Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប តាមដាន​វឌ្ឍនភាព​នៃ​គម្រោង​កម្មវិធី​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ជលផល បន្ទាប់ពី​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៨៧​លាន​អឺរ៉ូ​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងថា ប្រជាជន និង​រដ្ឋាភិបាល​សហភាព​អឺរ៉ុប បាន​បន្ត​ជួយ​គាំទ្រ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង គម្រោង CAPFISH – CAPTURE នេះ​តែម្តង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ជលផល បន្ទាប់ពី​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​មាន​ចំនួន ៨៧​លាន​អឺរ៉ូ ដល់​កម្ពុជា​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ១៥:០០ រសៀល​ថ្ងៃ​ពុធ ២​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោក​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ និង​តាមដាន​វឌ្ឍនភាព​នៃ​គម្រោង​កម្មវិធី​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​÷ សមាសភាគ​ការនេសាទ (CAPFISH – Capture) ដែល​គម្រោង​នេះ​ស្ថិតក្រោម​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង ពី​សហភាព​អឺរ៉ុប​។

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​មាន​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​រយ​:​ពេល ៦០​ខែ (២០១៩- ២០២៣) និង​សហការ​អនុវត្ត​ដោយ​អង្គការ FAO UNESCO និង UNIDO ហើយ​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​។ គម្រោង​នេះ​មាន​គោលបំណង​ចំបង​គឺ​គាំទ្រ​លើ​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល​ដែលមាន​ចេតនា​ចង់​ធ្វើការ​អភិវឌ្ឍ​វិស័យ​ជលផល​ឲ្យ​មាន​និរន្តរភាព ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន​តាមរយ​:​ការអនុវត្ត​ផែនការ​សកម្មភាព​សំខាន់ៗ​ចំនួន​០៣ គឺ​ទី​១. ការកែលម្អ​ការដឹកនាំ ការគ្រប់គ្រង​លើ​ការអនុវត្ត​ច្បាប់ និង​បច្ចេកទេស ការ​គ្រប់ គ្រង អភិរក្ស ត្រួតពិនិត្យ និង​អង្កេត​ធនធាន​ជលផល​ទាំង​ទឹកសាប​និង​សមុទ្រ​។ ទី​២. ធ្វើការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​តាមរយ​:​ការពង្រឹង និង​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម (​ចិញ្ចឹម​-​កែច្នៃ​) ដែល​រួមចំណែក​បង្កើត​ការងារ និង​បង្កើន​ចំណូល​គ្រួសារ និង​ទី​៣. ធ្វើការ​កាត់ បន្ថយ​គម្លាត​សេដ្ឋកិច្ច និង​សង្គម​រវាង​ប្រជា​នេសាទ ជាមួយ​ប្រជាពលរដ្ឋ​មិនមែនជា​អ្នកនេសាទ​។

​ការអនុវត្ត​ផែនការ​សកម្មភាព​សំខាន់ៗ​ទាំង​០៣ ខាងលើ​នឹង​ផ្តល់​លទ្ធផល​តាម​ការរំពឹង​ទុក​ដែល​ក្នុងនោះ​មាន​ជាអាទិ៍​÷ ពង្រឹង​ការអនុវត្ត​ច្បាប់ បច្ចេកទេស ការគ្រប់គ្រង​ការនេសាទ ការកែច្នៃ ការការពារ​ដែន​នេសាទ ការបង្កើត​ជម្រក​ត្រី​ពូជ ការបណ្តុះបណ្តាល​សហគម​ន៍ និង​ផ្សព្វផ្សាយ ការផ្តល់​សេវាកម្ម ការគ្រប់គ្រង​មូលនិធិ ការកាត់បន្ថយ​ការបាត់បង់​ក្រោយពេល​ប្រមូល​ផល ការបង្កើន​បរិមាណ​ផល​នេសាទ​ក្នុង​ទីផ្សារ ធានា​ស្តង់ដារ​គុណភាព សុវត្ថិភាព​ទីផ្សារ​ជាតិ​-​អន្តរជាតិ ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​អំពី​ការត្រួតពិនិត្យ​គុណភាព និង​អនាម័យ​។ ទន្ទឹមនឹងនេះ ផ្តល់​ការគាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​វារីវប្បកម្ម និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​។​ល​។ ក្រៅពីនេះ គម្រោង​ក៏​នឹង​ជួយ​គាំទ្រ​ដល់​សេវា​ទឹកស្អាត អនាម័យ និង​ការគ្រប់គ្រង​កាកសំណល់​ថាមពល និង​ការអប់រំ​នៅ​តំបន់ដីសើម និង​តំបន់ឆ្នេរ គាំទ្រ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​ផងដែរ​។ ជារួម​ទាំង​គោលបំណង និង​លទ្ធផល​ដែល​រំពឹងទុក​នៃ​គម្រោង​ទាំងមូល នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី “​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU” ដែល​សេចក្តីព្រាងច្បាប់​នេះ​ទើបតែ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​០១ ខែកក្កដា​កន្លងមក​។

​មានប្រសាសន៍​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​តាមរយ​:​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ដែល​បាន​បន្ត​ជួយ​គាំទ្រ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង គម្រោង CAPFISH – CAPTURE នេះ​តែម្តង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ជលផល​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​គម្រោង​នេះ​នឹង​បង្កើតបាន​នូវ​ធាតុ​ចូល​សំខាន់ៗ​តាម​ការរំពឹងទុក​ដូច​បាន​ជម្រាបជូន​ខាងលើ ហើយ​លទ្ធផល​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ជលផល ក៏ដូចជា​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នាពេល​អនាគត​។ លោក​ក៏បាន​ណែនាំ​ឲ្យ រដ្ឋបាល​ជលផល​បន្ត​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ម្ចាស់ជំនួយ ដើម្បី​អនុវត្ត​គម្រោង​ឲ្យ​បាន​ជោគជ័យ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×