Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ រកឃើញ​រថយន្ត​ដឹកទំនិញ​ល្មើសច្បាប់​នៅ​គោលដៅ​ដើមទី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖ “​រថយន្ត​ដឹកទំនិញ​ល្មើស​សរុប​មាន​ចំនួន​តែ​២២៤​គ្រឿង ស្មើនឹង​១១% នៃ​រថយន្ត​ចរាចរណ៍​ចេញចូល (៣០% ល្មើស​លើ​លិខិតស្នាម និង​៧០% ល្មើស​លើ​លក្ខណៈ​បច្ចេកទេស​)” ជា​តួលេខ​ប្រកាស​លទ្ធផល​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការងារ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​ថ្ងៃ​អង្គារ ១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​របស់​ក្រុមការងារ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​ដើមទី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​។​

​សន្និសីទ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​លទ្ធផល​ទទួលបាន​កំឡុងពេល​អនុវត្ត​រយៈ​ពេល​១៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១៥ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ក៏ដូចជា​ជំរុញ​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​អ្នកបើកបរ​យានយន្ត កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជៀសវាង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​ទាក់ទង​នឹង​ការដឹកជញ្ជូន និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ថ្លែង​ក្នុង​សន្និសីទ​នេះ លោក​រដ្ឋលេខាធិការ​បា​ន​គូសបញ្ជាក់​ប្រកបដោយ​មោទនភាព​ថា​៖ ក្រោម​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​១៥​ថ្ងៃ​កន្លងមក រថយន្ត​ដឹកទំនិញ​សរុប​ចំនួន​១៩៥៤​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ​ទាំង​លក្ខណៈ​បច្ចេកទេស និង​ឯកសារ​ពាក់ព័ន្ធ​។ ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​ថា រថយន្ត​ល្មើស​សរុប​មាន​ចំនួន​តែ​២២៤​គ្រឿង​ប៉ុណ្ណោះ ស្មើនឹង​១១% ដែល​ក្នុងនោះ​៣០% ល្មើស​លើ​លិខិតស្នាម និង​៧០% ល្មើស​លើ​លក្ខណៈ​បច្ចេកទេស​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន និង​អ្នកបើកបរ​រថយន្ត​ទាំងឡាយ​ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជាប្រចាំ​តាម​កាលកំណត់ និង​មាន​ប័ណ្ណបើកបរ​ស្របតាម​ប្រភេទ​យានយន្ត ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន និង​អ្នកបើកបរ​ដែល​មិនទាន់បាន​គោរព​តាមច្បាប់ និង​បទដ្ឋាន​គតិយុត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​អនុវត្ត​ច្បាប់​ទាំងនោះ​ទាំងអស់គ្នា​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​សុវត្ថិភាព​ខ្លួនឯង សុវត្ថិភាព​សាធារណជន និង​ជា​ប្រយោជន៍​របស់​យើងទាំងអស់គ្នា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×