Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច​៖ ភាសា​នៃ​ជាតិ​សាសន៍​មួយ​មិន​ត្រឹម​តែ​ត្រូវ​អភិរក្ស​នោះ​ទេ តែ​ត្រូវការ​ការអភិវឌ្ឍ និង​មាន​ឯកភាព​ភាសា​

spot_img

​ភ្នំពេញ ​៖ ភាសា​នៃ​ជាតិ​សាសន៍​មួយ​មិន​ត្រឹម​តែ​ត្រូវ​អភិរក្ស​នោះ​ទេ តែ​ត្រូវការ​ការអភិវឌ្ឍ និង​មាន​ឯកភាព​ភាសា នេះ​ជា​អនុសាសន៍​របស់​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពី «​បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅ​សាល​នាងនួន នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ឯកភាព​នៃ​ភាសា​ខ្មែរ លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច បាន​លើក​ជា​អនុសាសន៍​សំខាន់ៗ​ចំនួន​៣​គឺ​៖

១. នៅពេល​ដែល​វិទ្យាសាស្ត្រ​កាន់តែ​រីកចម្រើន ភាសា​មិនអាច​អភិរក្ស​ទេ គឺ​ត្រូវតែ​អភិវឌ្ឍ​ដើម្បី​ទាន់​សម័យកាល​រីកចម្រើន​នៃ​វិទ្យាសាស្ត្រ​។​

២. គ្មាន​ភាសា​ណាមួយ​ដែល​គ្មាន​ការអភិវឌ្ឍ​នោះ​ទេ ដូច្នេះ​ភាសា​ខ្មែរ​ជា​ភាសាជាតិ​មួយ​ដែល​រដ្ឋធម្មនុញ្ញ​បានកំណត់ ជា​ភាសាផ្លូវការ​។ ដូច្នេះ​សូម​ឱ្យ​ក្ដីសង្ឃឹម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដាក់​នៅ​លើ​ស្មារ​របស់​អង្គ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​។ សម័យ​កន្លងមក តែងតែ​មាន​ការ​ប្រឈម​រវាង​អ្នកឯកទេស​ភាសា​ថ្មី និង​អ្នកឯកទេស​ភាសា​ចាស់ ពោល​គឺ​រវាង​លោក កេង វ៉ាន់​សាក់ និង​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ដែល​មាន​ការខ្វែងគំនិត​គ្នា​លើ​ការប្រើប្រាស់​ភាសា ហេតុដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ត្រូវបាន​បង្កើតឡើង ដែល​ក្រុមប្រឹក្សា​នេះ​ដើរ​តួនាទី​សំខាន់​ណាស់ ​។​ ​ហើយ​ជា​ការពិត​ណាស់ គ្រប់​ភាសា​ទាំងអស់​ត្រូវតែ​មាន​ភាសា​ម៉ាឃីតធីង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ ប៉ុន្តែ​គេ​ត្រូវ​ពិចារណា​ថា​តើ​វា​អាច​ប៉ះពាល់​ដល់​វប្បធម៌​និង​សង្គម​កម្ពុជា​ដែរឬទេ​? គេ​ត្រូវ​បញ្ជូន​ពាក្យ​ទាំងនោះ​មក​កាន់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​។​

៣. បើសិនជា​ជាតិ​សាសន៍​មួយ​គ្មាន​ឯកភាព​ភាសាជាតិ​នោះ​ទេ នោះ​យើង​នឹង​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​នោះឡើយ​។ យើង​ត្រូវមាន​មោទនភាព​ចំពោះ​ឯកភាព​ភាសាជាតិ​របស់​យើង ទោះបីជា​ប្រទេស​យើង​តូច​ក៏ដោយ​ក្ដី យើង​មាន​ភាសា​និង​គំនូស​របស់​យើង​។​
​ជា​ការលើក​បន្ថែម លោក​បណ្ឌិត​សភា​ចារ្យ​ប្រធាន​រាជបណ្ឌិត្យសភាក​ម្ពុ​ជា ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​ផ្ដល់​នូវ​សទ្ទានុក្រម​បរិស្ថាន​ជូន​ដល់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ធ្វើការ​សិក្សា​និង​ពិគ្រោះ​យោបល់ រហូត​ដល់​សទ្ទានុក្រម​នេះ​ចេញ​ជា​ផ្លែផ្កា​។ ជាមួយគ្នានេះដែរ លោក​បណ្ឌិត​សភាចារ្យ​ក៏​បាន​ស្នើ​សូមឱ្យ​ក្រសួង​ទាំងអស់ កុំ​ចេញ​សទ្ទានុក្រម​ដោយ​ខ្លួនឯង ដោយ​មិន​ឆ្លងកាត់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។ លោក​បណ្ឌិត​សភាចារ្យ​ក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​លោក​បណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ធ្វើសំណើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​នី​មួយៗ​ដើម្បី​បង្កើត​គណៈកម្មការ​រួម​គ្នា​មួយ បង្កើត​សទ្ទានុក្រម​តាម​វិស័យ​នី​មួយៗ និង​សូម​ឱ្យ​រដ្ឋមន្ត្រី​ទាំងអស់ ផ្ដល់​នូវ​សទ្ទានុក្រម​តាម​វិស័យ​នី​មួយៗ​ដែល​ខ្លួន​មាន​មក​កាន់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​ត្រួតពិនិត្យ​និង​អនុម័ត​ដើម្បី​ប្រើប្រាស់​ជា​ការទទួលស្គាល់​ផ្លូវកា​រ​ដើម្បី​ឈាន​ទៅដល់​គោលបំណង​ធ្វើឱ្យ​មាន​ឯកភាព​ភាសាជាតិ​។​

​ជា​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ លោក​បណ្ឌិត​សភា​ចារ្យ ប្រធាន​រាជបណ្ឌិត្យ​ស​កម្ពុជា បាន​សំណូមពរ​ឱ្យ​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នា​ថ្ងៃនេះ នៅពេល​ដែល​ពាក្យ​ត្រូវបាន​អនុម័ត​គ្រប់ ត្រូវ​ទទួល​យក​ពាក្យ​ដែល​បានអនុម័ត​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ យក​ដាក់​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​របស់​ខ្លួន ពិសេស​សម្រាប់​ការលើក​ស្លាក​ឬ​បដា សូម​សហការ​ជាមួយ​នឹង​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដើម្បី​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​និង​មាន​ឯកភាព​ភាសាជាតិ​តែមួយ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×