Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី​៖ ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លាយ​បន្លំ អំពី​វត្តមាន​កងទ័ព​ចិន លើ​ទឹកដី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ សេចក្តីបំភ្លឺ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លាយ​បន្លំ អំពី​វត្តមាន​កងទ័ព​ចិន លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​យើង នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2019 នេះ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ច្រានចោល យ៉ាង​ដាច់អហង្ការ ចំពោះ​ព័ត៌មាន​ប្រឌិត ចេញផ្សាយ​ដោយសារ​ព័ត៌មាន The Wall Street Journal ដែល​ចោទប្រកាន់​កម្ពុជា​ថា បាន​ចុះ​កិច្ចព្រមព្រៀង ដោយ​សម្ងាត់​មួយ អនុញ្ញាត​ឲ្យ​យោធា​ចិន ប្រើប្រាស់​ដោយ​ផ្តាច់មុខ នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្បែរ​ខេត្ត​ព្រះសីហនុ​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ចាត់ទុក​ព័ត៌មាន​ប្រឌិត ចុងក្រោយ​នេះ​ថា ជា​ចេតនា​ដ៏​អាក្រក់​បំផុត ប្រឆាំង​ជាមួយ​កម្ពុជា​។ “….​គ្មាន​រឿង​បែបនេះ កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធា​បរទេស វា​បាន​ប្រឆាំង នឹង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​”​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ អះអាង​ច្បាស់ៗ​ថា “​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី ? យើង​មិនបាន​ពិភាក្សា​ណាមួយ ជាមួយ​មេដឹកនាំ​ចិន​នោះឡើយ កុំថាឡើយ​ដល់​មាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​។ “…​ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លាយ​បន្លំ អំពី​វត្តមាន​កងទ័ព​ចិន លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​យើង​ហើយ​…”​។​

​សូមបញ្ជាក់ថា ​កាសែត​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក បាន​ផ្សាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ​ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាត ឲ្យ​កងទ័ព​របស់​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​របស់​កម្ពុជា​នៅ​សមុទ្រ​ភាគ​ខាងលិច​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម ជាថ្មី​ម្តងទៀត ដោយ​អះអាងថា «​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​»​។

​កាសែត The Wall Street Journal បាន​ផ្សាយ​ថា ការដែល​ចិន​ចុះ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ​ជាមួយ​កម្ពុជា​ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​នៅ​ដែន សមុទ្រ​ភាគ​លិច​ប្រទេស​នេះ គឺ​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​មាន​ក្តីបារម្ភ​។ ក្តីបារម្ភ​របស់​អាមេរិក គឺ​ខណៈ ចិន ដែលជា​មហាអំណាច​ទី​២​តាម​ពីក្រោយ​សហរដ្ឋ​អ​មេ​រិ​ក​នោះ កំពុងតែ​បង្កើន​ឥទ្ធិពល​កងទ័ព​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សហរដ្ឋអាមេរិក​ម្នាក់ ដែល​មិនបាន​ប្រាប់​ឈ្មោះ នៅក្នុង​ការផ្សាយ​របស់​កាសែត The Wall Street Journal កាលពី​ថ្ងៃទី​២១​កក្កដា​។​

​កាសែត​ដដែល​នេះ បាន​បន្ថែមថា​កិច្ចព្រមព្រៀងសម្ងាត់​នោះ កម្ពុជា និង​ចិន​មិនទាន់បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។ តែ​បាន​អះអាងថា កិច្ចព្រមព្រៀង​នោះ គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ ផ្តាច់មុខ រយៈពេល​៣០​ឆ្នាំ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន​មួយផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ដែល​ស្ថិតនៅ​ជិត​ព្រលានយន្តហោះ​ដ៏​ធំ​មួយ​កសាង​ដោយ​ចិន​។​

​ក៏ប៉ុន្តែ​ជាថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក Fresh News បានចាត់ទុក​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ The Wall Street Journal ថា «​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែបនេះ​កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធា​បរទេស វា​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​»​។ នេះ​បើតាម​លោក ហ៊ុន សែន​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×