Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ស៊ី​យូ ស៊ើបអង្កេត​ឃើញថា​ អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី ​លោក គឹម រស្មី ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ អួត​សម្ញែង​ទ្រព្យសម្បត្តិ ព្រោះ​នៅក្នុង​កុង​ធនាគារ មិនមាន​លុយ​ដល់ ៥០ ម៉ឺន​ដុល្លារ​នោះទេ​

spot_img

​ប្រធាន​ ACU លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​លើកយក​ករណី​ការស៊ើបអង្កេត​លើ​អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី​លោក គឹម រស្មី ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខណ្ឌ ព្រោះ​អួត​សម្ញែង​ទ្រព្យសម្បត្តិ​ចែក​សែក ៥​សន្លឹក ស្មើនឹង ៥០​ម៉ឺន​ដុល្លារ​ដល់​កូនៗ​ចំនួន ៥​នាក់ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​។

​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី 28 ខែមិថុនា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាងថា ចំពោះ​ករណី​លោក គឹម រ​ស្ម ACU បាន​បង្កើត​ក្រុមការងារ​ស៊ើប​អ​ង្គេ​ត​ចំនួន ៦​ក្រុម និង​បាន​ស៊ើបអង្កេត​លើ​ប្រពន្ធ និង​កូន​របស់លោក គឹម រស្មី ផងដែរ តែ​មិន​រកឃើញ​បទល្មើស​អ្វី​ឡើយ ក្រៅពី​ការ​អួត​សម្ញែង​ទ្រព្យសម្បត្តិ តែ ACU នៅ​បន្ត​ស៊ើបអង្កេត​បទល្មើស​មួយទៀត លើ​លោក គឹម រស្មី គឺ​បទល្មើស​ព្រៃឈើ ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេ​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ​ហួរ ជា​វៃ​ ។ ដែល​ឈ្មួញ​ឈើ​រូបនេះ អ្នកកាសែត​ក៏ដូចជា​ស្ថាប័ន​មួយចំនួន បាន​ស្គាល់​យ៉ាងច្បាស់ ព្រោះ​ជន​រូបនេះ បាន​ប៉ាវ​និង​បង់លុយ​ឲ្យ​ស្ថាប័ន​ទាំងអស់នោះ ជា​ថ្នូរ​មិន​ចុះផ្សាយ​រឿង​របស់គេ​។​

​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា លោក គឹម រស្មី ធ្លាប់ជា​មនុស្ស​ក្រខ្សត់ និង​មានត្រកូល​ជា​អ្នកធ្វើ​កៅស៊ូ ហើយក៏​បាន​ជួប​ប្រពន្ធក្រោយ​ដែលមាន​ជីវភាព​ធូរធា តើ​ជា​ប្អូន​របស់​ប្រពន្ធ​លោក​គន់ គីម​ ។ ប្រពន្ធក្រោយ​របស់លោក​ គឹម​ រស្មី​ មិនសូវ​ចេះអក្សរ​ទេ​។ ប៉ុន្តែ​ពូកែ​រកស៊ី​ណាស់ ជាពិសេស​មានផ្ទះ​មួយ​នៅ​ខាងក្រោយ​វត្ត​លង្កា​ដែល​ដាក់លក់​ក្នុងតម្លៃ​ជាង 10​ លាន​ដុល្លារ​ ហើយ​ផ្ទះ​នោះ​កាលដើមឡើយ​គាត់​ទិញ​តម្លៃ​តែមួយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​សែក​ដែល​លោក គឹម រស្មី ចែក​ឲ្យ​កូនៗ​នោះ​មាន​លុយ​មិន​គ្រប់​នោះឡើយ ហើយ​មានកូន​ខ្លះ​បាន​ហែកសែក​នោះ​ចោល​ព្រោះថា​ សែក​នោះ​ចង្រៃ​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​អស់បុណ្យ​សក្តិ​។​

​លោក ឱម យ៉ិនទៀង បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា សែក​ ដែល​លោក គឹម រស្មី ចែក​ឲ្យ​លុយ ១០​ម៉ឺន​ដុល្លារ ៥​សន្លឹក​ឲ្យ​កូន​៥​នាក់​នោះ អត់​បាន​ទៅ​បើក​ទេ ហើយ​សែក​ ២​សន្លឹក ដូចជា​ហែក​ចោល​ទៀតផង​។ សែក​ទាំង​ប៉ុន្មាន​យើងខ្ញុំ​បាន​រឹបអូស យកមក​ធ្វើជា​ភស្តុតាង​។ កូន​ដែល​ហែក​សែក​ចោល និយាយថា សែក​នោះ​ចង្រៃ​អត់លុយ​ហើយ ឪ​របស់ខ្លួន​អស់បុណ្យ​ទៀត​។ យើង​បាន​ហៅ​គាត់​មក​សួរចម្លើយ មើល​ទ្រព្យសម្បត្តិ​របស់គាត់ ទាំង​ផ្ទះ ទាំង​ឡាន និង​លុយ​ដាក់​នៅ​ធនាគារ​ទាំងអស់​។ ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​មាន​ចំណុច​ពិសេស គឺ​យើង​ស៊ើបអង្កេត​ទៅដល់​ប្រពន្ធ​ថែមទៀត នឹងឈានទៅដល់​ស៊ើបអង្កេត​ដល់​កូន​ទៀត ឲ្យ​តែ​រឿង​កើត​ហើយ​ហៅ​ប្រពន្ធ​កូន​មក​ផ្ទះប្រកាស​ទ្រព្យសម្បត្តិ​ទៀត ហៅ​ផ្ទៀងផ្ទាត់​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ទាំងអស់ ហេតុផល​សំខាន់​មួយទៀត​គឺ​ប្រពន្ធ​គាត់​មានផ្ទះ​មួយ​នៅ​ខាងក្រោយ​វត្ត​លង្កា​តម្លៃ​ជាង 10​លាន​ដុល្លារ កាល​គាត់​ទិញ​តម្លៃ​តែ​ជាង 1 លាន​ដុល្លារ​ទេ កាលពី 10 ឆ្នាំមុន ​ដែលជា​ទ្រព្យ​របស់​ប្រពន្ធ​ ។ ប្រពន្ធ​គាត់​ជា​អ្នកមាន​ដែលមាន​ប្ដី​មុន​នៅ​ខេត្តកំពង់ចាម​ហើយ​បាន​ស្លាប់​ចែក​ឋាន​ទៅ និង​មានកូន​បីនាក់ ហើយ​ក្រោយមក​ក៏​បានមក​ចាប់ដៃ​រួមរស់​ជាមួយ​លោក ​គឹម ​រស្មី ហើយ​មានកូន​ពីរ​នាក់​តូចៗ ។ លោក​គឹម ​រស្មី​ ក៏​ធ្លាប់មាន​ប្រពន្ធ​កូន​រួចមកហើយ​ដែរ គឺមាន​កូន​អ្នក​ជាមួយ​ប្រពន្ធ​មុន​ប៉ុន្តែ​ក្រោយមក​បាន​បែក​គ្នា​ប្រពន្ធ​និង​កូន​នោះ​ក៏បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ លោក ​គឹម​ រស្មី​ ជា​ពូជ​អ្នករកស៊ី​កៅស៊ូ ហើយ​មក​បាន​ប្រពន្ធ​ក្រោយនេះ​គឺជា​ប្អូន​របស់លោក​ជំទាវ​លោក​គន់ គីម ។

លោក​បញ្ជាក់​បន្តថា «​យើង​មើល​ទ្រព្យសម្បត្តិ​របស់លោក គឹម រស្មី គឺ​មិនទាន់មាន​អ្វីដែល​អាចជា​បញ្ហា​ទេ ហើយ​យើង​ឃើញថា ៥០​ម៉ឺន​ដុល្លារ ដែល​ចែក​ឲ្យ​កូនៗ​នោះ​អត់​មាន​ទេ ព្រោះ​លុយ​ក្នុង​ធនាគារ​របស់គាត់ មាន​មិន​គ្រប់​៥០​ម៉ឺន​ដុល្លារ​ផង បាន​អី​បើក​សែក​! គឺ​អត់​មាន​លុយ​ទេ គឺ​អួត​សំ​ញ៉ែង​ទ្រព្យ​ទេ ដែល​បញ្ហា​គាត់​ខុស គឺ​ខុស​ការ​សំ​ញ៉ែង​ទ្រព្យ ហើយ​ត្រូវ​រាជរដ្ឋាភិបាល​ដក​គាត់​ចេញពី​ក្របខណ្ឌ ។ បើតាម​ច្បាប់​នៅ​ហុងកុង ដាក់គុក​មន្ត្រីរាជការ​ដែល​អួត​សំញែង​ទ្រព្យ​គឺ​ត្រូវ​មានទោស ​។​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​អត់​មានច្បាប់​នេះ​ទេ​គឺ​គ្រាន់តែ​បណ្ដេញ​ចេញពី​ការងារ​។ ច្បាប់ ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​យើង អត់​មាន​ដាក់គុក​ករណី​សំ​ញ៉ែង​ទ្រព្យ​នោះទេ ប៉ុន្តែ​បាន​នៅ​ប្រទេស​គេ​គេ​មានច្បាប់​អ្នក​សម្ញែង​ទ្រព្យ​ត្រូវ​ជាប់ទោស អីចឹង​ករណីនេះ​ហាក់ដូចជា​ចប់ ប៉ុន្តែ​ខ្ញុំ​សុំ​និយាយ​ឱ្យ​ត្រង់ លោក គឹម រស្មី ឮ ភ័យ​ទៀតហើយ គឺ យើងខ្ញុំ​នៅ​បន្ត​ស៊ើបអង្កេត​ផ្សេងទៀត​។ ហើយ​ចំណែក​លុយ​ដែល​ប្រពន្ធ​របស់លោក​ គឹម ​រស្មី​ ដែលមាន​ដាក់ចូល​ក្នុង​ធនាគារ​បង្វិល​រកស៊ី​ដែលជា​រឿង​របស់​ប្រពន្ធ​នោះទេ​មិន​ពាក់ព័ន្ធ​ជាមួយ​ប្តី​ឡើយ​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ប្រពន្ធ​របស់លោក គឹម រស្មី មិនសូវ​ចេះអក្សរ​ទេ ប៉ុន្តែ​កុំ​មើលងាយ​អ្នក​មិនចេះ​អក្សរ គាត់​ពូកែ​រកស៊ី​ណាស់ ពាក់ព័ន្ធ​ការចង​ការប្រាក់​។ ហើយ​ការរកស៊ី​ចងការ​គាត់​ចំណេញ​រាប់សែន​ទៅហើយ​។ ហើយ​ពាក់ព័ន្ធ​ទ្រព្យសម្បត្តិ​និង​ផ្ទះ​របស់​ពួកគាត់​យើង​បាន​ហៅ​គាត់​មក​សួរ​ឡើង​ស្ងួត​ជើងធ្មេញ ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​មួយ​ផ្សាយ​រឿងនេះ​អោយបាន​លឿន​ព្រោះ​សារ​ធា​រណ​ជន​ចង់ដឹង​។ ប៉ុន្តែ​យើងខ្ញុំ​បាន​សុំ​ជំពាក់​រឿង​ព្រៃឈើ​មួយ គឺ​ស៊ើបអង្កេត​មួយរយៈ​មុន​គឺ ហួរ ជា​វៃ ប៉ុន្តែ​អ្នកសារព័ត៌មាន​ដឹង​ហើយ​ឈ្មោះ​នេះ​ល្បី​ខ្លាំងណាស់ ប៉ុន្តែ​អេ​ស៊ី​យូ​មាន​ភស្តុតាង​ពី​បញ្ច្រាស​គ្នា ហើយ​ខាង​អ្នកកាសែត​បាន​ចុះផ្សាយ​ថា​គាត់​នេះ​ជា​មេក្លោង​អំពី​ឈើ​របស់គាត់ ហើយ​ប៉ាវ​ចិញ្ចឹម​គ្រប់​ស្ថាប័ន​អ្នកកាសែត​និង​ស្ថាប័ន​​ផ្សេងៗ​ទៀត ប៉ុន្តែ​នៅពេល​យើងខ្ញុំ​សួរ​លោក​គឹម​រស្មី លោក​គឹម​រស្មី​និយាយថា​ហួរ ជា​វៃ​នេះ ជា​អ្នកក្រ មិនសូវ​ជា​អ្នកមាន​លុយ​ហើយ​ជាម​នុស្ស​លេងល្បែង​ថែមទៀត​ផង មិនមែនជា​អ្នកមាន​ខ្លាំង​នោះទេ​ប៉ុន្តែ​ចុះ​ហេតុ​អី្វ​ព្រោះ​គាត់​ក្រ​មាន​លុយ​លេងល្បែង​រាល់ថ្ងៃ​រាប់​ខែ​រាប់​ឆ្នាំ​អត់​ដែល​អស់​លុយ​លេង​សោះ បើ​គាត់​មិន​លេងល្បែង​តើ​គាត់​មាន​ប៉ុណ្ណា នេះ​ជា​អ្វីដែល​យើង​គិតពិចារណា ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវ​ចប់ ​។​

​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​លុបឈ្មោះ ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​ធ្លាយ​វីដេអូ​មួយ ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

កាលពី​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី នៅក្នុង​ពិធី​ខួបកំណើត​បានប្រកាស​នៅលើ​វេទិកា​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន ៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​ ។​

មហាជន​ជាច្រើន​បានបង្ហាញ​ការសង្ស័យថា ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី ដែល​សម្ញែង​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ អាចមាន​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដោយសារតែ​ប្រាក់បៀវត្ស​របស់គាត់ នឹងមិន​អាចមាន​ចំនួន​ច្រើនបែប​នេះឡើយ​។ ចំណែក​អ្នកប្រើប្រាស់​តាម​បណ្តាញ​សង្គម Facebook មួយចំនួនទៀត ក៏បាន​ដាក់​ការចោទប្រកាន់ថា លោក គឹម រស្មី គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការរកស៊ី​ឈើ នៅ​ខេត្តរតនៈគិរី ដែលជា​ខេត្ត​សម្បូរ​ព្រៃ​ឈឺ​ទៀតផង​។​

​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ដាក់ចេញ​នៅក្នុង​អាណត្តិ​ទី​០៦​នេះ ក៏​ចាប់ផ្តើម​ផុលផុស តាម​បណ្តាញ​សង្គម និង​ទំព័រសារព័ត៌មាន​ជាថ្មី​ម្តងទៀត ដើម្បី​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ឱ្យខិត​ខំ​បម្រើ​ជាតិ កុំ​កេង​ប្រ​វ័​ញ ឬ​ពុករលួយ​។ អភិក្រម ១៖ ឆ្លុះកញ្ចក់ ២៖ ងូតទឹក ៣៖ ដុសក្អែល ៤៖ ព្យាបាល និង​៥៖ វះកាត់ ដែល​ដាក់ចេញ​សម្រាប់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ក៏​ហាក់​បង្ហាញថា រាជរដ្ឋាភិបាល នឹងមិន​លើកលែង​ចំពោះ​មន្ត្រី​ខិលខូច​ខុសច្បាប់​នោះឡើយ​៕​ ដោយ​៖​កូ​ឡាប

spot_img
×