Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន បើក​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​២០១៩ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ដល់​សិស្ស​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​

spot_img

​ឆ្នាំ​២០១៩​នេះ វេទិកា​ប្រកួត​ជជែក​ពិភាក្សា អំពី​បរិស្ថាន​សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ដល់​សិស្ស​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មុននឹង​ចូលរួម​ប្រកួត និង​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនេះ​ទៅដល់​សាធារណជន​។​

​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បានប្រកាស​បើក​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​២០១៩ វគ្គ​ប្រកួត​ដំបូង នា​ទីស្តីការ​ក្រសួងបរិស្ថាន ជាមួយ​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួងបរិស្ថាន តំណាង​ក្រសួង ស្ថាប័ន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពី​វិទ្យាល័យ​ចំនួន ១៦ នៅ​រាជធានី​ភ្នំពេញ ។​

លោកស្រី ងិន លី​ណា អគ្គនាយក អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បានឱ្យដឹងថា​ក្រសួងបរិស្ថាន​បានរៀបចំ វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ចំនួន​៣៩​លើក​ហើយ គិត​មកដល់​ឆ្នាំ​២០១៩​។ សម្រាប់​ឆ្នាំនេះ វេទិកា​ប្រកួត​ជជែក​ពិភាក្សា​សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ដល់​សិស្ស​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មុននឹង​ចូលរួម​ប្រកួត និង​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនេះ​ទៅដល់​សាធារណៈជន​ផងដែរ​។

​ក្នុងឱកាស​នេះ លោក​នេត្រ ភក្ត្រា បាន​លើកឡើងថា វេទិកា​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​មាន​សារៈសំខាន់​ណាស់ ដើម្បី​អប់រំ​សាធារណជន​ឱ្យ​យល់ដឹង​អំពី​បញ្ហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា និង​ដើម្បី​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​ថែរ​រក្សា ការការពារ​បរិស្ថាន ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ឯកឧត្តម បាន​គួសបញ្ជាក់​បន្តថា យុវជន​គឺជា​អ្នកស្វែងរក បញ្ហា និង​ផ្តល់​ដំណោះស្រាយ ប៉ុន្តែ​យុវជន​ពីរ ឬ​បី​ក្រុម មិនអាច​កែប្រែ​បញ្ហា​ដែល​កើតមាន​ក្នុងប្រទេស​បានទេ គឺ​ត្រូវមាន​ការចូលរួម​រប​ស់​សាធារណជន​បន្ថែមទៀត ហើយ​នេះ​គឺជា​គោលដៅ​ចុងក្រោយ​នៃ​ការអប់រំ​បរិស្ថាន​។ ឯកឧត្តម សង្ឃឹមថា​វេទិការ​ថ្ងៃនេះ ក្រុម​ពិភាក្សា​ទាំងអស់ នឹង​ខិតខំ មិន​ត្រឹមតែ​ដើម្បី​ជ័យជំនះ​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ពន្យល់​ដល់​សាធារណជន​ផងដែរ អំពី​បញ្ហា​បរិស្ថាន​ដែល​កំពុង​កើតមាន នៅ​ប្រទេស​កម្ពុជា និង​ផ្លាស់ប្តូរ​ទំលាប់ និង​ផ្នត់គំនិត​មនុស្ស ដើម្បី​ធានាបាន​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​និរន្តរភាព​។

​សូមបញ្ជាក់ថា វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​២០១៩ រៀបចំ​ឡើងជា ០៣​វគ្គ និង​មានការ​កំណត់​អំពី​នីតិវិធី​នៃ​ការប្រកួត​ខុសៗ​គ្នា​។ សម្រាប់​វគ្គ​ប្រកួត​ដំបូង​នេះ វេទិកា​នេះ​នឹងធ្វើ​ការប្រកួត​សម្រាប់​សិស្ស​ទាំង​១៦​ក្រុម តាមរយៈ​ការប្រកួត​លើ​វិញ្ញាសារ​សំណួរ​ពហុ​ចម្លើយ​ជ្រើសរើស ដើម្បី​ជម្រុះ​យក​សិស្ស​ចំនួន ០៨ ក្រុម​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត តាមរយៈ​ការ​រ​សរសេរ​អត្ថបទ​ជា​លក្ខណៈ​តែងសេចក្តី​បែប​ពន្យល់ ដើម្បី​ជ្រើស​រើសយក​សិស្ស​ចំនួន ០៤ ក្រុម​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុងការ​ដណ្តើម​យកជ័យ​លា​ភី តាមរយៈ​ការជជែក​ពិភាក្សា​ដេញដោល​ដោយមាន​អំណះអំណាង ឬ​ទឡ្ហី​ករ​ត្រឹមត្រូវ (Debate) ក្នុងការ​ពន្យល់ និង​ចែករំលែក​ជា​សារ​អប់រំ​ដល់​សាធារណៈជន​ទូទៅ លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា បដិវត្ត​ន៏​ឧស្សាហកម្ម​ទី​៤ និង​បរិស្ថាន ដែល​ក្រុមការងារ​នឹង​រៀបចំ​ជម្រាបជូន​លំអិត​នាពេល​ក្រោយ ៕​ ​ដោយ​៖​កូ​ឡាប

spot_img
×