Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុះរើ​ស្លាក​យីហោ​ខុសច្បាប់​របស់​ជនបរទេស​ចំនួន​១១​ទីតាំង នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

spot_img

​រាជធានី​ភ្នំពេញ ៖ លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម ចំនួន​១១​ទីតាំង នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ការចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​ខាងលើ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​ពិនិត្យឃើញថា ស្លាក​យីហោ​ទាំងនេះ សរសេរ​អក្សរ​បរទេស​នៅលើ​អក្សរ​ខ្មែរ អក្សរ​បរទេស​សុទ្ធ អក្សរ​ខ្មែរ​សរសេរ​មិន​ត្រឹមត្រូវ ខុស​ខ្លឹមសារ ខុស​អក្ខរាវិរុទ្ធ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ​ជាតិ និង​សីលធម៌​សង្គម​។​

​នៅក្នុង​ឱកាស​នោះ រដ្ឋលេខាធិការ វ៉េង សុធី បានធ្វើ​ការណែនាំ និង​ពន្យល់​ជនបរទេស​ដែលជា​ម្ចាស់​ហាង អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រមទាំង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​។​

«​យើង​បាន​ប្រាប់​គាត់​ឱ្យបំពេញ​លក្ខខណ្ឌ​បី​ចំនុច ទី​១ ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ ចំពោះ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ ទី​២ ការលើក​ស្លាក​យីហោ ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​ក្រសួង ឬ​មន្ទីរ​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣ ការដាក់​ពាក្យសុំ​លើកស្លា​ក​យីហោ​អាជីវកម្ម ត្រូវធ្វើ​តាមរយៈ​ច្រកចេញចូល​តែមួយ​របស់​សាលា​រាជធានី ឬ​ខេត្ត​» លោក​រដ្ឋលេខាធិការ វ៉េង សុធី បាន​គូសបញ្ជាក់​។​

​ទន្ទឹមគ្នា​នោះដែរ លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ការខិតខំ​ពង្រឹង​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ពាក់ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×