Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ជួប​សួរសុខទុក្ខ​ជនជាតិ​ជប៉ុន​មួយ​គ្រួសារ ដែល​ត្រូវ​អគារ​កំពស់​ ៧​ជាន់ បាក់​រលំ​បំផ្លាញ​ទ្រព្យ​គ្មាន​សល់ តែ​សំណាងល្អ​រួចផុតជីវិត​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ឧបទ្ទវហេតុ​បាក់​រលំ​អគារ ៧​ជាន់ នៅក្នុង​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៏​បាន​បណ្តាល​ឲ្យ​ហាង​តូច​មួយ របស់​ជនជាតិ​ជប៉ុន​ឈ្មោះ “​កូកៃ​” មាន​ទី​តា​នៅជាប់​អាគារ​នោះ ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​ប្រពន្ធ​កូន និង​បុគ្គលិក ស្នាក់នៅ​ក្នុង​ហាង​មួយ​គ្រួសារ​ទៀត បាន​រួចផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​។​

​តាម​របាយការណ៍ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ករណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស និង​ស្លាប់​សរុប​ចំនួន​៥៤​នាក់​។ ក្នុងនោះ ស្លាប់​ចំនួន ២៨​នាក់ (​ស្រី​០៤​នាក់​) និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២៦​នាក់ (​ស្រី​០២​នាក់​)​។​

​ហេតុការណ៍​បាក់​រលំ​អគារ​ខាងលើនេះ តាម​ការកត់សំគាល់ គឺ​មាន​ភោជនីយដ្ឋាន​មួយកន្លែង របស់​ជនជាតិ​ជប៉ុន​មួយ​គ្រួសារ ក៏​ត្រូវ​អាគារ​៧​ជាន់​នោះ បាក់​រលំ​សង្កត់​លើ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​ស្រុង​។​

​បុរស​ម្ចាស់​ហាង​ជនជាតិ​ជប៉ុន​រូបនោះ ឲ្យដឹងថា ហាង​របស់គាត់ មានរ​បង​ជាប់​ជញ្ជាំង​អាគារ​បាក់​រលំ​នោះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃកើតហេតុ​បាក់​រលំ​អគារ​៧​ជាន់​នោះ គឺ​គ្រួសារ​គាត់​ចំនួន​បី​នាក់​ប្តី​ប្រពន្ធកូន និង​បុគ្គលិក​រស់នៅ​មួយ​គ្រួសារ​ទៀត មាន​ចំនួន​បី​នាក់​ប្តី​ប្រពន្ធកូន ក៏​បាន​សំរាក​នៅក្នុង​ហាង​ជុំគ្នា​ទាំងអស់ ក្នុងអំឡុងពេលរ​លំបាក់​អាគារ​នោះ​។​

​ជនជាតិ​ជប៉ុន​រូបនេះ​បន្តថា ថ្ងៃកើតហេតុ​បាក់​រលំ​អគារ​នោះ ពួកគាត់​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ប៉ុន្តែ​គ្រាន់តែ​មាន​របួស​ស្នា​មតិ​ច​តួច ព្រោះ​ក្រោយពេល​អគារ​បាក់​សង្កត់​នោះ គឺ​នៅ​មាន​ប្រហោង​តូច​មួយ​អាច​ឲ្យ​ពួកគា​ត់វារ ឬ​លូន​ចេញ​មក​ខាងក្រៅ ដោយ​ខ្លួនឯង​បាន ដោយ​មិន​ចាំ​មាន​ក្រុមមន្ត្រី​ជួយសង្គ្រោះ​ទេ​។​

​បុរស​ជនជាតិ​ជប៉ុន​រូបនោះ​មានឈ្មោះ Tomotaka Arai មាន​ភរិយា និង​កូនប្រុស​ម្នាក់ ជា​ម្ចាស់​ភោជនីយដ្ឋាន Kukai និង​ឈ្មោះ ក្រូច សុធា មាន ភរិយា និង​កូន​ម្នាក់ ជា​បុគ្គលិក​ហាង ក៏​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ពោល​គឺ​បាន​រួចផុតជីវិត បន្ទាប់​ពី​អគារ​ដែល​មានរ​បង​ជាប់​គ្នា​បាន​បាក់​រលំ​សង្កត់​មកលើ​ភោជនីយដ្ឋាន របស់គាត់​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ក្នុង​ហេតុការណ៍​បាក់​អាគារ​នេះ គឺ​ពិតជា​មាន​ជនជាតិ​ជប៉ុន មាន​ហាង​នៅជាប់​កន្លែងកើតហេតុ មាន​សមា​ជិត​ចំនួន​៣​នាក់ បាន​រត់​ចេញ​ទាន់​ពេល មិន​មាន​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​លោក​ថា ភោជនីយដ្ឋាន ឬ​ហាង និង​សម្ភារៈ​ផ្សេងៗ របស់​គ្រួសារ​ជប៉ុន​មួយ​គ្រួសារ​នោះ ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។​

​ផ្តើម​ពី​បញ្ហា​នេះ បុរស​ជនជាតិ​ជប៉ុន ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ “​គូ​កៃ​” បានបង្ហាញ​អារម្មណ៍​ស្រងូតស្រងាត់​ថា គ្រួសារ​គាត់​បី​នាក់​ប្តី​ប្រពន្ធកូន និង​បុគ្គលិក​គ្រួសារ​ជនជាតិខ្មែរ​មួយ​គ្រួសារ រស់នៅ​ជាមួយ​មាន​សមាជិក​ចំនួន​បី​នាក់​ប្តី​ប្រពន្ធ​កូន​ទៀត ហាក់​ត្រូវបាន អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បំភ្លេចចោល ខណៈ​ហាង​លក់​អាហារ ក៏​ដូចជា​គ្រួសារ​គាត់ និង​បុគ្គលិក ក៏​ជា​ជនរងគ្រោះ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កំពស់រ​៧​ជាន់ បាក់​សង្កត់ពីលើ​ដូច​គ្នា​ជនរងគ្រោះ​ដទៃ​ទៀត​ដែរ​។ លោក​ថា ហាង របស់គាត់ ក៏​បាន​ត្រូវ​អាគារ​កំពស់​៧​ជាន់ បាន​ដួលរលំ​សង្កត់​លើ​បំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ទាំងស្រុង​។ ហើយ​ថា ពេល​កើតហេតុ​នោះ បុរស​ជនជាតិ​ជប៉ុន​ជា​ម្ចាស់​ហាង​មាន​ប្រពន្ធ​កូន និង​បុគ្គលិក​ខ្មែរ​ប្តី​ប្រពន្ធ​កូន​តូច ក៏​កំពុង​ដេក​លង់លក់​នៅ​ទីនោះ ដែរ ប៉ុន្តែ​ជា​សំណាងល្អ បាន​រួចផុតជីវិត​ពី​ហេតុការណ៍​នោះ ដោយ​លូន​ចេញពី​ទីនោះ​ទាំង​ភ័យ​តក់ស្លុត​។

​បុរស​ជនជាតិ​ជប៉ុន​រូបនោះ​បន្តថា ភោជនីយដ្ឋាន​គាត់​មានឈ្មោះ “​គូ​កៃ​” និង​មាន​ឈ្មោះ TOMO TAKA ARRI អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​YU KO អាយុ ៤៦​ឆ្នាំ និង កូន​ឈ្មោះ​YU TO អាយុ​១៤​ឆ្នាំ រួម​នឹង​បុគ្គលិក​ជនជាតិខ្មែរ​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូនតូច​ម្នាក់​ផងដែរ​(​មិន​បាន​ប្រាប់​ឈ្មោះ​) រហូតមកដល់​ពេលនេះ ពួកគាត់​មិន​ទាន់​បាត់​ការ​ភ័យ​តក់ស្លុត​នៅ ឡើយ​ទេ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដួលរលំ​អគារ​ចិន​កំពស់​៧​ជាន់ ដួលរលំ​សង្កត់​មកលើ​ហាង​លក់​អាហារ​របស់គាត់​។ ជនជាតិ​ជប៉ុន​រូបនេះ​បម្ថែមថា ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដែរ តែ​គ្មាន​អ្នក​សួរ​នាំ​គ្រួសារ​គាត់ និង​ជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​ទេ គឺ​ជួយ​តែ​អ្នករងគ្រោះ ដែល​នៅក្នុង​អាគារ​បង្កហេតុ​តែប៉ុណ្ណោះ​។ ហើយ​ថា ពេល​នេះ​គ្រួសារ​គាត់ និង​បុគ្គលិក​បាន​បាត់​មុខរបរ​ចិញ្ចឹមជីវិត​ទាំងស្រុង​។​

​លោក TOMO TAKA ARRI បាន​រៀបរាប់​ថា នៅ​ល្ថាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​នៃ​ការបិទ​បញ្ចប់​ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ​ជាប់​ក្នុង​អគារ​៧​ជាន់​ដួលរលំ​នោះ ពួកគាត់​មាន​ការ​តូចចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​មិន​បាន​សួរនាំ​ពួកគាត់ ដែល​រងគ្រោះ​ដែរ ប៉ុន្តែ​មិនឃើញ​មាន​មន្ត្រី​ណា​ម្នាក់​មក​យកឈ្មោះ​ពួកគាត់​ដែល​រងគ្រោះថ្នាក់ ដោយ​អគារ​សង្កត់ ដើម្បី​ចុះ​ក្នុង​បញ្ជី​អ្នក​រងគ្រោះ​ផង​នោះទេ​។ បុរស​ជប៉ុន​រូបនេះ​បន្ត​ត្អូញត្អែ​ថា គ្រួសារ​គាត់ ក៏​មិនមែន​ជា​អ្នកមាន​លុយ​កាក់​ធូរធា​នោះទេ ដោយ​គ្រួសារ​គាត់ គ្រាន់តែ​ជា​អ្នករកស៊ី និង​ជួល​ផ្ទះ​គេ​បើកហាង​តូច​មួយ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណោះ​។

​ត្រង់​ចំណុច​នេះ បុរស​ជនជាតិ​ជប៉ុន​រូបនោះ បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​សម្រួល​ដល់រ​រស់នៅរបស់​ពួកគាត់​ក្នុង​គ្រា​ជួប​ការលំបាក​ខ្វះខាត​នេះ​ដោយ​អនុគ្រោះ​ផង​។​

​ជនជាតិ​ជប៉ុន​រូបនោះ​បន្តថា គិត​រហូត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពុំទាន់​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការផ្តល់​សំណង​ជូន​ពួកគាត់ ដែល​ជា​ជនរងគ្រោះ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ​ខាងលើ​នេះ​នៅឡើយ​ទេ​។​

​ទោះ​យ៉ាងនេះក្តី បន្ទាប់ពី​បាន​ទទួលដំណឹង​ថា មានគ្រួសារ​ជនជាតិ​ជប៉ុន​មួយ​គ្រួសារ ក៏​បាន​រងគ្រោះ និង​គ្មាន​ជម្រក​រស់នៅ​ដោយ​អគារ​បាក់​រលំ​សង្កត់​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ចុះ​ជួប​សួរសុខទុក្ខ ជនជាតិ​ជប៉ុន​មួយ​គ្រួសារ​នោះ ដោយ​បាន​នាំយក​គ្រឿង​អាហារ​ហូបចុក និង​ថវិកា​មួយចំនួន​ទៅ​ផ្តល់​ជូន​ពួកគាត់​។ ក្នុងនោះ​មាន​អ​ង្ក ទឹកត្រី គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត ព្រម​ទាំង​ថវិកា​មួយចំនួន ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ទៅ​ផ្តល់ជូន​ដល់​គ្រួសារ​ជនជាតិ​ជប៉ុន​មួយ​គ្រួសារ​នោះ ដើម្បី​ចែករំលែក​ទុក្ខ​លំបាក​ក្នុង​គ្រា​អាសន្ន​។ ជាងនេះទៀត លោក​អភិបាលខេត្ត ក៏​បាន​ឲ្យ​មន្ត្រី​នាំយក​គ្រួសារ​ជប៉ុន​មួយ​គ្រសារ​នោះ ឲ្យមក​រស់នៅក្នុង​អគារ​ផ្ទះសំណាក់របស់​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្ត​ព្រះសីហនុ​ជា​បណ្តោះអាសន្ន​សិន ដោយ​រងចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​ទៀត​៕ ដែន សីមា​

spot_img
×