Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង “វិធានការរដ្ឋ ម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ ស្កាត់ និងលុបបំបាត់ ការនេសាទខុសច្បាប់” ឆ្លើយតបនឹង IUU និងជាពិសេស អាចឲ្យសហភាពអឺរ៉ុប ដកកាតក្រហម ចេញពីកម្ពុជា

spot_img

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី “វិធានការរដ្ឋ ម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ ស្កាត់ និងលុបបំបាត់ ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត កម្ពុជា នឹងទទួលបានផលប្រយោជន៍ លើកកម្ពស់ ការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្ត ក្នុងការប្រើទង់ជាតិកម្ពុជា ដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាព ក្នុងអភិបាលកិច្ចជលផល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នជាតិ ដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ដើម្បីឆ្លើយតបនឹង IUU និងជាពិសេស អាចឲ្យសហភាពអឺរ៉ុប ដកកាតក្រហម ចេញពីកម្ពុជាផងដែរ។

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង មកការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី “វិធានការរដ្ឋ ម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ ស្កាត់ និងលុបបំបាត់ ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU ” នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងនាមដ៏ខ្ពង់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាត ឲ្យដាក់សេចក្តីព្រាងច្បាប់នេះ ឆ្លងសម័យប្រជុំលើកទី២ នីតិកាលទី៦ នៃរដ្ឋសភានាពេលនេះ។ លោករដ្ឋមន្ត្រី បានជម្រាបជូន សម្តេចប្រធាន និងសមាជិក សមាជិកា នៃអង្គប្រជុំដ៏ ឧត្តុងឧត្តម អំពីគោលបំណង នៃកិច្ចព្រមព្រៀងគឺទី១. ប្រើប្រាស់យន្តការច្បាប់ ដើម្បីលុបបំបាត់ IUU តាមរយៈការអនុវត្ត វិធានការរដ្ឋ ម្ចាស់កំពង់ផែ ឲ្យមានប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ឲ្យមានចីរភាព និងនិរន្តរភាព។ ទី២. ធ្វើ ការទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានអនុម័ត ដោយសន្និសីទអង្គការ FAO នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយបានចូល ជាធរមាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។ បច្ចុប្បន្ន មាន៦០ ប្រទេស រួមទាំងសហភាពអឺរ៉ុប បានចូលរួមជាភាគី អនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងនោះ ប្រទេសជាសមាជិក អាស៊ានចំនួន៥ រួមមាន ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម ក៏ជាសមាជិកផងដែរ។ កិច្ចព្រមព្រៀងច្បាប់នេះ គឺជាឯកសារគតិយុត្ត ដ៏សំខាន់តែមួយគត់ ដែលមានគោលបំណង ប្រយុទ្ធប្រឆាំង IUU។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រម បញ្ជូនទៅសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ៣មាត្រា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ សំខាន់ៗដូចជា៖ លើកកម្ពស់ ការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្ត ក្នុងការប្រើទង់ជាតិកម្ពុជា ដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាព ក្នុងអភិបាលកិច្ចជលផល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នជាតិ ដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការ ថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិ ទទួលស្គាល់ ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជា នឹងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែម ដើម្បីឆ្លើយតបនឹង IUU និងជាពិសេស អាចឲ្យសហភាពអឺរ៉ុប ដកកាតក្រហម ចេញពីកម្ពុជាផងដែរ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំរដ្ឋសភា អនុម័ត ដោយទទួលបានសំឡេង គាំទ្រ ១១២ លើ ១១២។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បន្តដឹកនាំសម័យ ប្រជុំ រដ្ឋសភា លើកទី២ នីតិកាលទី៦ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥។ សមាជិក សមាជិកា រដ្ឋសភា ចូលរួមប្រជុំនាព្រឹកនេះ មានចំនួន១១២រូប។

សេចក្តីព្រាងច្បាប់ទាំង៥ ដែលរដ្ឋសភា នឹងលើកយកមកពិភាក្សា និងអនុម័តនោះ មាន៖ ១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក។ ២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។ ៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី។ ៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀង ស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត។ ៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣៕ ដោយ៖កូឡាប

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំ រដ្ឋសភា លើកទី២ នីតិកាលទី៦ ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩៖

spot_img
×