Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើឱ្យ​ WTO ​មានការ​ពិចារណា​ឱ្យបាន​ដិតដល់ មុននឹង​ដាក់ចេញ​វិធានការ​ព្យួរ ឬ ដកចេញ​នូវ​ភាពអនុគ្រោះ​ពន្ធ​នេះ​

spot_img

​ហ្សឺ​ណែវ ​៖ ​ក្នុង​សុន្ទរកថា​គន្លឹះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ដល់​រដ្ឋ​ជា​សមាជិក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ពិចារណា​ឱ្យបាន​ដិតដល់​មុន​ព្យួរ ឬ ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​មានការ​ពិចារណា​ឱ្យបាន​ដិតដល់ មុននឹង​ដាក់ចេញ​វិធានការ​ព្យួរ ឬ ដកចេញ​នូវ​ភាពអនុគ្រោះ​ពន្ធ​នេះ ព្រោះ​មិនបាន​ជួយ​ដល់​ការអភិវឌ្ឍ​របស់​មាន​ការអភិវឌ្ឍន៍​តិចតួច​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​យ៉ាង​ថា “​សូម​ធ្វើការ​ពិចារណា​ឱ្យបាន​ដិតដល់​មុននឹង​ដាក់​វិធាន​ការព្យួរ ឬ ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ ឬ ដកចេញ​នេះ នឹង​ធ្វើឱ្យ​ប្រទេស​ទាំងនោះ មិន​អាចជួយ​ពិភពលោក​ឱ្យសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​មិន​អាចជួយ​ពួកគេ​ឱ្យ​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បានឡើយ ដែល​ចលនា​នេះ​គឺជា​ដំណើរ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍ របស់​អង្គការសហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​”

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៧ «​ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​បង្ហាញឱ្យឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​រួមទាំង​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​បង្កើតឱ្យមាន​វិធាន​នានា​ដ៏​ពេញលេញ ក្លាយជា​មូលដ្ឋានគ្រឹះ​ក្នុង​ការធ្វើ​សេរីភាវូបនីយកម្ម​ជាស​កល និង សម្រាប់​ពាណិជ្ជកម្ម​ពហុភាគី ធានា​ដល់​ស្ថិរភាព​នៃ​លំហូរ​ពាណិជ្ជកម្ម ដោយ​សេរី រលូន និង​អាច​ព្យាករណ៍​បាន ក៏ដូចជា​ក្នុងការ​កៀរគរ​ជំនួយ​នានា សម្រាប់​ការអភិវឌ្ឍ​សេដ្ឋ​កិ​ច​ថ្នាក់ជាតិ​, តំបន់ និង អន្តរជាតិ តាមរយៈ​កា​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចំនួន ៦​លើក រួចមកហើយ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​ផងដែរ​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ជួយ​ជំរុញ​នូវ​កម្មវិធី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង ប្រទេស​អភិវឌ្ឍន៍​តិចតួច ហើយ​បាន​ជួយ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ បង្កើត​ការងារ និង កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​បញ្ហា​ប្រទេស​ជា​សមាជិក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

«​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​អង្គកា​រ​ពាណិជ្ជកម្ម​ពិភពលោក ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​អន្តរជាតិ​នានា ដែល​បាន​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងការ​ចូលរួមចំណែក​ជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា​ផងដែរ ចាប់ផ្តើម​តាំងពី​ការចរចា​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រហូតមកដល់​បច្ចុប្បន្ន​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

តាម​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប្រទេស​អភិវឌ្ឍន៍​ជា​សមាជិក​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​ប្រទេស​ជា​សមាជិក​ទាំងឡាយ​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​។ តាមរយៈ​គោលការណ៍​នេះ កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំង​៣៦ ជា​សមាជិក ដែល​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់ខ្លួន​សម្រាប់​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដូច​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជាដើម​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ទទូច​បណ្តា​រដ្ឋ​ជា​សមាជិក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បន្ត​ផ្តល់ និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នានា​តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ​ឯកតោភាគី​។ ការបន្ត​ផ្តល់ និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នេះ ក៏​នឹង​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឱ្យ​អាច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ផងដែរ​។​

​នៅក្នុង​សុន្ទរកថា​គន្លឹះ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​កង្វល់​ចំពោះ​ការចាត់វិធានការ​ព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ​ពន្ធ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ពី​សំណាក់​ប្រទេស​អភិវឌ្ឍន៍​ជា​សមាជិក WTO ផងដែរ​។ កង្វល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើ​ចំពេល​ពេល​គណៈកម្មការ​អឺរ៉ុប​កំពុង​អនុវត្តន៍​នីតិវិធី ក្នុង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មួយចំនួនទៀត ក្រោម​ការចោទប្រកាន់ថា កម្ពុជា និង​បណ្តា​ប្រទេស​អភិវឌ្ឍ​តិចតួច​មួយចំនួនទៀត កំពុង​ធ្វើឱ្យមាន​ឱនភាព​លើ​ការគោរព​សិទ្ធិមនុស្ស ឬ​លទ្ធិប្រជាធិបតេយ្យ​ជាដើម​នោះ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×