Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ៖ រឿង​ហាង​ជនជាតិ​ជប៉ុន ដែល​រង​ការខូចខាត​ដោយ​អគារ​បាក់​សង្កត់​លើជនរងគ្រោះ ​ត្រូវ​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ ទាមទារ​សំណង​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​មក​ឆ្លើយ​តប​ទៅនឹង​ចម្ងល់​របស់​មហាជន និង​លើកឡើង​ជា​បន្ដបន្ទាប់ តាម​បណ្ដាញ​ហ្វេ​សប៊ុក ករណី​ជនជាតិ​ជប៉ុន​មួយ​គ្រួសារ ដែល​ហាង​របស់​ពួកគេ បាន​រង​ការខូចខាត ដោយ​អគារ​បាក់​សង្កត់​លើ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បណ្ដាលឲ្យ​ខូច​ខ្ទេចខ្ទី​គ្មាន​សល់ ហើយ​មកដល់ពេលនេះ នៅ​ពុំទាន់​បាន​ប្រាក់​សំណង​ផ្លូវការ នៅឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​យានដ្ឋាន​អា​រុណ​រះ នៅជាប់​អគារ​បាក់​រលំ​នោះ ក៏​ត្រូវ​ដាក់ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​ទាមទារ​សំណង ពី​ការខូចខាត​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ នៅលើ​ផេក​ហ្វេស​ប៊ុក​ធ្វើការ​នៅ​ថ្ងៃទី ២៨ ខែ​មិថុនា​នេះ​ថា “​បងប្អូន​មួយចំនួន​នៅ​លើក​ឡើង​ច្រំ​ដែល អំពី​ជនជាតិ​ជប៉ុន​ដែល​ហាង​គាត់​ត្រូវ​បំផ្លាញ ដោយ​អគារ​រលំ​សង្កត់​លើ​។ ខ្ញុំ​ឆ្លើយតប​ច្រើន​ហើយ​។ ខ្ញុំ​គួរតែ​បញ្ជាក់​ជា​ថ្មី​ថា ប្រសិនបើ​គាត់​ស្លាប់ ឬ​របួស​គាត់​នឹង​ទទួលបាន​ជំនួយ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ តែ​នេះ​ជា​ការខូចខាត​ទ្រព្យសម្បត្តិ គឺ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ដែល​គាត់​ត្រូវដាក់ពាក្យ​ប្តឹង​ដើម្បី​ទាមទា​សំណង​។ សម្រាប់​ការដោះស្រាយ កន្លែង​ស្នាក់នៅ ឯ​.​ឧ យន្ត មីន បានឲ្យ​ស្នាក់នៅ​ស្នាក់ការ​កាកបាទក្រហ​ម និង​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​រួច​ហើយ​ដែរ​។​

​មិន​គ្រាន់​ហាង​ជប៉ុន​នោះទេ សូម្បី​តែ​បងប្អូន​ខ្មែរ​យើង​ដែល​ស្លាប់ និង​របួស ដែល​បាន​ជំនួយ​ឧបត្ថម្ភ​រួចហើយ ក៏​នៅ​ប្តឹង​ដើម្បី​ទាមទារ​សំណង​ផងដែរ​។ ហាង​លាង​ឡាន​អា​រុណ​រះ ដែល​រង​ការខូចខាត​ក៏​ត្រូវ​ប្តឹង​ទាមទារ​សំណង​ដូចគ្នា​”​។​

​កាលពី​ថ្ងៃ​ទី ២៧ ខែមិថុនា គ្រួសារ​ជនជាតិ​ជប៉ុន និង​ជា​ម្ចាស់​ហាង​ឈ្មោះ គូ​កៃ ដែល​រងគ្រោះ​ដោយសារ​អគារ​បាក់​សង្កត់​លើ​នេះ ត្រូវបាន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ដ មីន ចុះ​ទៅ​សួរ​សុខ ទុក្ខ​ផ្ទាល់ និង​យក​ថវិកា​រួម​ទាំង​អំណោយ​មួយចំនួន ជូន​ពួកគេ​សម្រាប់​ដោះស្រាយ​ជា​បណ្ដោះអាសន្ន លើ​ជា​ជីវភាព​ប្រចាំថ្ងៃ បន្ទាប់​ពី​រួចផុត​ពី​គ្រោះថ្នាក់​នៅ ពេល​អគារ​បាក់​សង្កត់​លើ​ហាង​របស់ខ្លួន​។​

​ជនជាតិ​ជប៉ុន​ម្នាក់​បើក​ភោជនីយដ្ឋាន​​ឈ្មោះ “​គូ​កៃ​” នៅក្បែរ អគារ​ចិន​កម្ពស់​៧​ជាន់ ដែល​ដួលរលំ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ ៧​ មករា ស្ថិតក្នុង​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រាត្រី​ទៀបភ្លឺ​ថ្ងៃ​ទី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ ក៏​ត្រូវ​បាន​អគារ​ ៧​ជាន់​នោះ ដួលរលំ​សង្កត់​លើ​ខូចខាត​ទាំងស្រុង ហើយ​ខណៈនោះ ជនជាតិ​ជប៉ុន​ម្ចាស់​ហាង​មាន​ប្រពន្ធ​កូន​តូច និង​បុគ្គលិក​ខ្មែរ​ប្តី​ប្រពន្ធ និង​កូន​តូច​កំពុង​ដេក​លង់លក់​នៅ​ទីនោះ ហើយ​សំណាង​ណាស់ បាន​រួចផុតជីវិត​ពី​ឧប្បត្តិហេតុ​នោះ ដោយ​រលូន​ចេញពី​ទីនោះ​ទាំង​ភ័យ​តក់ស្លុត​។ ប៉ុន្តែ​សម្ភារៈ​ទ្រព្យសម្បត្តិ​មួយចំនួន​ខូចខាត​ទាំងស្រុង​។​

​ជនជាតិ​ជប៉ុន​ម្ចាស់​ភោជនីយដ្ឋាន ឈ្មោះ “​គូ​កៃ​” នៅក្បែរ អគារ​ចិន​កម្ពស់​៧​ជាន់ ដែល​ដួល​រំ​នោះ​មានឈ្មោះ ​TOMO TAKA ARRI អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ YU KO អាយុ ៤៦​ឆ្នាំ និង កូន​ឈ្មោះ​YU TO អាយុ​១៤​ឆ្នាំ រួម​នឹង​បុគ្គលិក​ជនជាតិខ្មែរ​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​តូច​ផងដែរ​(​មិន​បាន​ប្រាប់​ឈ្មោះ​) ពួកគាត់​មិន​ទាន់​បាត់​ភាព​ភ័យ​តក់ស្លុត​នៅ ឡើយ​ទេ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដួលរលំ​អគារ​ចិន​៧​ជាន់​មកលើ ហាង​លក់​អាហារ​របស់គាត់​។ ជនជាតិ​ជប៉ុន​រូបនោះ​លើកឡើងថា ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដែរ តែ​គ្មាន​អ្នក​សួរ​នាំ​គ្រួសារ​គាត់ និង​ជួយ​គាត់​ទេ គឺ​ជួយ​តែ​អ្នករងគ្រោះ​ក្នុង​អគារ​បង្ក​តែប៉ុណ្ណោះ​។ មកទល់​ពេល​នេះ​គ្រួសារ​គាត់ និង​បុគ្គលិក​បាន​បាត់​មុខរបរ​ទាំងស្រុង។​

​លោក TOMO TAKA ARRI បាន​ត្អូញត្អែ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ ២០១៩ ជា​ថ្ងៃ​នៃ​ការបិទ​បញ្ចប់​ការសង្គ្រោះ​មនុស្ស​ក្នុង​អគារ​៧​ជាន់​ដួលរលំ​នោះ ពួកគាត់​មាន​ការ​តូចចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពួកគាត់​មាន​បញ្ហា អត់​ឃើញ​អ្នក​មក​យក​ឈ្មោះ​ពួកគាត់ ដែល​រួចផុតជីវិត​ពី​គ្រោះថ្នាក់ ដោយ​អគារ​សង្កត់ ហើយ​មិន​មាន​សមត្ថកិច្ច​ណា មក​សួរ​នាំ​យក​ឈ្មោះ​ពួកគាត់ ទៅ​ចុះ​ក្នុង​បញ្ជី​អ្នក​រងគ្រោះ​ផង​ដែរ​។ ហើយ​ពួកគាត់​បាន​បន្ត​ត្អូញត្អែ​ថា គាត់​មិន​មែន​ជា​អ្នកមាន​លុយ​កាក់ ធូរធារ​នោះទេ គាត់​ជា​អ្នករកស៊ី និង​ជួល​ផ្ទះ​គេ​បើកហាង​តែប៉ុណ្ណោះ​។ ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​ធ្វើយ៉ាងណា ជួយ​សម្រួល​ដល់​ពួកគាត់ ក្នុង​គ្រា​លំបាក​ខ្វះខាត​នេះ​។ ហើយ​មកទល់ពេលនេះ ក៏​ពុំ​ទាន់​មាន​ព័ត៌មាន​ទាក់ទង ទៅ​នឹង​សំណង មកកាន់​ពួកគាត់​ជា​ជនរងគ្រោះ​ដែរ​៕​ ដោយ​៖​កូឡាប​

  

spot_img
×