Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស សម្ដែង​ការសោកស្ដាយ ចំពោះ​សភាតំណាងរាស្ត្រ​អាមេរិក លើ​ការអនុម័ត ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ពេល ទទួលបាន​ព័ត៌មាន​ថា​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទើបបាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ 2019​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ទៅនឹង​សភាតំណាងរាស្ត្រ​អាមេរិក ដែល​បានអនុម័ត​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដែលជា​ច្បាប់​មួយ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ជុំវិញ​ការចោទប្រកាន់​កម្ពុជា​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម​នោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្តែង​ការសោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ខ្លឹមសារ នៃ​សេចក្តីព្រាងច្បាប់​នេះ និង​បានធ្វើ​ការបដិសេធ​យ៉ាង​ដាច់អហង្កា​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកទៅលើ​ព័ត៌មាន​បំភ្លៃ លំអៀង និង​ព័ត៌មាន​ចាស់​ហួស​សម័យ ដោយសារតែ​ហេតុផល​នយោបាយ និង​ស្តង់ដារ​ពីរ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា មាន​កាតព្វកិច្ច​ផ្តល់នូវ​ការបកស្រាយ​បំភ្លឺ ដូចតទៅ​៖

– សេចក្តីព្រាងច្បាប់​នេះ ចាប់ផ្តើម​ដោយ​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ ដែល​បាន​កាន់តំណែង​យូរ​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ការ​កាន់តំណែង​យូរ​ដូច្នេះ មិនមែន​មិនដែល​មាននៅ​ក្នុង​បណ្តា​ប្រទេស ដែល​ប្រកាន់យក​នូវ​ប្រព័ន្ធ​នយោបាយ​បែប​សភានិយម នៅតាម​តំបន់​នានា​នោះឡើយ​។ ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនបាន​កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​នោះទេ ដរាបណា​គណបក្ស​រប​ស់គា​ត់​ទទួលបាន​ការគាំទ្រ​ភាគច្រើន​ពី​អ្នកបោះឆ្នោត ដែល​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន​ដោយ​សេរី នៅក្នុង​ការបោះឆ្នោត​ជា​ទៀងទាត់ ដែល​ត្រូវបាន​ឃ្លាំមើល​ដោយ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​។ អាស្រ័យហេតុនេះ ការជាប់ឆ្នោត​សារជាថ្មី​ឡើងវិញ ពុំមែន​មានន័យថា​គ្មាន​ប្រជាធិបតេយ្យ​នោះទេ ហើយក៏​មិនមែនជា​បទល្មើស​នោះដែរ​។​

– ការបដិសេធ​មិន​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​កន្លងមក​នៅ​ក្នុងប្រទេស​កម្ពុជា គឺជា​ការ​មើលងាយ​ទាំងស្រុង​ចំពោះ​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​កម្ពុជា និង​ជាការ​បដិសេធ​នូវ​ការពិត​។ ការបោះឆ្នោត​លើកទីមួយ នៅ​ឆ្នាំ​១៩៩៣ ត្រូវបាន​ផ្តួចផ្តើម​និង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ត្រូវបាន​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍ អាមេរិក ចាត់ទុកថា​ជា «​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ដង​ទន្លេមេគង្គ​» ។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ណាស់ ដោយ​គណបក្សប្រឆាំង​បាន​កើន​២៦​អាសនៈ ហើយ​គណបក្សកាន់អំណាច​បាន​បាត់បង់​២៣​អាសនៈ​។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ទទួលយក​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​រៀបរាប់ថា​ការបោះឆ្នោត​មាន​សណ្ដាប់ធ្នាប់ និង​ពុំមាន​អំពើហិង្សា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការបន្ត​អភិវឌ្ឍ​តាមបែប​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​ពុំមាន​អំពើហិង្សា មាន​សណ្តាប់ធ្នាប់ សេរី​និង​យុត្តិធម៌ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​រហូតដល់ ៨៣,០២% ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុម​ក្រៅច្បាប់​ឱ្យធ្វើ​ពហិការ​មិន​ចូលរួម​ក៏ដោយ​។ តួលេខ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ចង់ឃើញ​ការបន្ត​និរន្តរភាព ក្នុង​មាគ៌ា​ប្រកបដោយ​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​ជាថ្មី​របស់​ពួកគេ ចំពោះ​ការដឹកនាំ​របស់​គណបក្ស​កាន់អំណាច ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​ទាំងនេះ​។​

– ការចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) និង​ការរំលាយ​គណបក្ស​រប​ស់គា​ត់ ដោយ​តុលាការ​កំពូល គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​ទាំងស្រុង​ទៅតាម​ច្បាប់​ជា​ធរមាន​របស់​រដ្ឋ​អធិបតេយ្យ​មួយ ក្នុង​ស្មារតី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ព្រមទាំង​ការការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​(​មាត្រា​៤៤៣)​។​

– សេចក្តីព្រាង​នៃ «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩» នេះ បាន​ទំលាក់កំហុស​ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ដែល​តាមពិតទៅ ច្បាប់​នេះ​មាន​ដូចគ្នា​នៅក្នុង​ប្រទេស​លោកខាងលិច​ជាច្រើន ដើម្បី​ធានា​តម្លាភាព​និង​គណនេយ្យភាព​របស់​ស​មា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនោះ​។ ជាការ​ពិតណាស់ ច្បាប់ LANGO នេះ ត្រូវបាន​តាក់តែងឡើង ដោយ​ដកស្រង់​បទពិសោធន៍​ល្អៗ​ជាច្រើន​ចេញពី​ច្បាប់ ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ប្រទេស​នា​នា​ដែលមាន​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ រួមមាន សហរដ្ឋអាមេរិក​ផងដែរ​។ ច្បាប់​នេះ ក៏មាន​អត្ថន័យ​ស្របតាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​២០​នៃ​សេចក្តីថ្លែងការណ៍​សកល​ស្តីពី​សិទ្ធិមនុស្ស និង​មាត្រា​២២​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល និង​​នយោបាយ​។ ករណី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) គឺពាក់ព័ន្ធ​នឹង​ការខកខាន​មិនបាន​អនុវត្តតាម​មាត្រា​៣៤ នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

– សេចក្តីព្រាងច្បាប់​នេះ រិះគន់​ខុស​អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ប្រាសចាក​ឆ្ងាយ​ពី​ការពិត​។ ការពិត​នោះ​គឺ កាសែត​និង​បណ្តាញសារព័ត៌មាន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​បានជ្រើសរើស​តាម​ឆន្ទៈ​របស់ខ្លួន ក្នុងការ​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួកគេ នៅពេល​ប្រឈម​នឹង​កាតព្វកិច្ច​សារពើពន្ធ និង​ការរំលោភបំពាន​ច្បាប់សារព័ត៌មាន​របស់​កម្ពុជា​។ កម្ពុជា​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​សេរីភាព​សារព័ត៌មាន​និង​ការបញ្ចេញមតិ ដោយ​ឈរលើ​មូល​-​ដ្ឋា​ន​នីតិរដ្ឋ ដូច​បានបង្ហាញ​តាមរយៈ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​រស់​រវើក​នៃ​អង្គការ​កាសែត ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ចុះបញ្ជី​ជាង​១០០០​ស្ថាប័ន កំពុងដំណើរការ ហើយ​មានការ​រិះគន់​ចំពោះ​រាជរដ្ឋាភិបាល​។ ជាងនេះទៅទៀត ជាមួយនឹង​ទូរស័ព្ទ​ចល័ត​ដែល​ភ្ជាប់ អ៊ីនធឺណិត ជាង​១៣​លាន​៦​សែន​គ្រឿង នៅ​ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​រីករាយ​នឹង​លទ្ធភាព​ទទួលបាន​ព័ត៌មាន​គ្មាន​ដែន​កំណត់ ឆាប់រហ័ស និង​គ្មាន​ការ​រឹតត្បិត ដែល​រួមមាន​ទាំង​វិទ្យុ​អាស៊ីសេរី វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) និង​កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេលី ព្រមទាំង​ការចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​អ៊ិន​ធឺ​ណិ​ត និង​លើ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀតផង​ដែរ​។​

– សមាជិកសភា ដែល​ស្នើច្បាប់​នេះ ហាក់ដូចជា​មើលរំលង​ការពិត​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​តាម​សំណើ​របស់​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ចំពោះ​ការផ្តល់​ទិដ្ឋាការ​ចូល និង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​រយៈពេល ១២​ខែ ដល់​អ្នកស្ម័គ្រចិត្ត Peace Corps នៅ​ខែមករា​កន្លងមកនេះ និង​ការអនុញ្ញាតឱ្យ​បើក​ការិយាល័យ​តំណាង​របស់​វិទ្យុ​VOA នៅ​កម្ពុជា​ឡើងវិញ នៅ​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​ជា​ឧទាហរណ៍​ពីរ ក្នុងចំណោម​ឧទាហរណ៍​ជាច្រើន​ដែល​បានបង្ហាញ​ឲ្យ​ឃើញថា សេចក្តីព្រាងច្បាប់​នេះ បាន​ពឹង​ផ្អែកលើ​ព័ត៌មាន​ចាស់ៗ​ដែល​ហួសសម័យកាល​។​

– ដោយសារ​មាន​ចេតនា​អាក្រក់ ទើប​សេចក្តីព្រាងច្បាប់​នេះ មិនមាន​លើក​ចំណុច​យោង​ណាមួយ​ទាក់ទង​ទៅដល់​វោហា​សាស្ត្រ​ប្រជា​និយម​ដ៏​គ្រោះថ្នាក់​របស់​ក្រុមប្រឆាំង​មួយចំនួន​នៅ​កម្ពុជា ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ប្រមាថ និង​បង្កាច់បង្ខូច​មិន​រើសមុខ អុចអាល បង្ក​ការ​ស្អប់​ជាតិ​សាសន៍ និង​ការ​ស្អប់​ជនបរទេស បំផុស​ជាតិនិយម​ជ្រុល អំពាវនាវ​ឱ្យ​យោធា​ប្រឆាំងនឹង​រដ្ឋាភិបាល និង​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ដែល​ទាំងអស់នេះ ត្រូវបាន​ទទួល​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង​នៅក្នុង​គ្រប់​សង្គម​ប្រជាធិបតេយ្យ​នានា​។ ការវាយតម្លៃ​ដោយ​យុត្តិធម៌​និង​សត្យានុម័ត អំពី​សេរីភាព​នយោបាយ​និង​សិទ្ធិមនុស្ស មិនត្រូវ​ភ្លេច​ពី​ធាតុពិត​នៃ​គណបក្សប្រឆាំង​មួយ​ដែល​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​នោះទេ​។ ជាងនេះទៅទៀត ប្រតិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ការវិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា ហាក់ដូចជា​មិនបាន​ស្តែងចេញ​តាមរយៈ​គុណ​តម្លៃ​ប្រជាធិបតេយ្យ​នោះទេ បើ​ពិនិត្យ​ទៅលើ​ភាពខុសគ្នា​នៃ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​។​

​តាម​ក្រសួងការបរទេស ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ កាន់តែ​បង្ករ​ការរំខាន​ថែមទៀត នៅពេលដែល​បុគ្គល​សាធារណៈ​របស់​រដ្ឋ​អធិបតេយ្យ​មួយ បាន​ក្លាយជា​កម្មវត្ថុ​នៃ​វិធានការ​ដាក់ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋ​មួយ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​កម្ម​មាន​មូលដ្ឋាន ។ នេះ​គឺជា​ការរំលោភបំពាន​យ៉ាង​ជាក់ស្ដែង​ចំពោះ​គោលការណ៍​អន្តរជាតិ​ស្ដីពី​អធិបតេយ្យភាព សមភាព​និង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ដូច​មានចែង​ក្នុង​មាត្រា 2 នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ចាត់ទុកថា​អនុម័ត​សេចក្តីព្រាងច្បាប់​ខាងលើ​របស់​សភា​សហរ​ដ្ឋ​អាមេរិក បើ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ប្រទេស​ទាំងពីរ​កំពុងប្រកាន់យក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​នៃ​ការគោរព​គ្នា​ទៅវិញ​។ ហើយ​បើ​មាន​សម្ពាធ​ដ៏​អយុត្តិធម៌ និង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ពី​សំណាក់​សហរដ្ឋអាមេរិក​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើស​យក​អភិក្រម​វិជ្ជមាន​ប្រកបដោយ​ភាពស្មោះត្រង់ ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយសហរដ្ឋអាមេរិក​លើ​វិស័យ​ជាច្រើន ដូចជា​បេសកកម្ម​មនុស្សធម៌ “​ស្តង់ដារ​មាស​” កម្មវិធី​មាតុភូមិនិវត្តន៍​យ៉ាងសកម្ម ការចាប់ផ្ដើម​ឡើងវិញ​នូវ​កិច្ចសន្ទនា​នយោបាយ ការគាំទ្រ​ដល់​អ្នកស្ម័គ្រចិត្ត និង​ការប្រយុទ្ធ​រួមគ្នា​យ៉ាងសកម្ម​ប្រឆាំងនឹង​ការ​ប្រឈម​ផ្នែក​សន្តិសុខ​មិន​ប្រពៃណី ដូចជា​ភេរវកម្ម និង​ការជួញដូរ​ជាដើម​។​

​នៅក្នុង​ពាក្យ​ក្រសួងការបរទេស សូម​សម្ដែង​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត ឥត​ងាករេ​រប​ស់​កម្ពុជា ក្នុងការ​ប្រកាន់យក​ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​លើកកម្ពស់​នីតិរដ្ឋ​និង​ការគោរព​សេរី​ភាពជា​មូលដ្ឋាន ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ អ្នកនាំពាក្យ​ក្រសួងការបរទេស ទ​ទួ​ច​ដល់​អង្គការនីតិប្បញ្ញត្តិ​បរទេស​ទាំងអស់ រក្សា​នូវ​ភាពលំអៀង​របស់ខ្លួន នឹង​ជិះ​វា​នូវ​សកម្មភាព​មិនចាំបាច់​នានា​ដែល​មិន​គោរព​ដល់​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ៕​ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ប្រតិកម្ម​ទៅនឹង​ច្បាប់​ដែល​អនុម័ត​ដោយ​សភាតំណាងរាស្ត្រ​អាមេរិក​៖​

spot_img
×