Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​បន្ថែមទៀត នៅ​ឆ្នាំ​បន្តបន្ទាប់

spot_img

​ភ្នំពេញ ​៖ ដោយ​មើលឃើញ​ពី​អត្តចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម​របស់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ សាធារណរដ្ឋ​កូរ៉េ និង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េ សាធារណ​កូរ៉េ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​បន្ថែមទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក​បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS) នៅ​ទីស្តីការក្រសួង នាឱកាស​ដែល​លោក​ដឹកនាំ​គណប្រតិភូ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។

លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ HRD-KOREA ដែល​បន្ត​ជួយ​ជ្រើស​រើស​កម្លាំង​ពលកម្ម​បរទេស ជាពិសេស​បងប្អូន​ពល​ករ​-​ពល​ការិនី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​ការងារ​របស់ លោក​បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ រយៈពេល ៣​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើ​​កិច្ចសហប្រតិបត្តិការ​រវាង គណៈកម្មាធិការ​បណ្តុះបណ្តាល និង​ប​ញ្ជូ​ល​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB) ​និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-KOREA) នឹង​កាន់តែ​ប្រសើរឡើង​បន្តទៀត​។​

​ទន្ទឹមនឹង​នេះដែរ លោក​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ប្តេជ្ញា​ជម្រុញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការបញ្ជូន​ពលករ​នេះ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​យើង​ទាំងពីរ​។​

​ក្នុងឱកាស​នោះដែរ​ភាគី​កូរ៉េ​នឹង​ផ្តល់ជូន​អ្នកបច្ចេកទេស ដើម្បី​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលក​រ​កម្ពុជា​​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ទទួលបាន​នូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ ខណៈ​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ នឹងមាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​រយៈពេល​នៃ​ការបញ្ជូន​នេះ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាងគេ​ក្នុងចំណោម ១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ (​លេខ​២ នេ​ប៉ាល់​, លេខ​៣ វៀតណាម​, លេខ​៤ ឥណ្ឌូ​នេស៊ី​, លេខ​៥ ថៃ​) ។ ចាប់ពី​ឆ្នាំ​២០១៨​មក ការជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ EPS ដោយ​ផ្អែកលើ​កត្តា​៣​យ៉ាង​ជា​ចាំបាច់​៖ ទី​១-​តេស្ត​ភាសា​កូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី​២-​តេស្ត​ជំនាញ និង​ទី​៣-​ការវាយតម្លៃ​សមត្ថភាព​។ មានន័យថា បេក្ខជន​ដែល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ ត្រូវ​ប្រឡង​ជាប់​តេស្ត​ជំនាញ និង​ការវាយតម្លៃ​សមត្ថភាព ទើប​ក្លាយជា​បេក្ខជន​ជាប់​ជា​ស្ថាពរ មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ដែល​កន្លងមក បេក្ខជន​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ គឺអាច​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)។ ​ចាប់ពី​ឆ្នាំ​២០០៧​មក ការប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ​(EPS-TOPIK) រៀបចំ​បាន​ចំនួន ១៦​លើក​មកហើយ​(​លើក​ទី​១៦ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-Korea) រួមសហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​(MTOSB) ដែលមាន​បេក្ខជន​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន ៤៣៤ ០៥៤​នាក់ ហើយ​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៨៩ ៣៩៣​នាក់​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×