Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ជំរុញឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ រួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីធានា ឲ្យកម្ពុជា កាន់តែមាន ការអភិវឌ្ឍរីកចម្រើន

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ រួមគ្នា ក្នុងការថែរក្សាសុខសន្តិភាព ដើម្បីធានាឲ្យកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ដោយភាពកក់ក្តៅ សម្បូរសប្បាយ និងគ្មានការរំខាន ពីការគោរពប្រតិបត្តិ ជំនឿសាសនា។

ការជំរុញបែបនេះ របស់លោកឃួង ស្រេង កាលពីរសៀល ថ្ងៃទី៣០ ខែមិថុនា ក្នុងកម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ជាង៥៦០អង្គ/នាក់ នៅវត្តភ្នៀតសិម្ពលី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ ជាច្រើនរយនាក់។

លោកឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានកសាងសុខសន្តិភាព ជូនកម្ពុជា មកដល់ពេលនេះ បានមកដោយលំបាកណាស់។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សា សុខសន្តិភាពនេះ ឲ្យគង់វង្ស ទោះក្នុងរូបភាពណាក៏ដោយ មិនឲ្យជនអគតិណាមួយ មកបំផ្លិចបំផ្លាញ សុខសន្តិភាពនេះ បានឡើយ។

លោកអភិបាល ជំរុញឲ្យព្រះសង្ឃ គ្រប់ព្រះអង្គ ឲ្យបង្កើនការ បំពេញតួនាទី ឲ្យកាន់តែខ្លំាងក្លា ក្នុងការអប់រំសង្គម ឲ្យមានសន្តិភាព គ្មានអំពើហិង្សា ស្របពេលដែលវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ហើយប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព នយោបាយល្អ។

លោកបន្ថែមថា រាជរដ្ឋាភិបាល បានចាត់ទុកព្រះសង្ឃ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព និងគ្មានអំពើហិង្សា។ លោកបន្តថា រាជរដ្ឋាភិបាល បានលើកទឹកចិត្ត ឲ្យព្រះសង្ឃបានអប់រំសង្គម តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ដែលត្រូវបានអប់រំផ្សាយ នៅគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍។ បន្ថែមពីនេះទៀត ការផ្តល់ពុទ្ធឱវាទ របស់ព្រះសង្ឃ តាមរយៈការសម្តែងធម៌ ទេសនា នៅក្នុងទីវត្តអារ៉ាម និងកម្មវិធីបុណ្យនានា ដោយបញ្ចូលសារអប់រំ ដូចជា ឲ្យប្រព្រឹត្តអំពើល្អ ចាកឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង មិនប្រើប្រាស់ អំពើហិង្សា និងមិនប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត្យ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ការកសាងសុខសន្តិភាព បានល្អ ពិតជាបានជួយឲ្យវិស័យពុទ្ធចក្រ មានការរីកចម្រើន ទៅតាមនោះដែរ ជាក់ស្តែង គ្រប់ទីវត្តអារ៉ាមទាំងអស់ បានអភិវឌ្ឍន៍សំណង់ ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងល្អ សម្រាប់ទុកឲ្យពុទ្ធបរិស័ទ គោរព ប្រតិបត្តិ ទៅតាមគន្លង ប្រពៃណីសាសនា។ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត្យ នន្ទ ង៉ែត បានមានព្រះបន្ទូលថា បច្ចុប្បន្ន ព្រះសង្ឃគ្រប់ព្រះអង្គ បានគោរពប្រតិបត្តិ ធម៌វិន័យ និងការសិក្សា មានចំណេះដឹង ឲ្យកាន់តែជ្រៅជ្រះ ទំាងផ្លូវលោក និងផ្លូវធម៌ ដើម្បីជួយអប់រំ ផ្លូវចិត្ត ប្រជាពលរដ្ឋ ឲ្យមានស្មារតី រស់នៅ ក្នុងសង្គមប្រកប ដោយសុខសន្តិភាព មិនចងគំនុំ ហើយស្រឡាញ់ រាប់អានគ្នា និង ប្រាស់ចាក ពីអំពើអបាយមុខ ផ្ទុយនឹងច្បាប់សង្គម ជាដើម៕ ដោយ៖កូឡាប

spot_img
×