Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន យុវជន​គង់ រ៉ៃ​យ៉ា ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់

spot_img

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាឃុំខ្លួន​លោក គង់ រៃ​យ៉ា ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​បាន​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ពណ៌​ខ្មៅ និង​ស ។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​បន្ត នាំខ្លួន​លោក គង់ រៃ​យ៉ា មក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សាជាថ្មី​ម្តងទៀត ដើម្បី​ឲ្យ​តំណាង​អយ្យការ សាកសួរ​បន្ថែមទៀត ក្រោម​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។​

​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​យុវជន គង់ រ៉ៃ​យ៉ា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ខណៈដែល​យុវជន ៣​រូប​ទៀត ដែល​ត្រូវបាន​ឃាត់ខ្លួន​ដំណាលគ្នា​នោះ ត្រូវបាន​ដោះលែង​វិញ​ហើយ​។​

​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា និង​បក្ខពួក​៣​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពួកគេ​បាន​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ពណ៌​ខ្មៅ និង​ស ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ខ្លឹមសារ​ញុះញង់ ឲ្យ​មាន​កំហឹង​ឈឺចាប់ ដើម្បី​បំផុសបំផុល ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ការបោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ពណ៌​ខ្មៅ និង​ស មាន​ខ្លឹមសារ​ថា​” បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹងរង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​”​។

​ក្រោយ​ឃាត់ខ្លួន​យកទៅ​សាកសួរ សមត្ថកិច្ច បានសម្រេច​ឲ្យ​មនុស្ស​៣​នាក់​ទៅផ្ទះ​វិញ ដោយ​ទុក​តែ​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ម្នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×