ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបានអំពាវនាវ និងជូនដំណឹងដល់មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពទាំងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ, ក្រុមហ៊ុនឯកជន, សិស្សនិស្សិត និងប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ ឲ្យបានជ្រាបថា នៅម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល និងបោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូលឲ្យបានស្អាតឡើងវិញ។
ផ្តើមពីបញ្ហានេះ លោក គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណៈជនទូទៅ មេត្តាចូលរួមសហការ និងអញ្ជើញចូលរួមឲ្យក្នុងយុទ្ធនាការសំអាតបរិស្ដាននេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថាន និងកិត្យានុភាពក្រុងព្រះសីហនុឲ្យកាន់តែមានភាពស្រស់បំព្រង និងសាកសមជាទីក្រុងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលដៅជួបជុំ ក្នុងការចុះបោសសំអាតកាកសំណល់សំរាមខាងលើនេះមានដូចជា ៖
– គោលដៅទី១÷ ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន)
– គោលដៅទី២ ÷ ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
– គោលដៅទី៣ ÷ ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ)
– គោលដៅទី៤ ÷ ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ៕អត្ថបទ៖ ដែន សីមា