Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្ត​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នៃ​ការចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​

spot_img

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ការិយាល័យ​ទីភ្នាក់ងារ JICA នៅ​កម្ពុជា បូក​សរុប​បញ្ចប់​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ផែនការ​សកម្មភាព​បន្ទាប់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​យានយន្ត ដើម្បី​សុវត្ថិភាព​ចរាច​រណ៍ និង​ការការពារ​បរិស្ថាន និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ទ្រទ្រង់​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៩ លោក​តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៦ (6th JCC Meeting) ស្តីពី​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក Sugano Yuuichi ប្រធាន​តំណាង​ការិយាល័យ​ទីភ្នាក់ងារ JICA នៅ​កម្ពុជា ថ្នាក់ដឹកនាំ​របស់​ក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​ជប៉ុន ទីប្រឹក្សា​គម្រោង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​អង្គភាព​ពាក់ព័ន្ធ​មកពី​អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាយកដ្ឋាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នៃ​ការចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ MVRI ដំណាក់កាល​ទី​មួយ ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស​របស់ JICA ដែល​បាន​អន​វុត្ត​ចាប់តាំងពី​ឆ្នាំ​ពី​២០១៦ មកទល់​បច្ចុប្បន្ន​នេះ​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ពី​សារសំខាន់​នៃ​សុវត្ថិភាព​ចរាចរណ៍ និង​ការធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ជា​កត្តា​ប្រឈម​សំខាន់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ព្រម​ទាំង​ការធានា​ឲ្យបាន​នូវ​ការការពារ​បរិស្ថាន ខណៈ​ដែល​ចំនួន​រថយន្ត​មាន​ការកើនឡើង​បង្ក​ជា​ការកកស្ទះ​ចរាច​រណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ បញ្ហា​ទាំងនេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ធ្វើ​ការយកចិត្ត​ទុកដាក់ ដើម្បី​ដោះស្រាយ​ហើយ ក្នុងនោះ​គម្រោង​ខាង​លើ​របស់​ទីភ្នាក់ងារ JICA កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ផង​ដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែង​ការកោតសរសើរ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូល​រួមចំណែក​អនុវត្ត​គម្រោង​នេះ​ទទួលបាន​លទ្ធផល​ជា​ទី​គាប់​ប្រសើរ​ស្ទើរ​ប្រហាក់ប្រហែល​នឹង​ផែនការ​ដែល​បាន​កំណត់​នៅ​ដើម​គ្រានៃ​គម្រោង សម្រាប់​ការចុះបញ្ជី​យានយន្ត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិកា​របា​ន​លើកឡើងថា បើទោះបី​ទទួលបាន​លទ្ធផល​ជា​ទី​គាប់​ប្រសើរ​យ៉ាងនេះក្តី ក៏​នៅ​មាន​ចំណុច​ខ្វះខាត ដែល​ជា​តម្រូវការ​ចំពោះមុខ​ត្រូវ​ដោះស្រាយ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។ លោក​បាន​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ JICA បន្ត​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត បន្ត​គាំទ្រ​គម្រោង​បន្ទាប់​ចំនួន​ពីរ​គឺ​៖ គម្រោង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​យានយន្ត ដើម្បី​សុវត្ថិភាព​ចរាច​រណ៍ និង​ការការពារ​បរិស្ថាន (IVRE) និង​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ទ្រទ្រង់​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា (MITA)៕​ ដោយ​៖​កូឡាប​

 

spot_img
×