Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី ណែនាំ​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល អាជ្ញាធរ​គ្រប់​ថ្នាក់​ខិតខំ​បន្តសកម្មភាព​អប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ជំងឺគ្រុនឈាម​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​

spot_img

​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ​ស្ថានភាព​ជំងឺគ្រុនឈាម​និង​ជំរុញ​យុទ្ធនាការ​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ស្ពឺ ហើយ​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​ខិតខំ​បន្តសកម្មភាព​អប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ជំងឺគ្រុនឈាម​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ។​

​បើតាម​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​គ្រុនឈាម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ បន្ទាប់មក​ឯកឧត្តម​បាន​អញ្ជើញ​បន្តដំណើរ​ពិនិត្យ​សកម្មភាព​អប់រំ​សុខភាព​ស្តីពី​ជម្ងឺគ្រុនឈាម សកម្មភាព​ដាក់​អា​ប៊ែ​ត និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ក្នុងឱកាស​នោះ​ផងដែរ លោក​បានផ្តល់​ជូន​នៅ​សារសំខាន់ៗ​ស្តីពី​ការបង្ការ​ការចម្លង​ជម្ងឺគ្រុនឈាម​៖ ត្រូវ​ឆាប់​យក​កូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឬ​មន្ន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ លុបបំបាត់​ជម្រក​មូស និង​បាន​ណែនាំ​ជម្រុញ​ឲ្យ​មន្ត្រី​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​ខិតខំ​បន្តសកម្មភាព​អប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ជំងឺគ្រុនឈាម​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ។ ជារួម នៅក្នុង​ស​ប្តា​ហ៌​នេះ ស្ថានភាព​ជំងឺគ្រុនឈាម​កំពុងមាន​ការថយចុះ​នៅ​ទូទាំង​ខេត្ត​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ស្តីពី​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នេះ ថា​៖ ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ និង​ការលុបបំបាត់​ជម្រក​មូស គឺជា​វិធានការ​ដ៏​សំខាន់បំផុត​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩ ដូច្នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ទាំងអស់ សហការ​រួមគ្នា​ធ្វើ​សកម្មភាព​ចាំបាច់​នេះ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ ជាពិសេស ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចង្អុលបង្ហាញ​ដល់​គ្រប់​ខេត្ត​-​រាជធានី អនុវត្ត​កិច្ច​អន្តរាគមន៍​ជាបន្ទាន់ ចាប់តាំងពី​ដើមខែ​ឧសភា ហើយ​កំពុង​បន្ដការងារ​ជា​បន្តបន្ទាប់​រហូតមក​ដល់ពេលនេះ​យ៉ាង​ហ្មត់ចត់ ព្រមទាំង​យកចិត្តទុកដាក់​ពី​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម អនុគណៈកម្មការ​គ្លីនិក មន្ទីរ​សុខាភិបាល​ខេត្ត​-​រាជធានី រួមទាំង​កិច្ច​គាំទ្រ​ពី គណៈ​អភិបាលខេត្ត និង​ដៃគូរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ក្នុង​ការដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​និង​ថ្នាំ​ការពារ​កុំ​ឲ្យ​កើត​ដង្កូវទឹក​ក្នុង​អាង ឫ​ពាងទឹក នៅក្នុង​តំបន់​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺគ្រុនឈាម​។

​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែកក្កដា (​គិត​ត្រឹម​២៤​សប្តាហ៍​) ក្នុង​ឆ្នាំ​២០១៩ មាន​អ្នកជំងឺ​គ្រុនឈាម​សរុប​ចំនួន ២១.១៣០ ករណី និង​ស្លាប់​ចំនួន​២៥​នាក់ (​អត្រា​ស្លាប់​គឺ ០,១២%)​។ តួលេខ​នេះ មានការ​កើនឡើង​ប្រហែលជា​៥​ដង​ច្រើនជាង​ឆ្នាំ​២០១៨ ដែលមាន​អ្នកជំងឺ​គ្រុនឈាម​តែ ៣.៩២៦ ករណី និង​ស្លាប់​០៧​នាក់​។ ស្ថានភាព​ជំងឺ​នេះ បាន​កើនឡើង​ក្នុង​រាជធានី​-​ខេត្ត នៅ​ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ ប៉ុន្តែ​មិនមែន​បានន័យថា ជំងឺគ្រុនឈាម​មាននៅ​គ្រប់កន្លែង​ទូទាំងប្រទេស​នោះទេ គឺ​កើតមាន​រាយប៉ាយ​ដុំៗ​តាម​មួយ​ភូមិ ឬ​ពីរ​ភូមិ​នៃ​ភូមិសាស្ត្រ​ឃុំ​/​សង្កាត់​នីមួយៗ​។ ជំងឺគ្រុនឈាម​កើត​លើ​គ្រប់​ភេទ ស្រី ប្រុស ទាំង​ក្មេង​ទាំងចាស់ ហើយ​ក្នុង​ក្រុម​អាយុ​ពី​៥-១៤​ឆ្នាំ ឈឺ​ច្រើនជាងគេ និង​អត្រា​ស្លាប់​ខ្ពស់​លើ​ក្រុម​អាយុ​ក្មេង​តិចជាង ៥​ឆ្នាំ (​មាន​៩​នាក់​ស្លាប់​)​។​

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងបន្ដថា ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ហានិភ័យ​បណ្តាលមកពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ជា​បន្តទៀត​ឲ្យ​បាន​ទាន់ពេលវេលា ក្រសួង​ស្ថាប័ន​ផ្សេងៗ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បន្ត​ចូលរួម​សហការ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជាមួយ​ក្រសួងសុខាភិបាល តាមរយៈ​មន្ទីរ​សុខា​ភិ បាល​ទូទាំង​២៥ រាជធានី​-​ខេត្ត បង្កើន​សកម្មភាព​ផ្សព្វផ្សាយ អប់រំ​សុខភាព តាមរយៈ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ (​ទូរទស្សន៍​-​វិទ្យុ​-​សារព័ត៌មាន​-​អប់រំ​តាម​សហគមន៍ សាលារៀន ទី​វត្ត​អា​រ៉ា​ម និង​អប់រំ​ចល័ត​)​ស្តីពី​វិធានការ​បង្ការ​ជំងឺគ្រុនឈាម ពិសេស អាជ្ញាធរ​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ សូមជួយ​ចាត់វិធានការ​សំអាត​ការដ្ឋាន​សំណង់ និង​សំបក​កង់ឡាន​ឬ​ម៉ូតូ ដែល​ទុកចោល​ពាសវាល​ពាសកាល ដើម្បី​កុំ​ឲ្យ​មាន​កន្លែង​ទឹក​ដក់​ដែលជា​ជម្រក​មូស​ខ្លា ។​

​ជាថ្មី​ម្តងទៀត លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ពិនិត្យឡើងវិញ នូវ​អត្រា​គ្របដណ្តប់​ដាក់​អា​បែ​ត (Abate) ការពារ​កុំ​ឲ្យ​កើត​ដង្កូវទឹក និង ប៊ី​ធី​អាយ (BTI) សម្រាប់​សម្លាប់​ដង្កូវទឹក ហើយ​ត្រូវ​ធានាថា​អត្រា​គ្របដណ្តប់​អា​បែ​ត ឬ ប៊ី​ធី​អាយ នៅតាម​ភូមិ​នីមួយៗ បាន​លើសពី​៩៥% បើ​ភូ​មិណា​មិន​សំរេចបាន ៩៥% ត្រូវដាក់​ឡើងវិញ​ទាំងស្រុង​។ លោកស្រី​បាន​ផ្តាំផ្ញើ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ចូលរួម​យ៉ាងសកម្ម អនុវត្ត​វិធានការ​ការពារ​ជំងឺគ្រុនឈាម ដោយ​អនុវត្តន៍​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្ដីពី​ស្ថានភាព​ជំងឺគ្រុនឈាម ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​កន្លងមក​ថ្មីៗ​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×