Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមាន​អង់គ្លេស​ កុំ​ឲ្យ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​នៅ​ហុងកុង​

spot_img

​ប្រទេស​ចិន​បានធ្វើ​ការព្រមាន​អង់គ្លេស ​កុំ​ឲ្យ​ជ្រៀត​ជ្រែង​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន បន្ទាប់ពី​មាន​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង​ឡើង ជុំវិញ​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស លោក Liu Xiaoming បាន​និយាយថា ទំនាក់ទំនង​រវាង​ចិន និង​អង់គ្លេស​ត្រូវបាន​បំផ្លាញ​ដោយសារតែ​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt និង​មនុស្ស​មួយចំនួនទៀត​ដែល​គាំទ្រ​សកម្មភាព​របស់​ក្រុមអ្នកតវ៉ា​នៅ​ហុងកុង​។​

​លោក​បាន​ថ្លែងថា “​អ្នក​ដែល​បាន​លុកលុយ​ចូល​រដ្ឋសភា​ហុងកុង​គួរតែ​ត្រូវបាន​ថ្កោលទោស​ថា ជា​អ្នក​រំលោភច្បាប់​”​។​

​ពេល​បន្ទាប់មក ឯកអគ្គរដ្ឋទូត​ចិន ត្រូវបាន​កោះហៅ​ទៅកាន់​ការិយាល័យ​កិច្ចការបរទេស ជុំវិញ​ការ​ថ្លែង​របស់លោក​។​

​អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការបរទេស​អង់គ្លេស​បាន​ថ្លែងថា លោក Simon McDonald ដែលជា​អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​កិច្ចការ​ការទូត​អង់គ្លេស បាន​ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត​ចិន​ថា ការ​ថ្លែង​របស់គាត់​គឺ​មិនអាច​ទទួលយកបាន និង​មិន​ត្រឹមត្រូវ​ឡើយ​។​

​កាល​ខាងដើម នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកស្រី Theresa May បាន​និយាយថា​អ្នកស្រី​បានបង្ហាញ​ក្តីកង្វល់​ជាមួយនឹង​មេដឹកនាំ​ចិន ជុំវិញ​បញ្ហា​នៅ​ហុងកុង​។​

​សូម​រម្លឹកថា បច្ចុប្បន្ន ក្រុមបាតុករ​នៅ​ទីក្រុង​ហុងកុង​កំពុង​បន្ត​ការតវ៉ា​របស់​ពួកគេ​អស់​ជាច្រើន​សប្តាហ៍​មកហើយ​។ កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ មានការ​ផ្ទុះ​ការតវ៉ា​ខ្លាំង​រហូតដល់​មាន​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​លុកលុយ ចូល​អាគារ​ក្រុមប្រឹក្សារដ្ឋ​អស់​ជាច្រើន​ម៉ោង និង​បាន​លើក​ទង់ជាតិ​របស់​អង់គ្លេស​។​

​ក្រុម​អ្នក​រិះគន់ បាន​និយាយថា សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន អាច​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើការ​បញ្ជូន​អ្នកនយោបាយ​ប្រឆាំង​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន​។​

​ក្រុមអ្នកតវ៉ា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហុងកុង​បោះបង់ចោល​ច្បាប់​នោះ និង​បានទាមទារ​ឲ្យ​មេ​ដឹក​ន​អ្នក​ចុះ​ចេញពី​ដំណែង​។ ពួកគេ​ក៏បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ទាំងអស់​ផងដែរ និង​ធ្វើការ​ស៊ើបអង្កេត​លើ​អំពើ​ហឹ​ង្សា​។​

​ទីក្រុង​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ ១៩៩៧ ដោយ​ស្ថិតក្រោម​រូបមន្ត​ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង​ពីរ ដែល​ផ្តល់​សេរីភាព​ដល់ទី​ក្រុង​ហុងកុង រួមមាន​សិទ្ធិសេរីភាព​ក្នុង​ការតវ៉ា និង​ប្រព័ន្ធតុលាការ​ឯករាជ្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×