Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់ តាម​បណ្តឹង​របស់ឧកញ៉ា ឈាង ប៉ាក់​សួរ ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី នៅ​ស្រុក​ស្អាង , ប្រជាពលរដ្ឋ ស្រែក​សុំ​តវ៉ា​ឲ្យ​តុលាការ​ឲ្យ​ដោះលែង​ស្រី​ត្រូវ​ចោទ​

spot_img

កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី ៤ កក្កដា​នេះ ក្នុងពេលដែល តុលាការ​ខេត្តកណ្ដាល បាន​នាំខ្លួន ស្ត្រី​ត្រូវ​ចោទ​មានឈ្មោះ ច្រេ​ង សៀក ដែល​ជាប់ចោទ​ប្រកាន់ ពីបទ​កាន់កាប់​អចលនទ្រព្យ​អ្នកដទៃ ខុសច្បាប់ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​ជាមួយ ឧកញ៉ា ឈាង ប៉ាក់​សួរ ក៏មាន​សាច់ញាតិ និង​អ្នកភូមិ ប្រមាណ​ជិត ១០០​នាក់ បាននាំគ្នា​មក​តវ៉ា នៅមុខ​សាលាដំបូង​ខេត្តកណ្តាល ទាមទារ​ឲ្យ​តុលាការ ដោះលែង​ស្ត្រី​ត្រូវ​ចោទ​វិញ​។

​ក្នុងការ​តវ៉ា​នោះ ប្រជាពលរដ្ឋ​បាន​លើក​បដា និង​ស្រែក​ទាមទារ ឲ្យ​មានការ​ដោះលែង​តំណាង​របស់ខ្លួន ។ ក្នុង​បដា​នោះ បានសរសេរថា “​លោក​ឧកញ៉ា​ឈាង ប៉ាក់​សួរ រំលោភ​យក​ដីស្រែ​យើងខ្ញុំ សូម​តុលាការ​អនុញ្ញាត​ឲ្យ​យើងខ្ញុំ ដែលជា​ម្ចាស់​ដី កាន់កាប់​ធ្វើស្រែ​វិញ​។ ដីស្រែ​ជា​ជីវិត​របស់​យើងខ្ញុំ​។ យើងខ្ញុំ​នឹង​គ្មានអ្វី​ហូប បើ​តុលា​ការហាម​មិន​ឲ្យ​ធ្វើស្រែ​។ ដីស្រែ​របស់​យើង គឺជា​ជីវិត​របស់​យើង​។ យើង​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល លើដី​ស្រែ​របស់​យើង​”​។​

​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ តាម​បណ្តឹង​របស់លោក ឧកញ៉ា ឈាង ប៉ាក់​សួរ ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ស្ត្រី​ត្រូវ​ចោទ​មានឈ្មោះ ច្រេ​ង សៀក អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​គ្រា​ដែល​លោកស្រី ចុះទៅ​ឃាត់​គ្រឿងចក្រ​របស់លោក ឧកញ៉ា ឈាង ប៉ាក់​សួរ កុំ​ឲ្យ​កាយ​ប្រឡាយ នៅលើ​ដី​ដែល​កំពុង​មានទំនាស់​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ស្ត្រី​ត្រូវ​ចោទ ត្រូវបាន​កម្លាំង​នគរបាល បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ឲ្យ​លោក​ចៅក្រម អ៊ី សុវណ្ណ សាកសួរ មុននឹង​សម្រេច​ថា ត្រូវ​ឃុំខ្លួន ឬ​ត្រូវ​ដោះលែង ជន​ត្រូវ​ចោទ​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក​ចៅក្រម អ៊ី សុវណ្ណ បាន​ចោទប្រកាន់​ស្ត្រី​ឈ្មោះ ច្រេ​ង សៀក ពីបទ រំលោភ​កាន់កាប់​អចលនវត្ថុ​របស់​អ្នកដទៃ ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៤ យោងតាម​មាត្រា ២៤៧, មាត្រា ២៤៨ និង​មាត្រា ២៥៣ នៃ​ច្បាប់ ភូមិបាល​។​

​ជុំវិញ​ករណី​ចាប់ខ្លួន​ស្ត្រី ត្រូវ​ចោទ នៅ​ព្រឹក​ថ្ងៃទី 4 ខែកក្កដា​ឆ្នាំ 2019 នេះ​នៅមុខ​តុលាការ​ខេត្តកណ្ដាល សាច់ញាតិ និង​អ្នកភូមិ ប្រមាណ​ជិត ១០០​នាក់ បាននាំគ្នា​មក​តវ៉ា ទាមទារ​ឲ្យ​តុលាការ​ដោះលែង ស្ត្រី​ត្រូវ​ចោទ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​

​កូនប្រុស​ស្រី​របស់​ស្ត្រី​ត្រូវ​ចោទ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ម្តាយ​របស់​ពួកគេ បាន​ទិញ​ដី ទំហំ ៧៥​ហិកតា ដែលមាន​ទីតាំង​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ពី​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ កាលពី​អំឡុង​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៣ ដោយមាន​ឯកសារ​ទិញ លក់ ទទួលស្គាល់ ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ត្រឹមត្រូវ​។ នៅ​អំឡុង​ឆ្នាំ​២០១៤ ស្រាប់​តែមាន​លោក ឧកញ៉ា ឈាង ប៉ាក់​សួរ ចេញមុខ​មកប្តឹង ទាមទារ​ដី​របស់​ម្តាយ​ពួកគាត់ ដោយ​ចោទប្រកាន់ថា ម្តាយ​របស់​ពួកគាត់ រំលោភ​យក​ដី ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​។ ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​តុលាការ​ពិចារណា ក្នុងការ​ដោះលែង​ស្ត្រី​ត្រូវ​ចោទ ឲ្យ​មាន​សេរីភាព​វិញ​។​

​សូមបញ្ជាក់ថា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល កាលពី ថ្ងៃទី​០២ ខែកក្កដា ២០១៩ បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង​បង្ក្រាប​ការចាប់ខ្លួន​តាម​ដីកា​របស់​សាលា ដំបូង​ខេត្តកណ្តាល​​ថ្ងៃ​អង្គា​រ៍ ១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ កក្កដា គ​.​ស​២០១៩ វេលា​ម៉ោង​១៧.២៥ នាទី នៅ​ចំណុច​កំពង់ដរ​ព្រែ​កតា​ឯក ភូមិ​លេខ​៤ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត កណ្តាល បានធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ឈ្មោះ ច្រេ​ង សៀក ភេទ ស្រី​អាយុ​៥៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ លក់ដូរ​។​

​ពីបទ​៖ រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នក​ដ៏​ទៃ​​កើតហេតុ​កាលពី អំឡុង​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ដីកា​លេខ​.១៦០ ចុះ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៩ របស់លោក អុី សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ។ បច្ចុប្បន្ន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×