Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​អង្គភាព​គ្រប់គ្រង​គម្រោង និង​មន្ទីរ​ពាណិជ្ជកម្ម សហការ​ពង្រឹង​តម្លាភាព ការងារ​អនុវត្ត​គម្រោង ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​អង្គភាព​គ្រប់គ្រង​គម្រោងនិង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត សហការ​ពង្រឹង​ការងារ​អនុវត្ត គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា​។​

​នាឱកាស​អញ្ជើញ​ជា​អធិបតីភាព កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ដើម្បី​តាមដាន​វឌ្ឍនភាព​នគ​ម្រោ​ង AIMS កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​រម្លឹក​ឡើងវិញ​អំពី​សាវតា និង​វត្ថុបំណង​របស់​គម្រោង ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ច្រវាក់​តម្លៃ​ផលិតផល (​ស្រូវ​, ដំឡូង​មី​, មាន់​ស្រែ​, បន្លែ និង​សូត្រ​ឆៅ​) ដោយ​ត​ភ្ជាប់​ផលិតកម្ម ជាមួយ​ទីផ្សារ​ទាំងអស់ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់ បញ្ជ្រាប​ការងារ​គម្រោង AIMS ទៅក្នុង​ការងារ​ស្នូល​ប្រចាំថ្ងៃ សម្រាប់​មន្ត្រី ធ្វើការ​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ជាតិ ជាមួយ​រាជរដ្ឋាភិបាល ហើយ​ត្រូវ​បង្កើន​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គម្រោង​ផ្សេងទៀត ដែល​គាំទ្រ​ដោយ​អង្គការ IFAD មានដូចជា​គម្រោង ASPIRE, គម្រោង SAAMBAT និង​គម្រោង​ទៀត​របស់​រាជរដ្ឋាភិបាល ដែល​អាច​ផ្តល់​គុណប្រយោជន៍ និង​សក្តានុពល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

«​អ្វីដែល​ជាការ​ចង់បាន​របស់​យើង គឺ​និរន្តរភាព​ប្រាក់ចំណូល​រប​ស់​ប្រជាកសិករ​! យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា កសិករ​នឹងមិន​ដួលរលំ ឬ​បរាជ័យ​ក្នុង​មុខរបរ​ឡើយ នៅពេលដែល​គ្មាន​ជំនួយ​ពី​គម្រោង គឺ​គាត់​នៅតែ​អាចធ្វើ​ពាណិជ្ជកម្ម និង​អាច​រកប្រាក់​បាន​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ដូច្នេះ សូម​មន្ត្រី​ទាំងអស់ ប្រឹងប្រែង​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ត់ចត់​បំផុត​!» លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា AIMS គឺជា​គម្រោង​ដ៏​ធំ​មួយ របស់​ក្រសួងពាណិជ្ជកម្ម ក្រោម​ហិរញ្ញប្បទាន​កម្ចី​របស់​អង្គការ IFAD ប្រមាណ ៣៦,៣ លាន​ដុល្លារ​អាមេរិក រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។ គម្រោង​នេះ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​ខេត្ត​សក្តានុពល​ចំនួន ១៨​ទូទាំងប្រទេស ដែលមាន​ប្រជាកសិករ​ប្រមាណ ៦​ម៉ឺន​គ្រួសារ ហើយ​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន​។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​គម្រោង ដោយ​ផ្តោតទៅលើ​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ ការកំណត់​នូវ​បញ្ហា​ប្រឈម ប្រតិបត្តិការ​បច្ចេកទេស និង​ហានិភ័យ ដែល​អាច​ជះឥទ្ធិពល​ដល់​គោលដៅ​អភិវឌ្ឍន៍​គម្រោង​ទាំងមូល​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×