Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក ទៅ​តុលាការ ខេត្តមណ្ឌលគិរី​

spot_img

(​មណ្ឌលគិរី​)៖ នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ឧកញ៉ាស៊ឹង សំអុល និង​បក្ខពួក​៣​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​សួរនាំ ក្រោយពី​ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ថ្លែង ថា យើង​បាន​បញ្ជូន​ពួកគេ​ឡើង តុលាការ​ហើយ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ដែលមាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន និង​បក្ខពួក​របស់គាត់​។ លោក​ថា “​ឧកញ៉ា ស៊ឹង សំអុល និង​បក្សពួក ០៣​នាក់​ទៀត ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​”​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង ៤០​គ្រឿង​ផងដែរ​។​

​ប្រតិបត្តិការ​នេះ​បាន​កើតឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ពិបាក​ក្នុង​ការនាំ​ចេញមកក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញមក​ប្រកាស​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត របស់​ជន​ទាំងឡាយណា រួមទាំង​អ្នកសារព័ត៌មាន​ផង​នោះ ដែល​ហ៊ាន​ចេញមក​រារាំង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​កំពុងតែ​អនុវត្ត​នៅពេលនេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែងថា «​អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​កិច្ចការពារ​ព្រៃឈើ រាប់ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ គេ​កាប់​ឈើ​អស់លោក​ស្រែក​អា​ឡេ​អា​ឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ក៏​ស្រែក ឥលូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់ ដែលជា​ការរួម​ផ្សំ​ជាមួយ​បទល្មើស​។ ប្រទេស​នេះ ប្រទេស​កម្ពុជា ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវច្បាប់​នោះទេ​។ បទបញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ បាញ់សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូតមក​ដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្លាប់​មនុស្ស​ទេ ខ្ញុំ​បំផ្លាញ​តែ​មធ្យោបាយ គ្មាន​បំបាត់ចោល​មធ្យោបាយ ដើម្បី​ការពារ​បទល្មើស តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ ដូច្នេះ​មធ្យោបាយ​បទល្មើស​ត្រូវកម្ទេច​ក្រវាត់​ចោល​។ បើសិនជា​អស់លោក​ពូកែ​បែបនេះ សូម​ឲ្យ​មក​ធ្វើ​ខ្លួនឯង​។ ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ ធនធានធម្មជាតិ និង​ទទួលខុស​ត្រូវជា​មន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល​ស្របតាម​ច្បាប់ ជាមួយ​ជនល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំទោស​ម៉ោង​នេះ ជួយ​ផ្សព្វផ្សាយ​កុំ​ឲ្យ​មានការ អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែលមាន​រួចហើយ សូម​យកទៅ​រកស៊ី និង​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​»៕​ ដោយ​៖​កូ​ឡាប​

spot_img
×