Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ ដាក់ពន្ធនាគារ PJ ករណី​យក​កាំភ្លើង AK បាញ់រះ​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់​

spot_img

​ភ្នំពេញ​៖ តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកាឃុំខ្លួន​លោក​វរសេនីយ៍ ហេង សុវណ្ណារ៉ា ដែល​បាញ់ប្រហារ​ប៉ង​សម្លាប់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ទឹកថ្លា ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៤៣៩២ “​ន​” ដ​ពស ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ របស់លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បង្គាប់​ឲ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ហេង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មាន​តួនាទី​ជា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ ទីលំនៅ​ផ្ទះ​លេខ​៤៩​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)​។​

​ជន​ត្រូវ​ចោទ ឈ្មោះ ហេង សុវណ្ណារ៉ា ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧ និង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជន​ត្រូវ​ចោទ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​កណ្តាលយប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី បាន​ប្រើប្រាស់ កាំភ្លើង AK ស្វ័យ​បត់ បាញ់​ចំនួន ១១​គ្រាប់ ប៉ុនប៉ង​សម្លាប់ ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ម៉ោង​១០៖៣០​នាទី យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​បោក​អ៊ុត​ស៊េរី​ទំនើប ផ្លូវ​បេតុង ក្រោយ​មន្ទី​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ភូមិ​ទឹកថ្លា សង្កាត់​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ ជន​ត្រូវ​ចោទ​ត្រូវគេ​ឃើញ បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ ស្តា​រ៉ិ​ច​ព័ណ៌​ស​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2AX-9509 ទៅ​ឈប់​មុខផ្ទះ​កើតហេតុ មើលទៅ​ទំនងជា​ស្រវឹង​ផង​។​

​បន្តិចក្រោយមក ជន​ត្រូវ​ចោទ ក៏បាន​ដក​កាំភ្លើង ម៉ាក AK ស្វ័យ​បត់ បាញ់រះ​សំដៅ​ផ្ទះ​របស់​ជនរងគ្រោះ​ចំនួន ១១​គ្រាប់ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បាន​ព្យ​យាម​បើករថយន្ត​រត់គេច​ចេញ​ពី​កន្លែងកើតហេតុ តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​តាម​ចាប់ខ្លួនបាន និង​ដកហូត​វត្ថុតាង​បាន​ភ្លាមៗ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×