នៅតែ​ប្រកាន់​ភ្ជាប់​ជាមួយ ប្រពៃណី​បាន​យ៉ាង​ល្អ​។ លោក​កត់សម្គាល់ថា ជនជាតិ​ព្នង​ភាគច្រើន​នៅ​ខេត្តមណ្ឌលគិរី បាន​អនុវត្តតាម​សាសនា​ប្រពៃណី របស់​ពួកគាត់​បានល្អ លើកលែង​ជនជាតិដើម​មួយចំនួន​ដែល​ចូល​សាសនា​ផ្សេង គឺ​មិន​អនុវត្តតាម​ប្រពៃណី​ទៀត​ទេ ៕​ ដោយ​៖​កូ​ឡាប

spot_img
×