Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ដាក់ពន្ធនាគារ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​បងប្អូន​បង្កើត ពីបទ​ហិង្សា​ដោយ​ចេតនា​

spot_img

ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កើត សាំង កាលពី​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​បងប្អូន​បង្កើត ពីបទ​ហិង្សា​ដោយ​ចេតនា ក្នុងករណី​បើករថយន្ត​បុក​នារី​ម្នាក់ ហើយ​និង​បើករថយន្ត​មក​តាម​ទាត់​ធាក់​នារី​រងគ្រោះ​បន្ថែមទៀត​។​

​ជនជាប់ចោទ​ទាំងពីរ​នាក់​បងប្អូន​បង្កើត ឈ្មោះ​ស៊ុំ សុវណ្ណ​រិ​ទ្ធ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ​ស៊ុំ សត្យា​ពណ្ណរាយ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ទើបនឹង​មក​ចូលធ្វើការ​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីពេល​ថ្មីៗ​នេះ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៥F ផ្លូវ​២០០៨ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៧ ។ ជនជាប់ចោទ​ជិះ​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ 2Q 4653​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ​ឆែ សុផល អាយុ​ជិត​៣០​ឆ្នាំ ។

​បើតាម​របាយការណ៍រ​បស់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ​កំពុងបើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ទួលគោក ហើយ​មកដល់​ផ្លូវ​២០០៤ ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ សង្កាត់​ទឹកថ្លា ស្រាប់តែ​ជនជាប់ចោទ​បើករថយន្ត​មក​បុក​ម៉ូតូ​នារី​រងគ្រោះ​ពីក្រោយ​។ បន្ទាប់ពី​បុក​នារី​រងគ្រោះ​ហើយ នាង​ក៏​ជេរ​ទៅលើ​អ្នកជិះ​ក្នុង​រថយន្ត​នោះ ហើយក៏​បាន​បើក​ម៉ូតូ​បន្តដំណើរ​ទៅមុខទៀត​។ ស្រាប់តែ​នារី​រងគ្រោះ​បាន​បើក​ម៉ូតូ​ដល់​មុខ​វត្ត​វត្ត​អង្គ​តា​មិញ ត្រូវបាន​ជនជាប់ចោទ​បើករថយន្ត​តាម​មក​ទាន់ ហើយក៏​បើករថយន្ត​មក​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ឈប់​មក​អែប​ខាង​ចិញ្ចើមផ្លូវ ហើយ​ក្នុងចំណោម​ជនជាប់ចោទ​ទាំងពីរ​នាក់​នោះ មាន​ម្នា​ក់បាន​ចុះ​ពីលើ​រថយន្ត រត់​មក​លោត​ទាក់​នារី​រងគ្រោះ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន​បណ្តាល​ឲ្យ​ដួល ហើយ​បង្ក​ឲ្យ​មាន​របួសស្រាល ជាំ​ភ្លៅ និង​របួស​ក្បាល​បន្តិចបន្តួច​។ បន្ទាប់ពី​បង្កហេតុ​រួច ជនជាប់ចោទ បាន​រត់ឡើង​រថយន្ត ជិះ​គេចខ្លួន​មក​ចូលក្នុង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប៉ុន្តែ​ក្នុងករណីនេះ នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ហើយ នគរបាល​បានធ្វើការ​ស្រាវជ្រាវ តាមរយៈ​កា​ម៉េ​រ៉ា​សុវត្ថិភាព ឃើញ​សកម្មភាព​របស់​ជនបង្ក​ជាក់ស្តែង ទើប​ទៅដល់​ការចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤​ខែធ្នូ ។ ក្រោយពេល​ឃាត់ខ្លួន ភាគី​ទាំងពីរ​ក៏បាន​ជួប​តទល់​មុខ​គ្នា ដោយមាន​ការសម្របសម្រួល​ពី​នគរបាល ហើយ​នៅ​ថ្ងៃទី​២៥​ខែធ្នូ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងពីរ​នាក់​នេះ បាន​សរសេរ​លិខិត​សុំទោស​ជនរងគ្រោះ និង​សង​សំណង​ចំនួន​៦៥០០​ដុល្លារ​ដល់​ជនរងគ្រោះ ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្តឹង​។ ទោះបី​ជាមាន​ការដក​ពាក្យបណ្តឹង​ក្តី ដោយសារតែ​នៅជាប់​បណ្តឹងអាជ្ញា សមត្ថកិច្ច​នៅតែ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ ទៅ​តុលាការ ហើ​ត្រូវបាន​ចៅក្រម​ចោទប្រកាន់​តាម​នីតិវិធី​ច្បាប់​និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×