Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ ដើម្បី​ទាក់​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា កាន់តែច្រើន​

spot_img

​ភ្នំពេញ ​៖ ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រុមហ៊ុន Slick Booth រៀបចំ​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ ឆ្នាំ​២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ជាច្រើន ដើម្បី​ជំរុញ​ចក្ខុវិស័យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដែល​ពិធី​នេះ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នា​រសៀល ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១១-១៣ ខែតុលា ដែល​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ ៦​ពាន់​នាក់ មកពី​ជុំវិញ​ពិភពលោក​។​

​លោក សូ ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែលជា​អធិបតី បាន​ថ្លែងថា តាម​ការគ្រោងទុក ព្រឹត្តិការណ៍ CTM ២០១៩ នឹងមាន​ការចូលរួម​ពី​ពី​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទេសចរណ៍ ឬ​ហៅថា​ជា​អ្នកទិញ (Buyer) ជាច្រើន​មកពី​ប្រមាណ​៦០​ប្រទេស​ជុំវិញ​ពិភពលោក​។ រីឯ​ក្រុម​អ្នកលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ឬ​ហៅថា Seller នោះ គឺ​ភាគច្រើន​ជា​ក្រុមហ៊ុន​នៅក្នុង​ប្រទេស និង​ខ្លះទៀត​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​។ ការរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ជំរុញ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​លោក ឱម ផារិន អគ្គនាយក​ក្រុមហ៊ុន Slick Booth បាន​បញ្ជាក់ថា តាំងពី​ពេល​បើក​ឱ្យមាន​ការចុះឈ្មោះ​ចូលរួម​រហូតមកដល់​ថ្ងៃនេះ មាន​ក្រុមហ៊ុន Seller ចុះឈ្មោះ​ទិញ​ស្ដង់​ប្រមាណ​១០០​ស្ដង់​រួចហើយៗ នឹង​បិទ​ការទទួល​ចុះឈ្មោះ​នៅ​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។ រីឯ​ក្រុមហ៊ុន​ជា Buyer ក៏​នឹង​បិទ​ការទទួល​ចុះឈ្មោះ​នៅ​ខែសីហា ខាងមុខនេះ​ផងដែរ​។ លោក​ក៏បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍ CTM ឆ្នាំ​២០១៩​នេះ មាន​ចំណុច​ពិសេសៗ​មួយចំនួន ដូចជា ផ្ដល់​ការបញ្ចុះ​តម្លៃ​ពិសេស​ដល់​ទៅ ២០% សម្រាប់​ក្រុមហ៊ុន Seller ក្នុងប្រទេស​កម្ពុជា ចាប់​ពីថ្ងៃ​បើកទទួល​ការចុះឈ្មោះ​ដំបូង​រហូតដល់​ថ្ងៃទី​១៥ ខែកក្កដា​។ មាន​ក្រុមហ៊ុន Buyer មកពី​អន្តរជាតិ ក្នុងនោះ Buyer ថ្មីៗ​ដល់​ទៅ​ប្រមាណ ៨០% នៃ​ក្រុមហ៊ុន Buyer សរុប​។ ទីតាំង​ពិព័រណ៍​មាន​ភាព​អំណោយផល​សម្រាប់​ក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ CTM ឆ្នាំ​២០១៩​នេះ​។ ក្នុង​ព្រឹត្តិការណ៍ CTM ឆ្នាំ​២០១៩​នេះ នឹងមាន​សកម្មភាព​ក​ម្ម​វិធី​ជាច្រើន​សម្បូរបែប ដែល​ក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវ​ជាតិ​-​អន្តរជាតិ អាច​ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​។​

​ឆ្នាំ​២០១៩​នេះ នឹងមាន​ស្ដង់​ពិព័រណ៍​ចាប់ពី ២០០-២៥០​ស្ដង់ និង​មាន​ពន្លា​មួយចំនួនទៀត សម្រាប់​សមាគមន៍​ទីភ្នាក់ងា​រ​ទេសចរណ៍​ផងដែរ​។ ក្រៅពី​អ្នកលក់ និង​អ្នកទិញ ព្រឹត្តិការណ៍ CTM នេះ​ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាង ១៥០​នាក់ ដែល​មកពី​អង្គភាព​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​ពិភពលោក​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ ៦​ពាន់​នាក់ កើនឡើង ២០-៣០%​។​

​លោក ឱម ផារិន ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ទេសចរណ៍ សមាគម ឬ​ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក្រុមហ៊ុន​អាកាសចរណ៍​នានា សូម​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ CTM 2019 នេះ ឱ្យបាន​ច្រើន​កុះករ ដើម្បី​បង្កើន​ការលក់​នូវ​កញ្ចប់​ទស្ស​ន​កិច្ច​ទេសចរណ៍ ឬ​ផលិតផល​ទេសចរណ៍​របស់ខ្លួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×