Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​ចល័ត និង​គយ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ឃ្លាំង​លក់​ម៉ា​សុីន​ភ្លើង​ជនជាតិ​ចិន២​កន្លែង រកឃើញ​ម៉ា​សុីន​ភ្លើង​ថ្មី​ជាង ​៦០​គ្រឿង អត់​បង់ពន្ធ​នាំចូល​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​គយ​ចល័ត​តំបន់​៣ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក កែវ អង្កាម សហការ​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក ទុំ ណូ និង​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កម្លាំង​កងរាជអាវុធហត្ថ ៤០២ របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ឆែក​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក និង​លក់​ម៉ាស៊ីនភ្លើង​ចំនួន​ពីរ​កន្លែង ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន ដោយ​រកឃើញ​ម៉ាស៊ីនភ្លើង​ថ្មី​ទាំង​តូច​ទាំង​ធំ​ជាង ៦០​គ្រឿង មិនមាន​ឯកសារ​បង់ពន្ធ​នាំចូល​តាមច្បាប់​គយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។​

​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​ខាងលើនេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ដោយមាន​ការសម្របសម្រួល​ពី លោក សុខ កល្យាណ ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​, លោក​ព្រះរាជអាជ្ញា សៀង សុខ និង​លោក​ព្រះរាជអាជ្ញារង លឹម ប៊ុនហេង បាន​ដឹកនាំ​ចុះ​អនុវត្តន៍​ផ្ទាល់ តាម​ដីកា​លេខ​២៨០៥ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចំពោះ​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​ទាំងពីរ​កន្លែង ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន​ខាងលើនេះ​រួមមាន​៖

១- ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​មាន ឈ្មោះ ហាង ហ្វូ​លី​ស៊ឺ​ថឹ មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺ​នៅ​ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន​។​

២- ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង (​គ្មាន​ឈ្មោះ​) មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺ​នៅ​ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ឆៀង​ខាងលិច​។​

​មន្ត្រី​សាខាគយ​ដដែល​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​ឆែក​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ា​សុី​ន​ភ្លើង​ទាំងពីរ​កន្លែង​នោះ សមត្ថកិច្ច​រកឃើញ​មាន​ម៉ា​សុី​ន​ភ្លើង​ថ្មី​ម ទាំង​តូច​ទាំង​ធំ​ជាង​៦០​គ្រឿង ដែល​មិនទាន់មាន​ឯកសារ​បង់ពន្ធ​នាំចូល​ស្របតាម​ច្បាប់​គយ​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​សាខាគយ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​គយ​ចល័ត ក៏បាន​ដកហូតយក​ម៉ា​សុី​ន​ភ្លើង​ទាំងអស់នោះ ដើម្បី​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង្ហាញ​ឯកសារ​បង់ពន្ធ​ជា​ក្រោយ​។ ប៉ុន្តែ​ក្នុងករណី​ម្ចាស់​ឃ្លាំង​លក់​ម៉ាស៊ីនភ្លើង​ជា​ជន​ជាតិចិន​ទាំងពីរ​ឃ្លាំង គ្មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ ទេ គឺ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ាស៊ីនភ្លើង​ទាំងនោះ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ជាមួយនឹង​ការផាកពិន័យ​ស្របតាម​ច្បាប់​គយ​ផងដែរ​។​

​មន្ត្រី​សាខាគយ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​បន្តទៀតថា ចំពោះ​សកម្មភាព​ចុះបង្ក្រាប​ទំនិញ​គេចពន្ធ​ជា​បន្តបន្ទាប់ របស់​មន្ត្រី​ជំនាញ គឺ​បាន​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ផ្ទាល់ ពី​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​អំពើ​គេចពន្ធ និង​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ដែល​តម្រង់ទិស​ឲ្យ​គ្រប់​ប្រតិបត្តិ​ករ​ឯកជន​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ត្រូវគោរព​ច្បាប់​ពន្ធគយ ដើម្បី​ប្រមូលប្រាក់​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×