Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច​៖ ចិន​មក​វិនិយោគ​ដោយ​ប្រើប្រាស់​ថវិកា និង​សាងសង់​អគារ​ខ្ពស់ៗ​នៅលើ​ទឹកដី​កម្ពុជា គេ​មិន​អាច​លើក​ត្រឡប់​ទៅវិញ​បាន​នោះទេ​

spot_img

​ភ្នំពេញ ​៖ លោក​បណ្ឌិត​សភាចា្យ សុខ ទូច បាន​ស្រាយ​បំភ្លឺ​អំពី​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​យល់​ថា «​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា នឹង​ធ្វើឱ្យ​កម្ពុជា​បាត់បង់​នូវ​ស្ថិរភាព​»​។ វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២១​នេះ ចិន​គេ​មក​វិនិយោគ​ដោយ​ប្រើប្រាស់​ថវិកា និង​សាងសង់​អគារ​ខ្ពស់ៗ​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គេ​មិន​អាច​លើក​ត្រឡប់​ទៅវិញ​បាន​នោះទេ ហេតុនេះ​ហើយ​គេ​ត្រូវ​តែ​នៅ​បន្ត​ការវិនិយោគ​រយៈពេល​វែង ដើម្បី​និរន្តរភាព​ដំណើរការ​អាជីវកម្ម និង​ផលប្រយោជន៍​សេដ្ឋកិច្ច។​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី «​តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេលដែល​លោក សម រង្ស៊ី វិលត្រឡប់​ចូល​កម្ពុជា​វិញ​» លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ សភា​កម្ពុជា បាន​ថ្លែង​គូសបញ្ជាក់​និង​លើក​ឧទាហរណ៍​ធ្វើ​ការប្រៀបធៀប​ស្ថានភាព​សេដ្ឋកិច្ច រវាង​ស្ថានភាព​អតីត​សហ ភាព​សូ​វៀត និង​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​រំលេច​ឱ្យឃើញ​ពី​សារសំខាន់​មិន​អាច​ខ្វះ​នៃ​ស្ថិរភាព​នយោបាយ​របស់​ប្រទេសជាតិ​មួយ​។​

​ថ្លែង​នៅក្នុង​កិច្ច​ពិភាក្សា​តុមូល ស្ដីពី «​តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេលដែល​លោក សម រង្ស៊ី វិលត្រឡប់​ចូល​កម្ពុជា​វិញ​» លោក​បណ្ឌិត​សភា​ចារ្យ​ប្រធាន​រាជបណ្ឌិត្យសភាក​ម្ពុ​ជា​បាន​ថ្លែងថា​៖ «​កាលណា​គេ​ធ្វើ​សេដ្ឋកិច្ច គេ​ត្រូវ​មើល​នយោបាយ កាលណា​គេ​វិនិយោគ គេ​ត្រូវ​មើល​នយោបាយ ចុះបើ​ខ្មែរ​នៅ​ឯ​ក្រៅប្រទេស​ចេះ​តែ​ផ្ញើ​សារ​មក តើ​គេ​មក​វិនិយោគ​ឬ​អត់​? តើ​ប្រជាជន​ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម បែប​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។ នយោបាយ​ដើរតួនាទី​សំខាន់​ណាស់ បើ​គ្មាន​ស្ថិរភាព​នយោបាយ​ទេ គេ​មិន​អាច​វិនិយោគ​បាន​ឡើយ​។ នេះ​ជា​ក្រិត្យក្រម​នៃ​សេដ្ឋកិច្ច​។ តើ​អ្នក​ការអំពាវនាវ​របស់លោក សម រង្ស៊ី សម្រាប់​អ្នក​ដែល​ចង់​មក​វិនិ យោគ គេ​នឹង​មក​វិនិយោគ​ដែរឬទេ​? ជា​ការពិត​ណាស់ គេ​មិន​អាច​មក​វិនិយោគ​បាន​ទេ​។​»

​ភ្ជាប់​ជាមួយ​នឹង​សំណួរ​ដែល​ជា​ការ​ដាស់តឿន​ស្មារតី​សម្រាប់​អ្នកចូលរួម ក៏ដូចជា​សាធារណជន​ទូទៅ លោក​បណ្ឌិត្យ សភា​ចារ្យ បាន​ចោទសួរ​ទៅកាន់​អង្គ​វេទិកា​ទាំងមូល​ថា «​តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ចិន​បើកទ្វារ គេ​នាំគ្នា​ទៅ​វិនិយោគ​នៅ​ចិន​?» ចម្លើយ គឺ «​ស្ថិរភាព​នយោបាយ​» ពីព្រោះ​ថ្នាក់ដឹកនាំ​ចិន​បាន​មើលឃើញ​បទពិសោធន៍​របស​សហ​ភាព​សូ​វៀត គឺ​នៅ​ពេល​ដែល​សហភាពសូវៀត បាន​ផ្លាស់ប្ដូរ​នយោបាយ ពី​របប​កុំមុយនីស្ត​ទៅជា របប​សេរី (​មូលធននិយម​) បានធ្វើឱ្យ​មហាអំណាច​មួយ​នេះ បាត់បង់​អស់​ដែនដី ១៥ រដ្ឋ ដែល​នេះ​គឺជា​មូលហេតុ​នាំឱ្យ​គេ​មិន​អាច​វិនិយោគ​ជា​មួយ​រុស្ស៊ី​បានឡើយ ក៏​ព្រោះតែ​មាន​ភាពលំបាក​ច្រើន ពិសេស​ដោយសារ​គ្មាន​ស្ថិរភាព​នយោបាយ​។​

​លោក​បណ្ឌិត​សភា​ចារ្យ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បន្តថា «​ចំណែក​ឯ​ប្រទេស​ចិន គេ​ដឹង​ហើយ​ថា​ចិន ដូរ តែ ពណ៌​ទេ អត់​ដូរ​នយោបាយ​ទេ គឺ​ដូរ​ពណ៌​ពី​សេដ្ឋកិច្ច​បែប​ផែនកា​រម​ក​សេដ្ឋកិច្ច​ទីផ្សារ ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទាំងអស់​។ អញ្ចឹង​នយោបាយ​ចិន​អត់​មាន​ប្រែប្រួល​នោះទេ អញ្ចឹង​ហើយ​ទើប​គេ​វិនិយោគ​នៅ​ចិន ប៉ុន្តែ​ចិន​បាន​ចាប់ផ្ដើម​នូវ​គោល ការណ៍​៣​គឺ​៖ ១. ការវិនិយោគ​លើ​ធនធានមនុស្ស ២. កម្លាំង​ពលកម្ម និង​សក្ដានុពល​ថវិកា​។​»

សម្រាប់​ប្រទេស​កម្ពុជា​វិញ លោក​បណ្ឌិត​សភាចារ្យ​បាន​ផ្ដល់​អនុសាសន៍​ថា មិន​ខុស​គ្នា​ពី​ប្រទេស​ទាំងនោះ​ឡើយ ដែល​បញ្ហា​ស្ថិរភាព​គឺជា​ភាពចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ប្រការ​នេះ​ហើយ ដែល​រាជ បណ្ឌិត្យសភា​កម្ពុជា​ត្រូវតែ​ចេញ​មក​បកស្រាយ​អំពី​ផល​ប៉ះពាល់​ឬ​ចំណេញ ដែល​កើតចេញ​ពី​ការប្រកាស​ត្រឡប់មក វិញ​របស់​លោក សម រង្ស៊ី ពិសេស​ការប្រកាស​ម្ដង​ហើយ​ម្ដងទៀត នូវ​សារ​នយោបាយ​របស់​អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ក​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការសម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​របស់​វិនិយោគិន​បរទេស​ជាច្រើន ដើម្បី​ជា​ទុន​សម្រាប់​ឱ្យ​អ្នកវិនិយោគ​ស្វែងយល់​និង​ពិចារណា​ឱ្យបាន​ច្បាស់លាស់ និង​អស់​មន្ទិលសង្ស័យ និង​ចាប់ផ្ដើម ក៏​ដូច​ជា​បន្ត​ផ្ដល់​វិនិយោគ​ជា​ប្រក្រតី​មក​កាន់​កម្ពុជា​។​

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការបកស្រាយ​ទិដ្ឋភាព​ខាងលើ​នេះ​ដែរ លោក​បណ្ឌិត​សភាចា្យ ក៏​បាន​ស្រាយ​បំភ្លឺ​អំពី​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​យល់​ថា «​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា នឹង​ធ្វើឱ្យ​កម្ពុជា​បាត់បង់​នូវ​ស្ថិរភាព​»​។ សម្រាប់​លោក​បណ្ឌិតសភា​ចារ្យ ការព្រួយបារម្ភ​នេះ ពុំមែន​ជា​រឿង​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះឡើយ ព្រោះ​បើ​តាម​លោក​បណ្ឌិត​សភា​ចារ្យ វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២១​នេះ ខុស​គ្នា​ទៅ​នឹង​វត្តមាន​របស់​ចិន​កាល​ពី​សតវត្សរ៍​ទី​២០ ដែល​ពី​មុន​គេ​ដាក់​មនោគមវិជ្ជា​មកលើ​ប្រទេស​កម្ពុជា តែ​បច្ចុប្បន្ន​នេះ ចិន​គេ​មក​វិនិយោគ​ដោយ​ប្រើប្រាស់​ថវិកា និង​សាងសង់​អគារ​ខ្ពស់ៗ​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ដែល​ជា​ការពិត​ណាស់ គេ​មិន​អាច​លើក​ត្រឡប់​ទៅវិញ​បាន​នោះទេ ហេតុនេះ​ហើយ​គេ​ត្រូវ​តែ​នៅ​បន្ត​ការវិនិយោគ​រយៈពេល​វែង ដើម្បី​និរន្តរភាព​ដំណើរការ​អាជីវកម្ម និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​និយាយ​ដោយឡែក និង​និយាយ​ជារួម គឺ​ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ ក្នុង​ដំណើរ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​៕​ ដោយ​៖​កូឡាប​

 

spot_img
×