Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​វិទ្យាល័យ​ភូមិ​ថ្មី​ ក្រុង​បាន​លុង​សន្លប់​ជា​បន្តបន្ទាប់​

spot_img

​រតនគិរី ៖ សិស្សសាលា​វិទ្យាល័យ​ភូមិ​ថ្មី​ក្រុង​បាន​លុង ជាច្រើន​នាក់ កំពុងតែ​រៀនសូត្រ ក្នុង​បន្ទប់រៀន ស្រាប់តែ​មាន​អាការៈ ប្រកាច់ ហើយ​ស្លេកស្លាំង​ទន់​ដៃ ទន់​ជើង​សន្លប់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​លោក ថុន យុន នាយក​សាលា​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី បានឲ្យដឹងថា ករណី​សិស្ស​មាន​អាការៈ ប្រកាច់​សន្លប់​នេះ មាន​ចាប់តាំងពី​ថ្ងៃ​ចន្ទ ក្នុង​សប្ដាន៍​នេះ​មកម្លេះ ក៏ប៉ុន្តែ​មាន​តែ​ពីរ​ទៅ​បី​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​មិនមាន​ការភ្ញាក់ផ្អើល​ដូច​ថ្ងៃនេះ​ទេ​។ កន្លងមក​ដោយ​មានកា​រ​ពិគ្រោះគ្នា​រវាង​លោកគ្រូ​អ្នកគ្រូ ព្រម​ទាំង​សិស្ស​ដែល​រៀន​ក្នុង​សាលា​នេះ​តែងតែ​និយាយថា ឃើញ​រូបគំនូរ​ដែល​គូរ​បិត​តាម​ជញ្ជាំង​មើល​ទៅ​អាក្រក់​មើល ដូចជា​ឃើញ​រូប​ខ្មោច​ផង​នោះ ក៏​យល់ឃើញថា ប្រហែល​ជា​មក​ពី​ខុស​អារក្ស អ្នកតា​ហើយ​។ លោកនាយក​ក៏​នាំ​លោកគ្រូ អ្នកគ្រូ ធ្វើ​ពិធីសែនព្រេន នៅ​ព្រឹក​ថ្ងៃទី​៣០ នេះដែរ​។ លោកនាយក​បាន​បន្តថា ក្រោយពី​បាន​ធ្វើ​ពិធីសែនព្រេន​រួច ស្រាប់តែ សិស្ស​ដែល​រៀន​នៅ​ក្នុង​ថ្នាក់ មាន​អាការៈ ប្រកាច់ ហើយ​ស្លេកស្លាំង​ទន់​ដៃ ទន់​ជើង សន្លប់ បន្តបន្ទាប់​ស្ទើរ​គ្រប់​ថ្នាក់​ទាំង​អស់ បង្ករ​ឲ្យមាន​ភាព​ភ្ញាក់ផ្អើល​ឈូឆ​ឡើង ដោយ​ក្នុង​មួយ​ថ្នាក់​សន្លប់​ចាប់ពី​៥ ទៅ​៦​នាក់ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ជា​បន្ត​បន្ទាប់ ក៏​ប៉ុន្តែ​លោក​នាយក​មិន​បាន​បញ្ជាក់​ពី​ចំនួន​សិស្ស​ដែល​សន្លប់​ចប់​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃនេះ​ទេ គ្រាន់​តែ​លោក​ប្រាប់ថា សិស្ស​ដែល​មាន​សភាព​បែប​នេះ​សុទ្ធតែ​ជា​សិស្ស​ស្រី​ទាំងអស់​។​

​លោក ហ៊ីង ផាន​សុគន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី បានឲ្យដឹងថា បន្ទាប់​ពី​បាន​ធ្វើ​ការពិនិត្យ ទៅ​លើ​សិស្ស​សង្គ្រោះ​ទាំងនោះ​ឃើញថា មាន​ការខ្វះ​ជាតិ​ស្ករ និង​ជាតិ​កាលស្យូម​។​

​ចំណែក​លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យដឹង​បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​ថា នៅ​ក្នុង​ថ្នាក់រៀន​នី​មួយៗ មាន​សភាព​ហប់ ខ្វះ​ខ្យល់​ឧកស៊ីសែន ទើប​បណ្ដាលឲ្យ​មាន​សភាព​បែប​នេះ​។ លោក​បាន​បន្តថា ជំ​ហ៊ាន​ជា​បន្ត ត្រូវតែ​កែសម្រួល តាម​បន្ទប់​នី​មួយៗ ដោយ​កែច្នៃ​ដាក់​កង្ហា​ឡើងវិញ​។​

​ករណី​សិស្ស​សន្លប់​នេះ មិនមាន​តួលេខ​ច្បាស់លាស់​ឡើយ គ្រាន់តែ​ដឹងថា សិស្ស​ដែល​សង្គ្រោះ​ក្នុងករណី​នេះ​មាន​ចំនួន​រាប់សិប​នាក់ ហើយ​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​រួចមក សិស្សានុសិស្ស​មួយចំនួន បាន​ធូរស្រាល​ជាធម្មតា ហើយ​ត្រូវ​ឪពុក​ម្ដាយ​នាំយក​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ពុំ​មាន​សិស្ស​ណា​ម្នាក់​ថ្នាក់ ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×