Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចង់​នាំ​អង្ករ​ក្រអូប​ទៅកាន់​ឥណ្ឌូនេស៊ី និង​ពង្រឹង​កិច្ចសហការ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន​

spot_img

​សៀមរាប ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា កម្ពុជា​មានបំណង​នាំ​អង្ករ​ក្រអូប «​ផ្កាម្លិះ​អង្គរ​» ដែល​ទទួលបាន​ចំណាត់​លេខ​១ កាលពី​ឆ្នាំ​២០១៨ ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ចសហការ​លើ​ឧស្សាហកម្ម​ផលិត​សម្ភារ និង​គ្រឿង​បង្គុំ​ទោចក្រយាន​នៅក្នុង​ប្រទេស ព្រមទាំង​អភិវឌ្ឍន៍​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​ការផលិត​ទោចក្រយាន ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​សម្រាប់​ផលិតផល​នេះ និង​នាំចេញ​ផលិតផល​សម្រេច ១០០% ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ការបញ្ជាក់​របសលោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នាឱកាស​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតីភាព ជាមួយ​លោកជំទាវ អ៊ី​ណា ហា​នី​ង​ត្យា​ស គ្រី​ស្នា​មឺ​ទី (Ina Hagningtyas Krisnamurthi) ប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ទទួល​បន្ទុក​សេដ្ឋកិច្ច​ការទូត​ឥណ្ឌូនេស៊ី ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​សួនច្បារ​ខាងជើង​ស្ពានថ្ម ក្បែរ​ព្រះរាជដំណាក់​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ ពាណិជ្ជករ អាជីវករ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាង ១០០០​នាក់​។ ចូលរួម​ក្នុង​ពិធី​នោះដែរ​រួមមាន លោក ស៊ូ​ឌា​ម៉ាន់ ហា​សេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក​គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកស្រី ជា គឹម​ថា អគ្គនាយក​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេចបាន​ទឹកប្រាក់ ៥៥៨.៦២​លាន​ដុល្លារ (​កម្ពុជា​នាំចូល ៥២៥,៦​លាន​ដុល្លារ និង​នាំចេញ ៣៣​លាន​ដុល្លារ​) និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច (​ការមិន​យកពន្ធ​ត្រួតគ្នា និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​) ក៏ដូចជា​វិស័យ​ទេសចរណ៍ (​ការបើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហ្សា​កាតា​-​ភ្នំពេញ ដែល​ប្រទេស​ទាំង​ពីរបាន​ចុះ​អនុស្សរណៈ​នាពេល​ថ្មីៗ​នេះ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អង្គពិធី អំពី​គោលបំណង​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម ដែល​ផ្តោតលើ​ការអបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។ ពិព័រណ៍​ពាណិជ្ជ​កម្មនេះ​នឹង​ដំណើរការ​អម​ជាមួយ​ការសម្តែង​សិល្បៈ​ផ្សេងៗ ក្នុង​រយៈពេល ០៣ ថ្ងៃ (​ថ្ងៃទី​១៩ ដល់ទី ២១ ខែកក្កដា​) ក្នុង​គោលបំណង​រឹតបន្តឹង​ចំណងមិត្តភាព និង​ផ្លាស់ប្តូរ​បទពិសោធន៍ ព្រមទាំង​វប្បធម៌​ប្រពៃណី និង​ទំនៀម​ទំលាប់​គ្នា​ទៅវិញទៅមក​។​

​សូមជម្រាបថា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់ ១៩៦.២៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ១០.៤៨% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ឥណ្ឌូនេស៊ី បាន​កើនឡើង ៧.៧៥% និង​នាំចូល​កើនឡើង ៥៤.១៨%​។ ដោយឡែក​សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន កម្ពុជា​បាន​នាំចូល​បំណែក និង​គ្រឿងបន្លាស់ (​លី​ប​, តួ​, ដៃ​, ចង្កៀង​, អំ​ព្រី​យ៉ា​…) ពី​ឥណ្ឌូនេស៊ី​ចំនួន ៧,១៩​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨៕​ ដោយ​៖​កូ​ឡាប​

spot_img
×