Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី ប្រកាស​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី រវាង​ពលរដ្ឋ ១៩៧​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ហេង ហ៊ុយ នៅ​ស្រុក​ស្រែអំបិល ទោះបី​ពលរដ្ឋ​ស្រែកយំ​មុខក្រសួង​

spot_img

(​ភ្នំពេញ​)៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​មិន​ដោះស្រាយ​បញ្ហាដីធ្លី តាម​ការទាមទារ​រប​ស់​ប្រជាពលរដ្ឋ​ផង ១៩៧​គ្រួសារ ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រប នៅ​ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ឃុំ​ជីខ​លើ និង​ភូមិ​ចំបក់ ឃុំ​ជីខ​ក្រោម នៅក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង​នោះទេ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី បានឱ្យដឹងថា តាម​ការពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​កន្លងមក​ឃើញថា នៅលើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ ១៩៧​គ្រួសារ កំពុង​ទាមទារ​នោះ ជាទី​តាំង​ដី​ដែល​ធ្លាប់មាន​វិវាទ​រវាង​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រុប ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន ៦៩​គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ ២៦ គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ ១៥​គ្រួសារ​, ក្រុម​ប្រជា​៦​ពលរដ្ឋ ៩​គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ ២​គ្រួសារ និង​ឈ្មោះ សុខ ហុង ហើយ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ទាំងស្រុង ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​គ្រប់​ថ្នាក់​។ ផ្អែកលើ​ការដោះស្រាយ​នេះ​នៅ​ឆ្នាំ​២០១១ ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រុប បានទទួល​គ្រប់គ្រង​ដី​នេះ​ជា​កម្មសិទ្ធិ​ស្របច្បាប់​រហូតមក​។​

​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ទៀតថា ចាប់ពី​ឆ្នាំ​២០០៧ មក​ប្រជាពលរដ្ឋ​ទាំង​១៩៧​គ្រួសារ ខាងលើនេះ មិនដែល​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹងតវ៉ា​ទាមទារ​ក្នុង​សំណុំ​រឿងនេះ​ទេ​។ ជាពិសេស​នៅក្នុង​អំឡុងពេល ៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ នៃ​កិច្ចដំណើរការ​ទទួល​ពាក្យបណ្តឹង និង​ការបំពេញ​សលាក​ប​ត្រ​ព័ត៌មាន​ទាមទារ​ដីធ្លី របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ ក្នុង​ខេត្តកោះកុង ក៏​មិន​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន ១៩៧ គ្រួសារ​ខាងលើនេះ​ចូលរួម​ដែរ​។​

​សូមបញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ប្រកាស​មិន​ទទួល​សំណើ មិន​ទទួល និង​ជំរុញ​ទៅ​អាជ្ញាធរ​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ពលរដ្ឋ​១៩៧​គ្រួសារ ដែល​មក​តវ៉ា រឿង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ។ តំណាង​ពលរដ្ឋ បាន​និយាយថា ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​បាត់បង់​ដីធ្លី​ពិតមែន ហេតុ​អី​បានជា​គាត់​មិន​ដោះស្រាយ​ឲ្យ ពួក​ខ្ញុំ​មិនត្រូវ​បាន​គេ​ដោះស្រាយ​ឲ្យ​ទេ​។ គេ​ដោះស្រាយ​ឲ្យ​តែ​អ្នក​រង​ប៉ះពាល់​ជាមួយ​លោក លី យ៉ុង​ផាត់ ទេ ខាង ហេង ហ៊ុយ មិនបាន​ដោះស្រាយ​ទេ​។​

​ក្រសួង រៀបចំ ដែនដី បានប្រកាស​កាលពី​ថ្ងៃទី​១ ខែកក្កដា ថា ក្រសួង​បាន​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ៩៨៧​គ្រួសារ​ដែលមាន​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​ដំណាំ​អំពៅ​ផលិត​ស្ករសរ​នាំចេញ ស្ថិតក្នុង​ខេត្តកោះកុង​នោះ ចប់​ជា​ស្ថាពរ​យូរហើយ​។ ក្រសួង​ជំនាញ ក៏បាន បាន​បដិសេធ​ចំពោះ​ពលរដ្ឋ ១៩៧​គ្រួសារ​ដែល​ឡើងមក​តវ៉ា​នេះ ដោយ​ថា ពលរដ្ឋ​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​នោះទេ​។​

​ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ថ្ងៃទី​១ ខែកក្កដា ផ្ញើជូន​ក្រុម​ពលរដ្ឋ ១៩៧​គ្រួសារ គឺ​អភិបាលរង​ខេត្ត លោក សុខ សុ​ទ្ធី ប្រាប់​ពលរដ្ឋ​ថា បញ្ហា​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ ១៩៧​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ហើយ​ពលរដ្ឋ​សុំ​កាត់​ឆ្វៀល​ដី ៤២១​ហិកតា​នោះ គឺ​ស្ថិតនៅ​លើដី​មាន​ប័ណ្ណ​កម្ម​សិទ្ធ​រួចទៅហើយ ដែល​កាន់កាប់​ដោយ​ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ​។​

​ក្នុង​លិខិត​ដដែល​នេះ​លោក សុខ សុ​ទ្ធី បញ្ជាក់ប្រាប់​ពលរដ្ឋ​ថា វា​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ខេត្ត​ក្នុងការ​ដោះស្រាយ ដោយ​ថា ការដោះស្រាយ​បញ្ហា​នេះ គឺជា​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។​

ក្រសួង​រៀបចំ​ដែនដី​បាន​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ជូន​ពលរដ្ឋ ៩៨៧​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​២ ដែលមាន​ជនជាតិ​ថៃ​ជា​អ្នកវិនិយោគ ហើយ​លោក លី យ៉ុង ផាត់ ជា​ម្ចាស់ ប៉ុន្តែ មិនបាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ ១៩៧​គ្រួសារ ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​របស់លោក ហេង ហ៊ុយ នោះទេ​។​

​យោងតាម​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី​បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ កំពុងមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ក្នុង​ញត្តិ​នេះ បាន​បញ្ជាក់ថា ដី​ដែលមាន​ជម្លោះ​នោះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ក្នុង​ឃុំ​ជីខ​លើ និង​ដី​ក្នុងភូមិ​ចំបក់ ស្ថិតនៅក្នុង​ឃុំ​ជីខ​ក្រោម​។​

​ក្នុង​ញត្តិ​ដដែល​នេះ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឆ្វៀល​កាត់​ដី​ទំហំ ៤២១​ហិកតា ចេញពី​ដី​ទីតាំង​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដោយ​ប្រគល់​ឲ្យ​មក​ប្រជាពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ​វិញ​។ ប្រជាពលរដ្ឋ​ក៏​ទាមទារ​សំណង​ចំនួន ៧០០០​ដុល្លារ ក្នុង​មួយ​គ្រួសារ​ផងដែរ​។​

​ប្រជាពលរដ្ឋ ប្រហែល​ជាង ១០០​នាក់ ដែល អះអាងថា កំពុងមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សបា្តហ៍​នេះ ពលរដ្ឋ​ជាង​១០០​នាក់ ដែល​អះអាងថា តំណាង​ឲ្យ​ពលរដ្ឋ​១៩៧​គ្រួសារ មកពី​ឃុំ​ជីខ​លើ និង​ជីខ​ក្រោម បានមក​តវ៉ា​មុខក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ ម្តង​រួចមកហើយ ដើម្បី ស្នើ សុំ​ក្រសួង​ជួយ​ដោះស្រាយ បញ្ហា ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ​។ ប៉ុន្តែ ក្រោយ​ក្រុម​ពលរដ្ឋ​ត្រឡប់ទៅផ្ទះ​វិញ ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ច្រានចោល​ពលរដ្ឋ​១៩៧​គ្រួសារ​នេះ ដោយ​ថា ពលរដ្ឋ​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ដែល​ត្រូវ​ដោះស្រាយ​ឡើយ​។​

អ្នកស្រី ដេ​ត ហួ ដែល​អះអាងថា ជា​តំណាង​ពលរដ្ឋ​នៅ​កន្លែង​តវ៉ា​មុខក្រសួង​រៀបចំ​ដែនដី​បាន​និយាយថា អ្នកភូមិ​មានការ​ខកចិត្ត និង​ឈឺចាប់ ដែល​ពួកគាត់​ត្រូវបាន​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី​ហើយ បែរជា​ក្រសួង​ប្រកាស​មិន​ដោះស្រាយ និង​ជំរុញ​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ទៀត​នោះ​។​

​អ្នកស្រី​បន្ថែមថា​៖ «​ក្រសួង​គាត់​អត់​បាន​ស្តាប់​ហេតុផល​របស់​ពួក​ខ្ញុំ​ទេ ហេតុ​អី​បានជា​គាត់​ធ្វើ​អីចឹង​? ការធ្វើ​អីចឹង វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ពេក​ហើយ អត់​មាន​អាណិត​ពួក​ខ្ញុំ​ទេ ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​បាត់បង់​ដីធ្លី​ពិតមែន ហេតុ​អី​បានជា​គាត់​មិន​ដោះស្រាយ​ឲ្យ​? ពួក​ខ្ញុំ​មិនត្រូវ​បាន​គេ​ដោះស្រាយ​ឲ្យ​ទេ​។ គេ​ដោះស្រាយ​ឲ្យ​តែ​អ្នក​រង​ប៉ះពាល់​ជាមួយ​លោក លី យ៉ុង​ផាត់ ទេ ខាង ហេង ហ៊ុយ មិនបាន​ដោះស្រាយ​ទេ​»៕​ ដោយ​៖​កូ​ឡាប​

spot_img
×