Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ក្រុម​ជនខិលខូច និង​ដក​បង្គោល​ដែល​បោះ​រំលោភ​យក​ដី​វត្ត​គោក​បញ្ជាន់​ទំហំ​ជាង​៣​ហិកតា​ធ្វើជា​កម្មសិទ្ធិ​

spot_img

​ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ចុះទៅ​ដក​បង្គោល​ដែល​ក្រុម​ឈ្មួញ​ខិលខូច​លួច​ដាំ​យក​ដី​ស្រះ​ព្រះ​ទន្លេ ទំហំ​ជាង​៣​ហិកតា ជា​កម្មសិទ្ធិ​របស់​វត្ត​គោក​បញ្ជាន់​។ នៅក្នុង​ប្រតិបត្តិ​ការចុះ​ដក​បង្គោល​ខុសច្បាប់​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ យកទៅ​សាកសួរ​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រក​ឲ្យ​ឃើញថា អ្នកណា​ជា​អ្នក​នៅ​ពី​ខាងក្រោយ​អំពើ​រំលោភ​យក​ដី​វត្ត​នេះ​។​

​សូម​ជម្រាបជូន​ថា ការចុះ​បង្ក្រាប​អំពើ​រំលោភ​យក​ដី​វត្ត​គោក​បញ្ជាន់ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​វត្ត​គោក​បញ្ជាន់ បាន​ឲ្យ​ដឹងថា ដី​ស្រះ​ព្រះ​ទន្លេ ទំហំ​ជាង​៣​ហិកតា ដែលជា​កម្មសិទ្ធិ​របស់​វត្ត កំពុង​ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ​មួយក្រុម បោះបង្គោល​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​លើកឡើងថា សកម្មភាព​បោះបង្គោល​យក​ដី​ព្រះ​ទន្លេ ទើបតែ​កើតមានឡើង​ក្នុងពេល​ថ្មី​នេះ​ទេ ដោយមាន​បុរសៗ​វ័យ​ចំណាស់ៗ​មួយក្រុម មាន​វិទ្យុទាក់ទង​ក្នុង​ដៃ​ផង បាននាំគ្នា​ដឹក​បង្គោល​ស៊ីម៉ង់ត៍​មក​ដាំ​ជុំវិញ​ដី​ស្រះ​ព្រះ​ទន្លេ រួច​បាញ់ថ្នាំ​ពណ៌​ខៀវ​។ បន្ទាប់ពី​ដាំ​បង្គោល​រួច ក្រុម​បុរសៗ​មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់ តែងតែ​នាំគ្នា​ផឹកស៊ី យាម​បង្គោល​ទាំងអស់នោះ ដោយ​មិន​ឲ្យ​អ្នកណា​ដកចេញ​ឡើយ​។​

​ប្រភព​បន្ថែមថា នៅពេល​ប្រជាពលរដ្ឋ​ទៅ​សួរនាំ​ពាក់ព័ន្ធ​រឿង​ដាំ​បង្គោល​យក​ដី​វត្ត​នេះ ក្រុម​អ្នក​បោះ និង​យាម​បង្គោល​ទាំងអស់នោះ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មេ​របស់​ពួកគេ​ឲ្យ​ចុះមក​បោះ ព្រោះ​ដី​នោះ​ជា​ដី​របស់​មេ​ពួកគេ ដែល​ពាក់​ផ្កាយ​៣ ដូច្នេះ​ប្រជាពលរដ្ឋ​កុំ​ដក​បង្គោល​នេះ ចេញ​ឲ្យ​សោះ​ប្រយ័ត្ន​មានរឿង​។​

​ជុំវិញ​ករណីនេះ ព្រះ​តេជគុណ សេង ថង ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ ធ្លាប់បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ព្រះអង្គ​ដឹង​រឿង​មាន​គេ​មក​បោះបង្គោល​យក​ដី​វត្ត នៅ​ចំណុច​ស្រះ​ព្រះ​ទន្លេ​នោះដែរ តែ​ព្រះអង្គ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រួចហើយ បើ​គេ​មិន​ចុះមក​ឃាត់​ទេ ព្រះអង្គ​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា “​ដី​វត្ត​នៅតែ​ជា​ដី​វត្ត មាន​អ្នកណា​ទៅ​ទិញ​លក់ ឬ​យក​ធ្វើ​កម្មសិទ្ធិ​បានទេ​ញោម​”​។​

​សូមបញ្ជាក់​កថា កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៥ ដី​ស្រះ​ព្រះ​ទន្លេ មាន​ទំហំ​៣៦,៦៥៦​ម៉ែត្រការ៉េ ត្រូវបាន​លោក ឆាយ ឬ​ទ្ធិ​សែន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ចុះបញ្ជី (​ចេញ​ប្លង់រឹង​) ជា​សម្បត្តិ​របស់​វត្ត​គោក​បញ្ជាន់ ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​កាលពី​អំឡុង​២០១៦ ដី​ស្រះ​ព្រះ​ទន្លេ​នេះ ធ្លាប់មាន​ក្រុម​ជនខិលខូច​ចង់​ឃុបឃិត​គ្នា​លួច​លក់​ម្តង​រួចមកហើយ ប៉ុន្តែ ត្រូវបាន​ប្រជាពលរដ្ឋ​រារាំង និង​ប្តឹង​ទប់ស្កាត់​ទាន់ពេលវេលា​។ ដោយ​នៅពេលនោះ ក្រុម​ជន​ខិ​ច​ខូច​បាន​លួច​លក់​ដី​ជាប់​សាលារៀន​បឋមសិក្សា​គោក​បញ្ជាន់ ដែលជា​កម្មសិទ្ធិ​របស់​វត្ត ទំហំ​៧​ម៉ែត្រ គុណ​នឹង​១០០​ម៉ែត្រ​។​

​នៅពេលនោះ​ប្រជាពលរដ្ឋ បាន​ប្តឹង​សុំ​ឲ្យ​អាជ្ញាធរ ដក​ព្រះ​តេជគុណ សេង ថង ចៅអធិការ​វត្ត​គោក​បញ្ជាន់ និង​លោក សុខ លី មេភូមិ​ចោមចៅ ចេញពី​តំណែង ព្រោះ​ពួកគាត់​សង្ស័យថា បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​វត្ត​ឲ្យ​ទៅ​ឈ្មួញ​ដោយ​ខុសច្បាប់​។​

​បើតាម​ពលរដ្ឋ ករណី​ដី​ស្រះ​ព្រះ​ទន្លេ របស់​វត្ត​គោក​បញ្ជាក់ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ ដោយសារ​ប្រជាពលរដ្ឋ​បាន​ប្តឹង​រក្សា​ការពារ និង​សុំ​រំលាយ​គណៈកម្មការ​វត្ត​គោក​បញ្ជាន់​ចោល ព្រោះ​ពួកគាត់​សង្ស័យថា ដី​វត្ត​អាច​ឈ្មួញ​ទិញ​បាន​ព្រោះ​មានការ​ឃុបឃិត​គ្នា​ពី​មនុស្ស​ដែលមាន​សិទ្ធិអំណាច​សម្រេច​កិច្ចការ​នៅក្នុង​វត្ត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×