ឧត្ដរមានជ័យ ៖ ស្នងការដ្ឋាននគរបាលឧត្ដរមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង៧និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីអេស្កាវ៉ាទ័រ កាយព្រៃសម្អាតដីចម្ការ នៅចំណុចទួលស្រឡៅ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានជាន់មីនតោនសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យដាច់កង់មួយចំហៀង និងខូចខាតអេស្កាវ៉ាទ័រ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឃ្លាំង វណ្ណះ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្ដីខ្វាវ ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ពុំមានរងរបួសទេ។
ករណីនេះ បន្ទាប់ពីទទួលបានព័ត៌មាន អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ និងចាត់វិធានការបន្ត ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕ ដោយ ៖ បញ្ញាស័ក្តិ