Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុងពេល​បច្ចុប្បន្ន​នៅមាន​ចំនួន​តិចតួច​នៅឡើយ​

spot_img

(​សិង្ហ​បុរី​) ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​ថ្លែងថា ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​នាំចេញ​ទំនិញ​មក​សិង្ហ​បុរី ប៉ុន្តែ​ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុងពេល​បច្ចុប្បន្ន​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

​នៅក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លោក ឆាន ឈុន​ស៊ី​ង (Chan Chun Sing) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បានផ្ដល់​កិត្តិយស​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​របស់​សិង្ហ​បុរី​ចំនួន​ពីរ​ផងដែរ​គឺ ក្រុមហ៊ុន NTUC Fairprice និង​ក្រុមហ៊ុន Enterprise Singapore​។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​ឆាន ឈុន​ស៊ី​ង បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​នាំចេញ​ទំនិញ​មក​សិង្ហ​បុរី ប៉ុន្តែ​ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុងពេល​បច្ចុប្បន្ន​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ទោះជា​យ៉ាងនោះ​ក្ដី លោក​នៅតែមាន​សង្ឃឹម​ខ្ពស់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​ទំនិញ​ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ ម្ហូប​សមុទ្រ សុទ្ធតែជា​ទំនិញ​ដែល​សិង្ហ​បុរី​មាន​តម្រូវការ​ខ្ពស់​។ ក្រៅពីនេះ កម្ពុជា​ក៏មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការនាំ​ចូលមក​សិង្ហ​បុរី​នូវ​បរិក្ខារ​សំណង់​ដូចជា​ស៊ីម៉ង់ត៍ ខ្សាច់ និង​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹកស្អាត និង​ថាមពល​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​សិង្ហ​បុរី ដោយ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ស្របតាម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ក្នុងការ​ជំរុញ​ឲ្យ​រឹតតែ​ច្រើនឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​អាស៊ាន​។ ចំពោះ​ផលិតផល​នាំចេញ លោក​ក៏បាន​ណែនាំ​បន្ថែម​ដូចជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រុង ដែល​សុទ្ធតែជា​ផលិតផល​កំណត់​ភូមិសាស្ត្រ ជាពិសេស​ម្រេច​កំពត​ដែលជា​ប្រភេទ​ម្រេច​ល្អ​លើសគេ និង​មានតម្លៃ​ខ្ពស់​។ ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​អំពី​ផលិតផល​ស្វាយ និង​អង្ករ​បន្ថែមទៀត ព្រមទាំង​អញ្ជើញ​ក្រុមហ៊ុន​សិង្ហ​បុរី ឲ្យ​មក​ស្វែងយល់​បន្ថែម​ឲ្យ​រឹតតែ​ស៊ីជម្រៅ​ពី​ផលិតផល​សក្ដានុពលរ​បស់​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការអញ្ជើញ​នេះ ក្រុមហ៊ុន NTUC Fairprice ដែលជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប (Supermarket) ជាច្រើន​នៅក្នុង​ប្រទេស​សិង្ហ​បុរី បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ផលិតផល​ស្វាយ ម្រេច​កំពត និង​អង្ករ​។ លោក​តំណាង​ក្រុមហ៊ុន បាន​ជម្រាបជូន​ថា​លោក​នឹង​បញ្ជូន​សហការី​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​សិក្សា​លម្អិត​ក្នុង​ការនាំ​ផលិតផល​ទាំង​នោះមក​សិង្ហ​បុរី​។​

​ក្រុមហ៊ុន Enterprise Singapore ក៏មាន​ចំណាប់អារម្មណ៍​ខ្ពស់ ព្រមទាំង​សង្ឃឹម​ចូលរួម​ក្នុងការ​ប្រឹក្សា​លើ​ការងារ​ដូចជា​នគរូបនីយកម្ម ហេ​ដ្ឋ​រចនាសម្ព័ន្ធ​។​ល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×