Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ជិត​ផុត​អាណត្តិ ផ្ញើ​សារ​ថ្លែងអំណរគុណ​មន្ត្រីរាជការ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្នើឲ្យ​អនុវត្ត​ការងារ​ដោយ​យក​ច្បាប់​ជា​គោល

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជកា​រ​បំរើ​ការងារ​នៅតាម​មន្ទីរ​អង្គភាព​ទាំងអស់ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ជំរុញ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ជំរុញ​ឲ្យ ជីវភាព​ប្រជាជន​មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​បានធូ​ធារ និង​រីកចំរើន​សម្បូរ​សប្បាយ​។​

​ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងឡាយ ត្រូវ​ខិតខំ​បំរើ​ប្រជាជន​ដោយ​ស្មោះត្រង់ និង​ត្រូវ​យក​ច្បាប់​ជា​គោល ជំរុញ​ឲ្យ​ស្រុកទេ​សមាន​ការអភិវឌ្ឍ មាន​សុខសន្តិភាព និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខក្សេមក្សាន្ត​គ្រប់ៗ​គ្នា​។​

​បណ្តាំ​ផ្តាំផ្ញើ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បែបនេះ បាន​ធ្វើឡើង​នា​ឱកាស លោក​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ សម្រាប់​ខែ​កក្កដា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ មុនពេល​ដែល រូបលោក នឹង​ត្រូវ​ផ្ទេរ​ភារៈកិច្ច​ពី​អភិបាលខេត្ត​ព្រះសីហនុ ទៅ​ទទួល​តំណែង​ថ្មី​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ហើយ​ថា ការផ្លាស់ប្តូរ​តំណែង ឬ​តួនាទី​ថ្មី​នេះ គឺ​បាន​កើតមាន​បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​រំលំ​អគារ​កំពស់​៧​ជាន់ កំពុង​សាងសង់​អត់​ច្បាប់​មួយកន្លែង នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បណ្តាល​ឲ្យ មាន​មនុស្ស​ស្លាប់ និង របួស​រហូត​សរុប​ចំនួន ៥៤​នាក់ កាលពី​វេលា​ម៉ោង​ជិត ៥​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​ឧបទ្ទវហេតុ​ខាងលើនេះ ជម្រុញ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្រេចចិត្ត​សុំ​លាលែង​ចេញពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ហើយ​លោក​បាន​បង្ហាញ​ការសោកស្តាយ​ជា​ខ្លាំង ចំពោះ​ហេតុការណ៍ ដ៏​សោកសង្រេង ដែល​បាន​កើតមាន​ក្នុង​អាណត្តិ នៃ​ការគ្រប់គ្រង​ដឹកនាំ របស់លោក ដែល​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​បំពេញការងារ​មិនបាន​ល្អ បណ្តាល​ឲ្យ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កើត​មាន​រឿង​អកុសល​ធ្ងន់ធ្ងរ​ឈាន​ដល់​ស្លាប់ និង​រងរបួស​មនុស្ស​រាប់សិប​នាក់​បែបនេះ​។​

​ត្រង់​ចំណុច​នេះ លោក យន្ត មីន ដែល​ជិត​ផុត​អាណត្តិ​ជា​អភិបាលខេត្ត​ព្រះសីហនុ ត្រឹម​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​ចុង​សប្តាហ៍​នេះ បានបង្ហាញ​ទឹកមុខ​ស្រងោតស្រងាត់ និង​បង្ហាញ​អារម្មណ៍​សោកស្តាយ នៅ​ចំពោះមុខ​មន្ត្រី​រាជការ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែ​មិថុនា របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចំពោះ​សោកនាដកម្ម​នៃ​ការបាក់​រំលំ​អគារ​បណ្តា​ល​ឲ្យមាន​ប្រជាពលរដ្ឋ​ស្លូតត្រង់​ចំនួន ២៨​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២៨​នាក់​ថ្មីៗ​នេះ​។​

​លោក យន្ត មីន បានឲ្យ​ដឹង​ដូច្នេះ រួច​យល់ថា ហេតុការណ៍​បាក់​រំលំ​អគារ​ខាង​នេះ ទំនងជា​អាច​នាំឲ្យ​មាន​ផលប៉ះពាល់​ខ្លះ​ដែរ ចំពោះ​ដំណើរការ​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ អាច​មាន​ការព្រួយបារម្ភ​ខ្លះ​ក្នុង​រយៈពេល​មួយ​។​

​យ៉ាងនេះ​ក្តី​លោក​រំពឹង​ថា អ្វីៗ​នឹង​ប្រសើរ​ឡើង​វិញ​នៅពេល​ខាងមុខ ហើយ​ខេត្ត​ព្រះសីហនុ នឹង​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ជិត​ផុត​អាណត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​នៅតាម​មន្ទីរ​អង្គភាព​នានា នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញ​ការងារ ព្រមទាំង​បាន​គាំទ្រ​ការដឹកនាំ របស់​លោក​រយៈពេល​ជិត ៤​ឆ្នាំ​កន្លងមកនេះ បាន​ធ្វើ​ជម្រុញ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ការអភិវឌ្ឍ ជីវភាព​ប្រជាជន បានធូ​ធារដូច​សព្វថ្ងៃនេះ​។ បន្ថែម​លើ​នេះ លោក​បាន​ផ្តាំផ្ញើ​មន្ត្រី​ទាំងឡាយ​ត្រូវ​ខិតខំ​បំរើ​ប្រជាជន​ដោយ​ស្មោះត្រង់ និង​យក​ច្បាប់​ជា​គោល​។​

​លោក​ថា នៅ​មុន​ពេល​រូបលោក ត្រូវ​ផ្ទេរ​ចេញ​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ រូបលោក​បាន​ផ្តាំផ្ញើ​ជា​ចុងក្រោយ​ដល់​មន្ត្រីរាជការ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​លើ ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​ ៖

១- បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ចរាច​រណ៍ ២- បរិស្ថាន​(​ការគ្រប់គ្រង​សំណល់​រឹង /​រាវ​) ៣- ពិនិត្យ​ភាពស្របច្បាប់ របស់​ជនបរទេស​ម​ក​រកស៊ី​នៅ​ក្រុងព្រះសីហនុ ដើម្បី​កុំអោយ​ប្រជាជន​ថ្នើងថ្នាក់ ៤- ការគ្រប់គ្រង​សំណង់ លោក​ស្នើ​អោយ​ធ្វើ​អោយបាន​ម៉ឺងម៉ាត់​ស្របតាម​ច្បាប់ កន្លង​មក​មន្ត្រី​ហាក់​មាន​ការធ្វេសប្រហែស​ណាស់ ៥- បញ្ហា​ភាព​អ​នា​ធិប​ត្តេ​យ្យ​ដីធ្លី ត្រូវតែ​ទប់ស្កាត់​ដោះស្រាយ​អោយបាន​។ កើតមាន​ក្នុង ដែនដី​ស្រុក​ណា​ស្រុក​នោះ​ទទួលខុសត្រូវ ៦- ស្នើ​រដ្ឋបាល​ក្រុង លៃលក​រៀបចំ street food (​កន្លែង​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​អោយ​ពលរដ្ឋ​លក់ដូរ​ពេលយប់​) ៧- ការងារ​គ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើ​អោយបាន​ម៉ឺងម៉ាត់​ទប់ស្កាត់​ការរំលោភ​អោយបាន ៨- បន្ត​ចុះ​ពិនិត្យ​ការធ្វើ​អាង​ប្រព្រឹត្តិកម្ម​តាម​ទីតាំង​សំណង់​ទាំងអស់​ឡើងវិញ ៩- ពង្រឹង​សេវាសាធារណៈ​ជូន​ពលរដ្ឋ​អោយបាន​ល្អ លឿន មាន​គុណភាព តម្លាភាព និង​គណនីភាព ដើម្បី​អោយ​ប្រជាជន​ទុកចិត្តបាន ១០- យកចិត្តទុកដាក់​ក្នុង​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាជន ១១- ពង្រឹង​ឯកសារ​រដ្ឋបាល​អោយបាន​ត្រឹមត្រូវ​ច្បាស់លាស់ ១២- ការអនុវត្ត​ការងារ​ត្រូវ​យក​ច្បាប់​ជា​គោល​។​

​គួររំលឹកថា នៅ​ថ្ងៃ​រាត្រី​ទាបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ អាគារ​គ្រោង​ដែក​កំពស់​៧​ជាន់ របស់​ជនជាតិ​ចិន មាន​ទីតាំង​នៅក្នុង​ភូមិ​៣ សង្កាត់​លេខ ៤​ក្រុងព្រះសីហនុ បាន​បាក់​រំលំ បាន​បណ្តាលឲ្យ​កម្មករ​ខ្មែរ​ចំនួន​២៦​នាក់​របួស និង​២៨​នាក់​ទៀត បាន​ស្លាប់​ក្នុង​គំនរ​បំណែក នៃ​អគារ​បាក់បែក​។​

​ហេតុការណ៍​បាក់​រលំ​អគារ​សង់​អត់​ច្បាប់​កំពស់ ៧​ជា​ន់ ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់​ពន្ធ័​មួយ​ចំនួន​បញ្ជូន​ទៅ​នាក់​តុលាការ​ផ្តន្ទាទោស និង​មនុស្ស​មួយចំនួនទៀត កំពុង​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​ចំពោះ​មូលហេតុ នៃ​ការ​បាក់​រលំ​កំពុង​ត្រូវបាន​ស៊ើប​អង្គេត​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​ការងារ​ជំនាញ​ថ្នាក់ជាតិ​៕ ដែន សីមា​

spot_img
×