Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុង​រៀបចំ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី ត្រាំ អុី​វ​តឹក បានធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្ដីពី “​ការកសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​” ដែល ជាការ​ងារ​ជា​អាទិភាព​នា​រយៈពេល​ខ្លី មធ្យម និង​វែង ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល ដែលជា​សសរស្តម្ភ​មួយ​ក្នុងការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ទិន្នាការ​សកល និង​ឈានទៅដល់​Smart Nation នា​ថ្ងៃ​អនាគត​។​

​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ត្រាំ អុី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី “​ការកសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​ទាំងពីរ​ផងដែរ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ត្រាំ អុី​វ​តឹក បានធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការកសាង​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក ដោយបាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការបង្កើត​រដ្ឋាភិបាល​ឌីជីថល និង​បទពិសោធ​ដែល​ប្រទេស​មួយចំនួន​ដែល​ឈានមុខ​គេ​លើ​វិស័យនេះ ដូចជា​សាធារណរដ្ឋ​កូរ៉េ សិង្ហ​បុរី និង​អេ​ស្តូ​នី​ជាដើម បានធ្វើ​ក្នុងការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​។

​គូសបញ្ជាក់​ផងដែរ​ថា ការកសាង​រដ្ឋាភិបាល​ឌីជីថល​ជាការ​ងារ​មួយ​ដ៏​ធំ​ដែល​ត្រូវមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​តាមរយៈ​ការធ្វើ​គោលនយោបាយ យុទ្ធសាស្ត្រ ការកសាង​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក ការធ្វើផែនការ​តាម​ដំណាក់កាល ការរៀបចំ​គម្រោង​រដ្ឋា​ភិ​បាល​អេ​ឡិ​ក​ត្រូ​និក​របស់​រាជរដ្ឋាភិបាល ការអនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ និង​ការផ្តល់​សេវាសាធារណៈ​ដ​ល់​ប្រជាជន​។

​កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​ការងារ​ជា​អាទិភាព​នា​រយៈពេល​ខ្លី មធ្យម និង​វែង ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល ដែលជា​សសរស្តម្ភ​មួយ​ក្នុងការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ទិន្នាការ​សកល និង​ឈានទៅដល់​Smart Nation នា​ថ្ងៃ​អនាគត​។ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការងារ និង​ធានា​នូវ​ស​ង្គ​ត​ភាព​នៃ​ប្រព័ន្ធ​រវាង​ក្រសួង​នានា​នៅពេល​អនាគត អង្គប្រជុំ​យល់ឃើញថា គួរ​បង្កើត​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្នុងការ​ពង្រាង​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដោយមាន​ការពិគ្រោះ​យោបល់​រវាង​គ្នា រវាង​អន្តរក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​ជាមួយ​ក្រុមការងារ​សេដ្ឋកិច្ច​ឌីជីថល​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចកម្ពុជា ដើម្បី​ឈានទៅដល់​ការសម្រេច​នូវ​គោលនយោបាយ ក៏ដូចជា​ផែនការមេ​រដ្ឋាភិបាល​ឌីជីថល នា​ឆ្នាំ​ខាងមុខ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×