Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖  ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រំ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក​អភិបាលរង​ខេត្ត លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក តំណាង​កងកម្លាំង​ទាំងបី ប្រធានការិយាល័យ​មន្ត្រី​រាជការ​ចំណុះ​សាលាស្រុក និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ ។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ក្រោម​ការដឹកនាំ​របស់​លោក សុទ្ធ គឹម​ចន្ទ អតីត​អភិបាលស្រុក​ស្វាយជ្រំ​នាពេល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​រួមមាន ការអភិវឌ្ឍ ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។​

លោក អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា ៖

១- បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

២- ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​

៣- គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​ឲ្យ​បានច្បាស់លាស់​។

៤- ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រាជការ​របស់​ស្រុក​។​

៥- បង្កើន​ការសហការ​ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​ជាដើម​។​

៦- ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​ដី​រដ្ឋ និង​ទប់ស្កាត់​ចំពោះ​ការរំលោភ​យក​ដី​ចំណីផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ជាដើម​។​

៧- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​ឲ្យ​បានល្អ​នៅក្នុង​ស្រុក ជាពិសេស​នៅតាម​ទីប្រជុំជន​ស្រុក និង​នៅតាម​ដងផ្លូវ​សាធារណៈ​នានា​។

៨- ខិតខំ​រួមសហការ​សាមគ្គីភាព​អភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។​

៩- បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

១០- ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​នានា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ។​

១១- អាជ្ញាធ​ពាក់ព័ន្ធ​ត្រូវ​ហាម​ប្រជាជន​យើង​ដាច់ខាត ការជួល​ដី​អោយ​ប្រជាជន​ប្រទេសជិតខាង​។

១២- ត្រូវ​បន្ត​ការពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​អោយបាន​ដាច់ខាត​។​

​សូមបញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ​៨០៨ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវបានតែង​តាំង​មុខតំណែង​លោក ហែម សារិទ្ធ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រំ ជំនួស​លោក សុទ្ធ គឹម​ចន្ទ ដែល​ត្រូវ​ចូលនិវត្តន៍ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×