បន្ទាយមានជ័យ ៖ អាជ្ញាធរដែនដី មន្ទីរស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនសំផាន់ណារិទ្ធឌីវែលឡូបមេន បានបើកការដ្ឋានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៥៨ ទៅព្រំដែនថៃនៃគម្រោងច្រកព្រំដែនតំបន់៤៣ -ណូនម៉ាក់មុននៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងឃុំណូមម៉ាក់មុនស្រុកគោកស៊ូងខេត្តស្រះកែវ ប្រទេសថៃប្រវែង២.៥៧០ម ទទឺង៦០ម ។
លោកឧកញ្ញ៉ា សំ ផាន់ណារិទ្ធ ប្រធានក្រុមហ៊ុនសំផាន់ណារិទ្ធឌឺវែលឡូបមេននិយាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ថា ៖ ដោយបានកិច្ចសហការ និងគាំទ្រពីអាជ្ញាធរ ជំនាញពាក់ព័ន្ធតាំងពីថ្នាក់ជាតិដល់មូលដ្ខាននាពេលកន្លងមកក្រុមហ៊ុនបានស្ថាបានផ្លូវនៅសល់តែ២៥០ម៉ែត្រទៀត ដល់ចំណុចបើកច្រកព្រំដែន និងបានស្ថាបនាផ្លូវមេប្រវែង២.៥៧០ម ជាគ្រឹះរឹងមាំស្ថិតនៅគម្រោងបើកច្រកទ្វារព្រំដែនតំបន់៤៣-ណូនម៉ាកមុន។
លោកឧកញ៉ា សំ ផាន់ណារឹទ្ធ និយាយបន្តថា: ករណីច្រកព្រំដែនតំបន់៤៣នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយ:ក្រសួងមហាផ្ទៃ ទីស្តីការគណ:រដ្ឋមន្ត្រី បានអនុញ្ញាតិជាគោលការណ៍អោយបើកវ្រកព្រំដែមថ្មីនេះ ហើយបានផ្តល់សិទ្ធិអោយក្រុមហ៊ុនលោកបានកាន់កាប់ និងគ្រប់គ្រង់ដីរដ្ឋទំហំ៦៤,២៥ហិចតា នៅម្តុំវ្រកនេះ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ពូ័ន្ធមួយជូនរដ្ឋ។ ក្រុមហ៊ុនបានអនុវត្តបន្តបន្ទាប់ហើយ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រាសសាន៍ថា ៖ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រនិងផ្តល់កិច្ចសហការគ្រប់យ៉ាងដល់ក្រុមហ៊ុនសំ ផាន់ណារឹទ្ធឌឺវែលឡូបមេនក្នុងការរួមចំណែកវិនិយោគនិងអភិវឌ្ឍន៍នៅតំបន់គម្រោងបើកច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុននេះ ហើយស្នើអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចស៊ីវិលនុងកងកម្លាំងពាក់ព័ន្ធខិតខំអនុវត្តជាមួយអោយបានលទ្ធផលនិងមានប្រសិទ្ធភាពខ្ពស់។
លោក សួន បវរ ក៏អំពាវនាវដល់ភាគីថៃអោយសម្របសម្រួល ដោះស្រាយបញ្ហាសេសសល់នៅតំបន់ព្រំដែនចំណុច “ដីខ្មែរ ស្រែថៃ” ក្បែរបង្គោលព្រំដែនលេខ៤៣នោះអោយបានឆាប់ចប់ដើម្បីធានាថា ការបើកច្រកព្រំដែនថ្មីនេះ ស្របតាមស្មារតីនៃគោលនយោបាយនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង មិត្តភាព សន្តិភាព ការអភិវឌ្ឍន៍និងជម្រុញកំណើនជីវភាពពលរដ្ឋ ក៏ដូចជា រឹតចំណងមេត្រីភាពក្នុងនាមអ្នកជិតខាងល្អ។
លោកបន្ថែមថា ឥឡូវនេះ ការបើកច្រកនេះមានអំណោយផលល្អណាស់ព្រោះខាងកម្ពុជាបានស្ថាបនាផ្លូវជាតិក្រាលកៅស៊ូលេខ៥៨ រួច ។ឯខាងថៃក៏ស្ថាបនាផ្លូវកៅស៊ូខ្វាត់ខ្វែងហើយដែរ។ លោកអភិបាលខេត្ត,លោកអភិបាលរងខេត្ត និងលោកឧកញ៉ា សំ ផាន់ណារិទ្ធ នាឱកាសនោះបានដោះស្រាយសំណូមពរពលរដ្ឋជាច្រើនទាក់ទិនកិច្ចអភិវឌ្ឍន៍ ទំនាស់ដីធ្លី និងចែកសារុងដល់ពលរដ្ឋជិត៤០០នាក់ចូលរួម៕ ដោយ ៖ បន្ទាយ