Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​មណ្ឌលគិរី ឃុំខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​ដាក់ពន្ធនាគារពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្រោម​បទចោទប្រកាន់​៤​ករណី

spot_img

​មណ្ឌលគិរី​៖ ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក ដែល​ពុំ​នឹកស្មានថា​ខ្លួន បាន​ធ្លាក់​ដល់​ដំណាក់កាល​ចុងក្រោយ ដែល​រង​នូវ​ការចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី​នោះ ហើយ​ត្រូវបាន​តុលាការខេត្ត មណ្ឌលគិរី សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

លោក ទៀង ស៊ីថា ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​ជា​ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​គូកន​៣​នាក់​ទៀត ជា​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត ក្រោម​បទចោទប្រកាន់​៤​ករណី ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។​

​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឧកញ៉ា ស៊ឹង សំអុល និង​គូកន ចំនួន​៤​បទល្មើស តាមច្បាប់​ស្តីពី​ព្រៃឈើ គឺ​បទ​ប្រើប្រាស់​គ្រឿងចក្រ យានយន្ត​ស​ម្រើ​ឲ្យ​ការប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​គ្មាន​ស្លាក​សម្គាល់​, បទ​ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​, បទ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​បទ​ធ្វើ​សន្និធិ​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង ៤០​គ្រឿង​ផងដែរ​។​

​ប្រតិបត្តិការ​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ពិបាក​ក្នុង​ការនាំ​ចេញមកក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ បាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែលមាន​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×