Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍ រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់ ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

spot_img

​ភ្នំពេញ ​៖ ដោយសារ​នៅតែមាន​សកម្មភាព​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជារឿយៗ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាស​ទប់ស្កាត់​ការប្រកប​អាជីវកម្ម​ប្រភេទ​នេះ ដោយបាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយណា​ដែល​នៅតែ​គគ្លើន​។​

​ការប្រកាស​យ៉ាង​ដាច់អហង្កា​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​សប្ដាហ៍​នេះ​។​

​តើ​អ្វី​ទៅជា​ការប្រកប​អាជីវកម្ម​លក់​កញ្ចប់​ទ​ស្សន​កិច្ច​ថ្លៃ​សូន្យ (Zero Package Tour) ក្នុង​វិស័យ​ទេសចរណ៍​? ការលក់​កញ្ចប់​ទស្សន​កិច្ច​ថ្លៃ​សូន្យ សំដៅលើ​សកម្មភាព​លក់​កញ្ចប់​ទស្សនកិច្ច​នៅ​ថ្លៃ​ទាប ឬ​លក់​ទាំង​ខាត ដោយ​តម្រូវឱ្យ​ទេសចរ​អន្តរជាតិ ទិញ​ទំនិញ​ក្នុងតម្លៃ​ខ្ពស់ ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ទាំងនោះ​។​

​លិ​ក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការី​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម Zero Package Tour ជា​មេរោគ​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ពីព្រោះ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ទាំងនេះ​មានការ​ខាតបង់ និង​ខកចិត្ត​យ៉ាងខ្លាំង រហូតដល់​អ្នកខ្លះ​ក៏​លែង​ចង់​មក​ទស្សនា​នៅ​កម្ពុជា​លើក​ក្រោយ​ទៀត​ដែរ​។​

​បើតាម​លិ​ក​រដ្ឋមន្ត្រី ថោង ខុន នេះ​ជាប​ញ្ហ​មួយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិនាម និង​នយោបាយ​ទេសចរណ៍​ជាតិ ដែល​ត្រូវ​រួមគ្នា​ទប់ស្កាត់​ឱ្យបាន​។ យើង​កុំ​បន្ទោស​ភ្ញៀវ ពួកគេ​អត់​ដឹង​ទេ តែ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour នេះ គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេស​រណ៍​តែម្ដង មានន័យថា ពួកគេ​រកស៊ី​ដោយ​មិន​គិត​ចំណេញ​ក្នុង​កញ្ចប់ តែ​ពួកគេ​យក​ភ្ញៀវ​មក​ដើម្បី​កាប់​ស៊ី តាមរយៈ​ការលក់​វត្ថុ​អនុស្សាវរីយ៍ គ្រឿងអលង្ការ​ក្លែងក្លាយ ទំនិញ និង​សេវាកម្ម​អន់​គុណភាព ដោយ​ទទួលបាន​លុយ​ក្រៅ ឬ​ហៅថា Comission ហួសហេតុ​ពី​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទាំងនោះ រហូត​មាន​ករណី​ពួកក្រុម​ហ៊ុន​ទេសចរណ៍​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍​ខ្លះ ជំពាក់​លុយ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មិន​សង ឬ​សង​យឺតយ៉ាវ​ផងដែរ ដែល​នាំ​ឲ្យ​គុណភាព​សេវាកម្ម​កាន់តែ​ធ្លាក់ចុះ​។​

​លោក​បញ្ជាក់ថា នេះហើយ​ជា​មូលហេតុ​ដែលនាំឱ្យ​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ​ត្រូវ​បិទទ្វារ ពីព្រោះ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour មិនទាន់​សង ឬ​មិន​សងលុយ ហើយ​រត់ចោល​បាត់ស្រមោល​។​

​លោក ថោង ខុន បាន​បន្ថែមថា មាន​ក្រុមហ៊ុន​ខ្លះ​ទិញ​សំបុត្រ ចូល​ទស្សនា​អង្គរវត្ត ៦២​ដុល្លារ សម្រាប់​រយៈពេល​៣​ថ្ងៃ តែ​ភូតភរ​ភ្ញៀវ​នាំ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​តែ ១​ថ្ងៃ​ទេ ហើយ​ថ្ងៃទី​២ បន្តទៅ​ទស្សនា​នៅ​ប្រាសាទបេង​មាលា ១​ថ្ងៃ (​តម្លៃពិត ៥​ដុល្លារ​) និង​ប្រាសាទ​កោះ​កេរ ១​ថ្ងៃ​ទៀត (​តម្លៃពិត ១០​ដុល្លារ​)​។ ពួកគេ​ភូតភរ​ទេសចរ​ថា ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ក៏​ជា​អង្គរវត្ត​ដែរ ដោយ​គាត់​បាន​ចំណេញ​ប្រាក់​ពី​ភ្ញៀវ​ដល់​ទៅ ១៥​ដុល្លារ​។​

​បញ្ហា​នេះ បាន​ជំរុញ​ឱ្យ​លោក​រដ្ឋមន្ត្រី​ធ្លោយមាត់​ប្រកាសថា ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​អប្សរា បាន​ឯកភាពគ្នា​ថា​នៅ​ថ្ងៃ​ខាងមុខ នឹង​បញ្ចូល​ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ទៅក្នុង​កញ្ចប់​ទស្សនា​ជាមួយ​ប្រាសាទអង្គរវត្ត​តែម្តង ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​ទាំងនោះ​កុហក​ភ្ញៀវ​បាន​ទៀត​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា នៅពេល​ភ្ញៀវ​បានដឹង​ពី​ការបោកប្រាស់​នេះ ភ្ញៀវ​ខ្លះ ទោះបី​ប្រាសាទ​អង្គរ​ពោរពេញ​ដោយ ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​ល្បីល្បាញ​ក៏ដោយ ក៏​ពួកគេ​បាន​រិះគន់​និយាយ មិនល្អ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ខ្លះ​មិន​ចង់​មក​ទស្សនា​សៀមរាប​-​អង្គរ ភ្ញៀវ​ខ្លះ​ក៏​លែង​ទុកចិត្ត​ក្រុមហ៊ុន​ការី​ទេសចរណ៍ នៅ​កម្ពុជា ជាហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ ខាតបង់​ប្រយោជន៍​ជាតិ ហើយក៏​ខាតបង់​ដល់​ការប្រកប​អាជីវកម្ម​របស់​សណ្ឋាគា​រ ភោជនីយដ្ឋាន​មួយចំនួន​នោះ​ផងដែរ​, នេះ​បើតាម​លោក ថោង ខុន​។​

​ជាមួយនឹង​សម្ដី​ខ្លាំងៗ លោក​រដ្ឋមន្ត្រី ថោង ខុន បានប្រកាស​ហាមឃាត់​យ៉ាង​ដាច់អហង្កា​ថា «​កម្ពុជា​មិន​អនុ​ញ្ញា​ឱ្យ​ការី​ទេសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ណាមួយ ប្រកប​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​ទៀត​នោះឡើយ​»៕​ ដោយ​៖​កូ​ឡាប​

spot_img
×