Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្តេជ្ញា​ជំរុញ​វិស័យ​កីឡា​ប្រណាំង​កង់ ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ត្រៀម​ប្រកួត​កីឡា SEA GAMES ឆ្នាំ​២០២៣

spot_img

(​ភ្នំពេញ​)៖ នា​ឱកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្នុង​អាណត្តិ ឆ្នាំ​២០១៨-២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ និង​លោក​គ្រូបង្វឹក​ទាំងអស់ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ ឱ្យ​កាន់តែ​រីកចម្រើន សំដៅ​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជម្នះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ការប្តេជ្ញាចិត្ត​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​រៀបចំឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​ការអញ្ជើញ​ជា​គណៈ​អធិបតីភាព​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល គ្រូបង្វឹក និង​កីឡាករ​-​កីឡា​ការ​នី ប្រមាណ​ជាង ១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ចាស់ និង​ការលះបង់​របស់​លោកគ្រូ​បង្វឹក​ខ្មែរ និង​បរទេស ក៏ដូចជា​កីឡាករ​-​កីឡាការិនី​ទាំងអស់ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​កង់​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ជូន​ជាតិ នា​ពេលកន្លងមក មានដូចជា​មេដាយមាស ១, មេដាយប្រាក់ ១ និង​ពានរង្វាន់​កិត្តិយស​ជាច្រើន​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​តម្រូវការ​ចាំបាច់​សម្រាប់​វិស័យ​កីឡា​ប្រណាំង​កង់ និង​បាន​ស្នើសុំ​ទស្សនៈ និង​ការចូលរួម​គាំទ្រ​បន្តទៀត ពី​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ មន្ត្រី​សហព័ន្ធ និង​គ្រូបង្វឹក​ទាំងអស់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​កីឡា​មួយ​នេះ សំដៅ​កសាង និង​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​-​កីឡា​ការ​នី​កម្ពុជា ឆ្ពោះទៅ​រក​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

«​វិស័យ​កីឡា​ប្រណាំង​កង់​បច្ចុប្បន្ន គឺ​ត្រូវ​ការកម្រិត​អាជីព និង​ជំនាញ​ខ្ពស់​ណាស់ គឺ​មិន​ត្រឹមតែ​កីឡាករ កីឡា​ការិនី មាន​សមត្ថភាព​ខ្ពស់​ទេ សូម្បី​កង់​ប្រណាំង ក៏​ត្រូវតែ​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ ទើប​អាច​ដណ្តើម​យក​ជ័យជម្នះ​នៅក្នុង​ការប្រកួត​បាន​។ កាលណា​កង់​កាន់តែ​ទំនើប និង​កាន់តែ​ងាយស្រួល តម្លៃ​របស់​វា​ក៏​កាន់តែ​ថ្លៃ​ផងដែរ​» លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ក្នុង​ខណៈ​ដែល​សមាជិក​ប្រតិបត្តិ​មួយចំនួន ដកខ្លួន​ចេញ​រួមផ្សំ​ជាមួយ​នឹង​លោក​នុត សាអាន ដែល​ជា​ប្រធាន​សហព័ន្ធ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​នោះ លោក​ក៏​បាន​ប្រកាស​ដក​ខ្លួន​ចេញ ដើម្បី​ឲ្យ​សហព័ន្ធ​ដែល​មាន​សក្ដានុពល​មួយ​នេះ ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ពាក់កណ្ដាល​អាណត្តិ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី ។ មហាសន្និបាត​ដែល​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​២៧​មិថុនា​នោះ លោក​ប៉ាន សូរ​ស័ក្តិ ដែល​ជា​ប្រធាន​សហព័ន្ធ​ថ្មី ។ អាណត្តិ​ដែល​មិនទាន់​ចប់​នេះ មាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៥​រូប តែ​បន្ទាប់​ពី​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ទៅ សមាជិក​ប្រតិបត្តិ​បន្សល់​ទុក​ត្រឹមតែ​១៣​រូប​ប៉ុណ្ណោះ​។ តាម​ការ​នោះ​ថា ប្រកាស​ឲ្យដឹង​ពី​លោក​វ៉ាត់​ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នោះ​ថា លោក​ប៉ាន សូរ​ស័ក្តិ ជា​ប្រធាន​សហព័ន្ធ រួម​ជាមួយ​អនុប្រធាន​សហព័ន្ធ​ចំនួន​៣​រូប គឺ​លោក​កឹម សុខុន ជា​អនុប្រធាន​ទី​១ លោក​ឧកញ៉ា​វង្ស ខាន់​ពៅ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ ជា​អនុប្រធាន​ទី​២ និង​លោក​ស៊ា​ង ថៃ ជា​អនុប្រធាន​ទី​៣ ។ លោក​នូ ចំរើន ជា​អគ្គលេខាធិការ លោក​ព្យែរ អ៊ីវ​កា​ទ្រី និង​លោក​សុខ ដារិ​ទ្ធិជា​អគ្គលេខាធិកា​ររ​ង ។​លោក ឡាយ សុខ​សៅ​គន្ធា​ជា​អគ្គហិរញ្ញិក ។ ក្រៅពីនោះ មាន​សមាជិក​ប្រតិបត្តិ​ធម្មតា​ចំនួន​៥​រូប​ទៀត គឺ​ឡុង កែវ​វិចិត្រ​លោក អ៊ូច សារិន កញ្ញា​ឱ ច័ន្ទ​ន៍ កញ្ញា​ជ័យ ច័ន្ទ​រស្មី និង កញ្ញា​ង៉ែត ធាន​សិរី​វ​ល័ក្ខ ។​

សូមបញ្ជាក់​ថា លោក​ប៉ាន សូរ​ស័ក្តិ ក៏​បាន​ប្រកាស​តែងតាំង លោក​នុត សាអាន ដែល​សុំ​ដកខ្លួន​ចេញ​នោះ ជា​ប្រធាន​កិត្តិយស​ទៀតផង​។​

លោក​ថោង ខុន បាន​មានប្រសាសន៍ថា ជា​សហព័ន្ធ​មួយ គឺ​ត្រូវ​រៀបចំ​គ្រូបង្វឹក មន្ត្រី​ប​ច្ចក​ទេស អាជ្ញាកណ្ដាល មន្ត្រី​រដ្ឋបាល​ឲ្យបាន​ត្រឹមត្រូ​វ ។​ការប្រណាំង​កង់​មាន​៤​វិញ្ញាសា គឺ​ប្រណាំង​តាម​ដងផ្លូវ ប្រណាំង​តាម​ភ្នំ ប្រណាំង​ក្នុង សាល និង​ការសំដែង​កង់​ចម្រុះ ។ កម្ពុជា​លេង​តែ​វិញ្ញាសា​ប្រណាំង​តាមផ្លូវ និង​ប្រណាំង​តាម​ភ្នំ​តែប៉ុណ្ណោះ ហេតុនេះ ត្រូវតែ​លើកទឹកចិត្ត ដល់​កីឡាករ​-​កីឡា​ការិនី ដែល​លេង​វិញ្ញាសា​នេះ ។​

​គួរ​រម្លឹក ដែរ​ថា តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ «​ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​កម្ពុជា ជួប​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព​គ្រប់​វិស័យ ព្រមទាំង​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ល្អប្រសើរ ទាំង​ទិដ្ឋភាព​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ដែល​បង្កើតបាន​ជា​កាលានុវត្តភាព​ថ្មីៗ សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​អនុវត្តន៍​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ ការពង្រីក​មូលដ្ឋាន​កំណើន និង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×