Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ប្រកាស​ដាក់​ដំណើរការ APP ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ និង​តាមដាន​ចលនា​បម្លាស់​ទី រថយន្តក្រុង​សាធារណៈ​

spot_img

​ភ្នំពេញ ​៖ ក្រោយពី​បាន​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ ក្នុង​ឆ្នាំ​២០១៤ រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ សេវា​មួយ​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​រាជធានី ដោយបាន​ចូលរួម​ក្នុងការ​កាត់បន្ថយ ចំណាយ​លើ​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពិសេស​បាន​ចូលរួម​មួយចំណែក លើ​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ដើម្បី​ឲ្យ​សេវាកម្ម​សាធារណៈ​មួយ​នេះ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់​ដំណើរការ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការ​រថយន្ត​ក្រុង និង APP សម្រាប់​តាមដាន ចលនា​បម្លាស់​ទី​រថយន្តក្រុង ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ដាក់​ដំណើរការ APP នេះ បាន​ថ្លែងអំណរគុណ​ដល់ទី​ភ្នាក់ងា​រ សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន JICA ដែល​បានផ្តល់​ជា​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ការអនុវត្ត “​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ​” ដែល​ហៅថា​កាត់​គម្រោង PIBO ព្រមទាំង​សម្រេចបាន​នូវ​លទ្ធផល​ជាំ​ច្រើន​គួរ​ជាទី​មោទនៈ​។​

​លោក​អភិបាល ក៏បាន​កោតសរសើរ និង​វាយតម្លៃ​​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមមាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រដ្ឋាករ​ស្វយ័ត​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ (​រ​.​ដ​.​ស​) ទីចាត់ការ​រៀបចំ​ក្រុង ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ ដល់​ក្រុម​ជំនាញការ​នៃ​គម្រោង PIBO ដើម្បីអោយ​ការអនុវត្ត​គម្រោង​នេះ ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​គម្រោង PIBO ក្រុម​អ្នកជំនាញការ JICA និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បាន​បង្កើត​នូវ​ប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការ​រថយន្ត​ក្រុង និង​ប្រព័ន្ធ​តាមដាន​ទីតាំង ចលនា បម្លាស់​ទី​រថយន្តក្រុង ។ ប្រព័ន្ធ​ទាំងពីរ​នេះ រំពឹងថា នឹង​រួមចំណែក​ធ្វើ​ឲ្យ​ប្រតិបត្តិការ​រថយន្តក្រុង កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់ សេវា​ដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង​ផងដែរ ។​

​លោក​អភិបាល បាន​មានប្រសាសន៍​បន្តថា មុន​​ពេលដែល​ប្រព័ន្ធគ្រប់គ្រង​ប្រតិបត្តិការ​នេះ ត្រូវ​បានដាក់ អោយ​ដំណើរការ អ្នកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង មិនអាច​ដឹងថា​រថយន្តក្រុង កំពុងស្ថិត​នី​ទីតាំង​ណា​ឡើយ ក្រោយពេល​រថយន្តក្រុង​នោះ​ចាកចេញ ពី​ស្ថានីយ​ចំណត​ដឹក​អ្នកដំណើរ​ណាមួយ ហើយ​នៅពេល​ខ្លះ នៅលើ​តម្រាយ​ផ្លូវ​រត់​ដូចគ្នា យើង​សង្កេតឃើញថា មាន​រថយន្ត​ពីរ​គ្រឿង បាន​មកដល់​ក្នុងពេល​តែមួយ ដែល​ធ្វើ​ឲ្យ​ខាត​ជើង​រថយន្តក្រុង ដែល​ត្រូវ​បញ្ចេញ​ទៅ​ទទួល​អ្នកដំណើរ តាម​ចំណត​រថយន្តក្រុង​ដទៃ​ទៀតផង ធ្វើ​ឲ្យ​ការផ្តល់សេវា​ពុំ​ទទួលបាន ប្រសិទ្ធភាព​ខ្ពស់​។​

ដោយ​មើលឃើញ​ពី​កង្វះខាត​ទាំងនេះ និង​ដើម្បី​​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក្រុម​ជំនាញការ​នៃ​គម្រោង PIBO និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​បានធ្វើ​ការសិក្សា ស្រាវជ្រាវ រហូត​ឈានដល់​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការ​រថយន្ត​ក្រុង និង​ប្រព័ន្ធ APP តាមដាន​ទីតាំង​ចលនា​បម្លាស់​ទី​រថយន្តក្រុង និង​ផ្តល់នូវ​ព័ត៌មាន អំពី​ទីតាំង​ជាក់ស្តែង​របស់​រថយន្ត​ក្រុង ដែល​បង្កលក្ខណៈ​ងាយស្រួល​ទាំង​អ្នកគ្រប់គ្រង​ប្រតិបត្តិការ អ្នកបើកបរ និង​អ្នកប្រើប្រាស់​សេវា ។ នៅពេលដែល​ទទួលបាន​ព័ត៌មាន​អំពី​ទីតាំង​រថយន្តក្រុង​រួច​នោះ គឺអាច​ផ្តល់ដំណឹង​បន្តទៅ​អ្នកបើកបរ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​រថយន្តក្រុង​ពីរ ឬ​ច្រើន​គ្រឿង​មកដល់​ក្នុងពេល​តែមួយ ។ ចំពោះ​អ្នកប្រើប្រាស់​សេវា​វិញ គឺ​ពួកគេ​អាច​ដឹង​ជាមុន អំពី​ពេលវេលា​ដែល​រថយន្តក្រុង​នឹង​មកដល់ ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​រង់ចាំ​យូរ​នៅតាម​ចំណត រថយន្តក្រុង​នោះឡើយ ។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា សមិទ្ធផល​គួរ​ឲ្យ​គត់​សម្គាល់​មួយទៀត ដែល​ក្រុម​ជំនាញការ JICA និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង​សម្រេចបាន គឺ​ការបង្កើត​ទិន្នន័យ​ទីតាំង​រថយន្តក្រុង ត្រូវបាន​បង្កើត​និង​រក្សា​ទុកជា​ទម្រង់ GTFS ។ ទិន្នន័យ​នេះ នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ក្រុមហ៊ុន​ឯកជន ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នៅលើ App របស់ខ្លួន ។ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​ឯកជន ៣ កំពុង​សហការ​ជាមួយ​ក្រុម​ជំនាញការ JICA និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង ដើម្បី​ផ្សព្វផ្សាយ ឲ្យ​កាន់តែ​ទូលំទូលាយ នូវ​កម្មវិធី​តាមដាន​ចលនា​បម្លាស់​ទី​រថយន្តក្រុង ។​

​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ឲ្យ​ដឹងថា ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ដែលមាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ខែមករា ឆ្នាំ​២០១៧ ដល់​ខែធ្នូ ឆ្នាំ​២០២០ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ និង​ក្រុម​ជំនាញការ JICA បានដាក់​ឲ្យ​ដំណើរការ សេវា​ដឹកជញ្ជូន​សាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​១៣​ខ្សែ ប្រើប្រាស់​រថយន្ត ២៣៥​គ្រឿង និង​មាន​អ្នកជិះរថយន្ត​ក្រុង​ពី​២៦.០០០​នាក់ ទៅ​៣០.០០០​នាក់ ក្នុង​មួយថ្ងៃ​។​

លោក​បញ្ជាក់​បន្ថែមថា រដ្ឋាករ បាន​បំពាក់​នូវ​ម៉ាស៊ីន​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ អេ​ឡិ​ក​ត្រូ​និក ដោយ​ប្រើប្រាស់​កាត NFC របស់​ធនាគារ​ឯកទេស​វី​ង និ​ង​អេស៊ីលីដា ទាន់​ចិត្ត (QR-Code) របស់​ធនាគារ​អេស៊ីលីដា នៅលើ​រថយន្តក្រុង​ទាំងអស់ និង​បានរៀបចំ​ជម្រក​រង់ចាំ​ថ្មី (Bus Shelter) ចំនួន ១៧៧​ទីតាំង លើ​ចំណត​រង់ចាំ (Bus Stop) ចំនួន ៩០៤​ទីតាំង ដោយ​បំពាក់​ភ្លើង​បំភ្លឺ និង WIFI នៅលើ​រថយន្តក្រុង​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×