Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការជួញដូរ​សត្វព្រៃ និង​ចាត់ទុក​ការជួញដូរ​សត្វព្រៃ គឺជា​បទល្មើស​ធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) សហការ​ជាមួយ អង្គកា​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ( WCS ) រៀបចំ​សិក្ខាសាលា​ស្តីពី ” តួនាទី​របស់​សារព័ត៌មាន ក្នុងការ​ឆ្លើយតប​ទៅនឹង​ការជួញដូរ​សត្វព្រៃ ” នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។​

លោក​ឆាយ សុផល នាយក​ប្រតិបត្តិ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែងថា សិក្ខាសាលា​នេះ មាន​គោលបំណង​បង្កើន ការចាប់អារម្មណ៍ របស់​អ្នកសារព័ត៌មាន និង​ចូលរួម​ផ្សព្វផ្សាយ អំពី​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា និង​សំដៅ​ជំរុញ​ឲ្យ​ស្ថាប័ន​រាជរដ្ឋាភិបាល​ធ្វើការ ឆ្លើយតប​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ជុំវិញ​បទល្មើស​ជួញដូរ​សត្វព្រៃ​ថែមទៀត ។​

​សិក្ខាសាលា​នេះ មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​ស្វែងយល់​អំពី​ព័ត៌មាន ទាក់ទង​បទល្មើស​នៃ​ការជួញដូរ​សត្វព្រៃ ក៏ដូចជា វិធានការ​នានា របស់​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កំពុង​ត្រូវបាន​គេ​មើលឃើញថា ពុំទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ។ ទន្ទឹម​នោះ អ្នកសារព័ត៌មាន ក៏មាន​ឱកាស​ចូលរួម​ពិភាក្សា អំពី​បញ្ហា​ប្រឈម​នានា ទាក់ទង​ភាព​រសើប នៃ​ការរាយការណ៍​ព័ត៌មាន​អំពី​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ។​

​លោក​កែន សេរី​រដ្ឋា ប្រធាន​អង្គកា​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ( WCS ) បាន​ថ្លែងថា ការជួញដូរ​សត្វព្រៃ​ត្រូវបាន​ចាត់ទុកថា ជា​បទល្មើស​ឆ្លងដែន ក្នុងចំណោម​បទល្មើស​ឆ្លងដែន​ជាច្រើន ដែល​អាច​រកប្រាក់​បាន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក គេ​គិត​ជា​ទឹកប្រាក់​ស្មើ​ប្រមាណ​ចន្លោះ​ពី 7 ពាន់​លាន​ទៅ 23​ពាន់​លាន​ដុល្លារ​អាមេរិក នៃ​ចំណូល​ខុសច្បាប់​ក្នុង​មួយឆ្នាំ ។ ជាក់ស្ដែង នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំណូល​បានមកពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន 2,5 ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការជួញដូរ​សត្វព្រៃ គឺជា​ការគំរាមកំហែង​មួយ ក្នុងចំណោម​ការគំរាមកំហែង ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សត្វព្រៃ នៅ​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ ចម្លងជំងឺ​ដល់​មនុស្ស និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​សហគមន៍​មូលដ្ឋាន ។ ការជួញដូរ​សត្វព្រៃ គួរតែ​ត្រូវបាន​គេ​ចាត់ទុកថា ជា​បទល្មើស​ធ្ងន់ធ្ងរ​មួយ ដូចគ្នា​ទៅនឹង​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការជួញដូរ​អាវុធ​ដែរ​។

​លោក​បាន​បន្តថា ប្រទេស​កម្ពុជា គឺជា​ទីកន្លែង​ឆ្លងកាត់​ដ៏​សំខាន់ សម្រាប់​ការជួញដូរ​ផលិតផល​សត្វព្រៃ មកពី​ទ្វីបអាហ្វ្រិក ចូលទៅក្នុង​ទីផ្សារ​ជាច្រើន នៅក្នុង​តំបន់​អាស៊ី​។ ផលិតផល​ទាំងនោះ រួមមាន ភ្លុក​ដំរី កុយរមាស និង​ស្រកាពង្រូល​។ នៅ​កម្ពុជា​ក៏មាន​ការជួញដូរ​សត្វ​ព្រៃ​ខុសច្បាប់ ក្នុងប្រទេស​ជាច្រើន​ផងដែរ ហើយ​ការជួញដូរ​សត្វព្រៃ នៅ​កម្ពុជា​ឆ្លងកាត់​តាម​ព្រំដែន​គោក ក៏​ជា​បញ្ហា​មួយ​ផងដែរ​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បាននិងកំពុង​ធ្វើការ​រួមគ្នា​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​របស់​តុលាការ លើ​ការជួញដូរ​សត្វព្រៃ នៅ​ទូទាំង​តំបន់​អាស៊ី​។ ការ​រឹបអូស​សត្វព្រៃ​តែ​ម្យ៉ាង មិនមាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជួញដូរ​សត្វព្រៃ ដែល​រកប្រាក់​កម្រៃ បាន​ច្រើន​លើសលប់ ពីមុខ​ជំនួញ​ខុសច្បាប់​របស់ខ្លួន​ឡើយ​។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ គេ​ចាំបាច់​ត្រូវធ្វើ​ការចោទប្រកាន់ និង​ផ្ដន្ទាទោស​ជន​ជួញដូរ​សត្វព្រៃ ព្រមទាំង​ដាក់ពិន័យ ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ទំហំ​នៃ​ទោសកំហុស​របស់​ពួក​ជន​ទាំងនោះ ដើម្បី​ធានាថា បណ្ដាញ​ក្រុម​ជួញដូរ​សត្វព្រៃ ត្រូវបាន​រំខាន និង​រំលាយចោល​។​

​លោក​ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​លើកឡើងថា ​ប្រព័ន្ធ​សារព័ត៌មាន ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​បញ្ហា​នានា នៅក្នុង​សង្គម និង​ប្រែក្លាយ​បញ្ហា​ទាំងនោះ ឲ្យ​ទៅជា​របៀបវារៈ​សាធារណៈ នឹង​អាចមាន​ឥទ្ធិពល ដល់​គោលនយោបាយ និង​ធ្វើអោយមាន​ឆ្លើយតប​ពី​សំណាក់​រដ្ឋាភិបាល និង​សាធារណជន​។ នៅពេល​បច្ចុប្បន្ននេះ ការផ្សព្វផ្សាយ​អំពី​ការជួញដូរ​សត្វព្រៃ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា នៅមានកម្រិត ហើយ​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ មានការ​យល់ដឹង​នៅមានកម្រិត អំពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ នៃ​ការ​គេ​ដូរ​សត្វព្រៃ​។​

​លោក​ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​បន្ថែមថា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​លើកសំណើ ធ្វើការ​ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​បង្កើន​ចំណាប់អារម្មណ៍ របស់​អ្នកសារព័ត៌មាន នឹង​បង្កើន​ការផ្សព្វផ្សាយ អំពី​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា ក្នុង​គោល​បំណង ពង្រឹង​ការឆ្លើយតប​ទៅនឹង​បទល្មើស​ទាំងនោះ និង​បង្កើន​ការយល់ដឹង របស់​សាធារណជន ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​និង ចាត់ទុក​ការជួញដូរ​សត្វព្រៃ គឺជា​បទល្មើស​ធ្ងន់ធ្ងរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×