Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងសមត្ថភាព​យល់​ដឹង​បន្ថែម ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​កសាង​នូវ​របាយការណ៍​ស្ថានភាព​បរិស្ថាន​

spot_img

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​«​ដំណើរការ​កសាង​របា​យ​ការណ៍​ស្ថានភាព​បរិស្ថាន​» ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន រយៈពេល ៤ ថ្ងៃ​ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៩ នេះ​ក្រោម​អធិបតីភាព​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

​លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា​៖ «​សិក្ខាសាលា​បណ្តុះបណ្តាល​នា​ថ្ងៃនេះ គឺ ដើម្បី​ផ្លាស់ប្តូរ និង​ពង្រឹងសមត្ថភាព​យល់ដឹង​បន្ថែម ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​កសាង​នូវ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ថ្មី​បន្តបន្ទាប់​ទៀត ឱ្យ​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ ច្បាស់លាស់ និង​ស៊ីសង្វាក់​គ្នា​។ ដូចនេះ ខ្ញុំ​ស្នើសុំ​អង្គសិក្ខាសាលា​ទាំងមូល​មេត្តា​ចូលរួម​និង​យកចិត្តទុកដាក់​លើ​មេរៀន​ស្តីពី​ដំណើរការ​នៃ​ការកសាង​របាយការណ៍​ស្ថានភាព​បរិស្ថាន​នេះ និង​ចូលរួម​ផ្តល់​ជា​យោបល់​សម្រាប់​ការកសាង​របាយការណ៍​ស្ថានភាព បរិស្ថាន​លើក​ទី​៤​ផងដែរ​។ ទន្ទឹមនេះ ខ្ញុំ​ក៏​ស្នើសុំ​អង្គសិក្ខាសាលា​ទាំងមូល ជាពិសេស​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ មេត្តា​ចូលរួម​សហការ​ក្នុងការ​ប្រមូល និង​ចងក្រង​បាន​នូវ​ព័ត៌មាន​តាម​តម្រូវការ អាច​ទុកចិត្តបាន និង​ប្រកបដោយ​គុណភាព​ដែល​អាច​ជូន​ដល់​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​នានា ដើម្បី​ពង្រឹង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ កិច្ចការ​ក្នុង​វិស័យ​បរិស្ថាន​មានការ​ពាក់ព័ន្ធ​ជា​អន្តរ​វិស័យ ដែល​ចាំបាច់​ត្រូវមាន​ការសម្របសម្រួល​រវាង​អ្នកពាក់ព័ន្ធ​ដើម្បី​សម្រេចបាន​នូវ​កិច្ចការ​ជារួម​នេះ​»​។

​ទាក់ទង​នឹង​ការរៀបចំ​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​នេះ លោកស្រី ងិន លី​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន បាន​ប្រសាសន៍ថា របាយការណ៍​ស្ថានភាព​បរិស្ថាន​លើកទីមួយ ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​នៅ​ឆ្នាំ ១៩៩៤​។ បន្ទាប់មក​ក្នុងអំឡុង​ឆ្នាំ​២០០០ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​សម្របសម្រួល​កៀរគរ​ជំនួយ​បច្ចេកទេស តាមរយៈ​អង្គការ DANIDA បានរៀបចំ​ជា​គម្រោង​បណ្តុះបណ្តាល​សមត្ថភាព​ដើម្បី​ចងក្រង របាយការណ៍​ស្ថានភាព បរិស្ថាន​លើក​ទី​ពីរ ដែល​ពេលនោះ​មន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ប្រាំ ត្រូវបាន​បណ្តុះ បណ្តាល ដូចជា ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​, ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការកសាង​របាយការណ៍​ស្ថានភាព​បរិស្ថាន គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​ក្នុងការ​ចងក្រង និង​ប្រមូលផ្តុំ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ ដើម្បី​ជូនដំណឹង​ពី​លក្ខខណ្ឌ​បរិស្ថាន និង​ផលប៉ះពាល់​នានា ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន​ជួយ​សម្រួល​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ផែនការ​គ្រប់គ្រង សំដៅ​ធានាបាន​នូវ​និរន្តរភាព​បរិស្ថាន និង​ជួយ​ដល់​អង្គភាព ឬ​ស្ថាប័ន​ទទួលបន្ទុក​ធ្វើការ​វាស់វែង​ពី​វឌ្ឍនភាព​ដើម្បី​សម្រេចបាន​គោលដៅ​ជាតិ​សំខាន់ៗ ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​ជា​ឯកសារ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​បរិស្ថាន​សំខាន់ៗ រួម​ជាមួយនឹង​ការវាយតម្លៃ​នូវ​ការវិវឌ្ឍ​ប្រែប្រួល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​វិស័យ​បរិស្ថាន​។ តាមរយៈ​របាយការណ៍​នេះ ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្តល់​ចំណេះដឹង​អំពី​បរិស្ថាន និង​ធនធានធម្មជាតិ​ដល់​សាធារណៈជន​ទូទៅ ព្រមទាំង​ផ្តល់នូវ​ព័ត៌មាន​តាមបែប​វិទ្យាសាស្ត្រ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស និ​សិ​ត្ស​ផងដែរ​។

​លោក​នេត្រ ភក្ត្រា បាន​បន្តថា ក្រសួងបរិស្ថាន​ដែលមាន​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​
​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ជា​សេនាធិការ ត្រូវ​រៀបចំ​របាយការណ៍​ស្ថាន​ភាព​បរិស្ថាន​នេះ​ឱ្យបាន​ទៀងទាត់​។ ដូចនេះ ក្រោយ​ពេលដែល​របាយការណ៍​លើក​ទី​បី​ត្រូវ​បានបញ្ចប់ នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ​ត្រូវ​រៀបចំ​ផែនការ​ដើម្បី​កសាង​របាយការណ៍​បន្ទា​ប់​ទៀត​។ ម្យ៉ាងវិញទៀត ដោយ​ពិនិត្យឃើញថា ការរៀបចំ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ទាមទារ​នូវ​ការគាំទ្រ និង​ចូលរួម ទាំង​ការចែករំលែក​ទិន្នន័យ​ព័ត៌មាន និង​ការរៀបចំ​សរសេរ​របាយការណ៍ រវាង​អ្នកពាក់ព័ន្ធ​ផ្សេងៗ នេះ​ជា​ហេតុផល​ដែល​យើង​ជួបជុំគ្នា​ក្នុង ថ្ងៃនេះ​ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ និង​វិធីសាស្ត្រ​ក្នុងការ​ចងក្រង​របាយ​ការណ៍​ស្ថានភាព​បរិស្ថាន​។ ការយល់ដឹង​ជាគោលការណ៍​មូលដ្ឋាន​ទៅលើ​ខ្លឹមសារ និង​បែបបទ​នៃ​ការកសាង​របាយការណ៍ ក៏ដូចជា​ភាពចុះ​សម្រុង និង​ស៊ីសង្វាក់​គ្នា​នៃ​ប្រធានបទ​បរិស្ថាន​ដែល​នឹងត្រូវ​តាក់តែង ទាមទារ​ឱ្យមាន​ការចូលរួម សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ឱ្យបាន​ទូលំទូលាយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×