Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប គឺ​អភិរក្ស​នៅក្នុង​តំបន់​អង្គរ និង​អភិវឌ្ឍន៍​បន្ថែម​នៅតាម​តំបន់​ជុំវិញ

spot_img

សៀមរាប ៖ តំបន់​អង្គរ​មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក ប៉ុន្តែ​កម្ពុជា​ត្រូវមាន​ការអភិវឌ្ឍ​បន្ថែម គឺ​អនុវត្ត​នូវ​កិច្ច​អភិរក្ស​នៅក្នុង​តំបន់​អង្គរ និង​អភិវឌ្ឍន៍​បន្ថែម​នៅតាម​តំបន់​ជុំវិញ ប្រកបដោយ​និរន្តរភាព។​

​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដោយមាន​ក្រសួងទេសចរណ៍​ជា​ស្ថាប័ន​ដឹកនាំ និង​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​-​អាជ្ញាធរ​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប ដៃគូ​សហការ ព្រមទាំង​សាកលវិទ្យាល័យ​ទូ​លូ​របស់​បារាំង ដែល​ជំនាញ​ខាង​សិក្សា​រៀបចំ​ផែ​នន​ការ​មេ​ផងដែរ​។

​គណៈកម្មការ​អន្តរក្រសួង​នេះ​បាននិងកំពុង​ចុះ​សិក្សា​លើ​ផ្នែក​-​តំបន់​មួយចំនួន​ជា​បណ្ដើរៗ​ហើយ ប៉ុន្តែ​ដើម្បី​ជា​ប្រទីប​ក្នុង​ការជំរុញឱ្យ​ដំណើរ​សិក្សា​រៀបចំ​ផែនការ​មេនេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ដោយបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក​ថោង ខុន បាន​បញ្ជាក់ថា ដំណើរការ​សិក្សា​លើ​គម្រោង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប គឺ​ផ្ដោត​សំខាន់​លើ​ការងារ​ទាំង​ក្នុង​ខេត្ត ក្នុងប្រទេស និង​ក្រៅប្រទេស ក្នុងនោះ​រួមមាន​៖ ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ លើសពី​អ្វី​មាន​ស្រាប់​នៅ​តំបន់​អង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត និង​ស្នាក់នៅ​ខេត្តសៀមរាប​យូរ និង​ចំណាយ​ច្រើន​។ ការសិក្សា​លើ​ការអភិវឌ្ឍ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿ​ង​លឿន ការពង្រីក​ផ្លូវថ្នល់ ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំ​ជាង​មុន ដើម្បី​ត​ភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ សៀមរាប​ជាមួយ​តំបន់ឆ្នេរ​សមុទ្រ សៀមរាប​ជាមួយ​តំបន់​ភាគ​ឦសាន សៀមរាប​ជាមួយ​តំបន់​ព្រំដែន ក៏ដូចជា​សៀមរាប​ជាមួយ​អន្តរជាតិ​ផងដែរ​។ ការសិក្សា​អំពី​ការរៀបចំ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត និង​បៃតង​នៅ​ខេត្តសៀមរាប និង​តំបន់​អង្គរ ដើម្បី​ផ្ដល់ជូន​នូវ​ភាព​ស្រស់ស្រាយ​បរិសុទ្ធ ចំពោះ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ខេត្តសៀមរាប ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​នូវ​ចំណុច​ល្អៗ​ពី​ខេត្តសៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​។ ក្រៅពីនោះ មានការ​សិក្សា​លើ​ការគ្រប់គ្រង​សំរាម កាក់សំណល់ ការតុបតែង​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត និង​តំបន់​ទស្សនា ការសិក្សា​លើ​ការបង្កើត​សួនច្បារ​ជាដើម​។​ការសិក្សា​លើ​ការតុបតែង​លម្អ​ផ្លូវ​ធ្វើដំណើរ​ឱ្យមាន​សោភ័ណភាព​។ ការសិក្សា​លើ​យន្តការ​នៃ​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ ឱ្យ​បានល្អ​ប្រសើរឡើង ពីព្រោះ​បើ​គ្មាន​ការគ្រប់គ្រង​ទេ ការសិក្សា​រៀបចំ​នឹង​ខាត​ទទេៗ​។​

​ក្រៅពីនេះ នៅមាន​ការសិក្សា​លើក​ត្តា​ខាងក្រៅ​ប្រទេស​ផងដែរ ដូចជា ការសិក្សា​លើ​ទីផ្សារ​ទេសចរណ៍ និន្នាការ​របស់​ភ្ញៀវទេសចរ កំណើន​ទីផ្សារ តម្រូវការ​ទីផ្សារ ការសិក្សា​អំពី​ការសម្រួល​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​។​

​ជាការ​ពិតណាស់ បច្ចុប្បន្ន តំបន់​អង្គរ​មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវមាន​ការអភិវឌ្ឍ​បន្ថែម ពោលគឺ​អនុវត្ត​នូវ​កិច្ច​អភិរក្ស​នៅក្នុង​តំបន់​អង្គរ និង​អភិវឌ្ឍន៍​បន្ថែម​នៅតាម​តំបន់​ជុំវិញ ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កេរតំណែល​បុព្វបុរស ដូចជា​ប្រាង្គ​ប្រាសាទ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា គម្រោង​សិក្សា​លើ​ផែនការ​មេនេះ​នឹងត្រូវ​បញ្ចប់ និង​ដាក់ឱ្យអនុវត្ត​ចាប់​អំឡុង​ដើមឆ្នាំ​២០២០ រហូតដល់​ឆ្នាំ​២០៣៥​។ លោក​ថោង ខុន ក៏បាន​បញ្ជាក់ថា «​ការខិតខំ​ទាំងនេះ​ក៏​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា ដែល​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១០​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ផងដែរ​»៕​ ដោយ​៖​កូ​ឡាប​

spot_img
×