ឆ្នាំជូត
រាសីល្អជាមធ្យម ។ ថ្ងៃនេះដំណើរជីវិតរបស់អ្នកស្ថិតនៅលើកំណាត់ផ្លូវរដេបរដុបយាយីបន្តិច ហើយទោះបីធ្វើអីក៏ដោយ តែងជួបបញ្ហារកាំរកូសចិត្ត ។ ចំពោះអ្នកប្រកបរបររកសស៊ីជួញដូរ ដោយសារយីអ៊ុនកំពុងដាក់ស្រាប ម្ល៉ោះហើយធ្វើឲ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច ។ ការធ្វើដំណើរទៅទិសពាយ័ព្យគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះងាយជួបរឿងរ៉ាវយាយីផងដែរ។
រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ គប្បីកុំឈ្លក់នឹងល្បែងកាមគុណឲ្យសោះ ប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ ហើយដេកសោកស្តាយ ៕
ឆ្នាំឆ្លូវ
រាសីល្អមធ្យម ។ ក្នុងថ្ងៃនេះលោកអ្នកត្រូវពុះពារឧបសគ្គតូចធំច្រើន ពិសេសការធ្វើអ្វីៗតែងមានរឿងរាវចម្រូងចម្រាសកើតមានឡើងមិនសូវល្ហែដែរទេ ក្រៅពីនេះបើលោកអ្នកមានទុក្ខកង្វល់ឲ្យចេះជ្រើសរើសផ្លូវដើរណាមួយច្បាស់លាស់បន្តិចទើបប្រសើរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវធ្វើចិត្តឲ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយបញ្ហាទើបប្រសើរហោង ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញ ។
រីឯបញ្ហាមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមផងដែរ ៕
ឆ្នាំខាល
រាសីស្រុតចុះ ។ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងមិនល្អណាមួយនាំឲ្យកើតនូវបញ្ហាលំបាកត្រូវឆ្លងកាត់ផង ។ សម្រាប់បុរសវិញ លោកអ្នកមានរឿងរ៉ាវកំប៉ិកកំប៉ុកចូលមកយាយីច្រើនបន្តិច តែទោះយ៉ាងណាបើមានការប្រកបការងារហើយសម្រុកនោះតែងទទួលបានផ្លែផ្កាវិញដែរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ។ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យឺន និងបញ្ហាចូលមកលុកលុយច្រើន ។
រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំមានដំណើរប្រទាំងប្រទើស ដែលងាយកើតរឿងជម្លោះវិវាទណាស់ ៕
ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ជាថ្ងៃដ៏ល្អសម្រាប់ស្វែងរកលាភផ្លូវឆ្ងាយ ។
រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំ បើលោកអ្នកមិនទាន់មានគូគាប់ឬដៃគូស្នេហា គឺមានមនុស្សចាប់អារម្មណ៍ ហើយអាចឈានទៅជាគូអាពាហ៍ពិពាហ៍ផងក៏សឹងមាន ដូច្នេះគួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ៕
ឆ្នាំរោង
រាសីល្អមធ្យម ។ ថ្ងៃនេះដំណើរជីវិតរបស់អ្នកមានភាពគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច ។ ប៉ុន្តែរឿងការងារមានឥទ្ធិពលដល់រឿងផ្ទាល់ខ្លួន លោកអ្នកគួរព្យាយាមអត់ធ្មត់បន្តិច ពីព្រោះថាផលអាក្រក់នោះងាយកើតមានផង ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សជុំវិញខ្លួន ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។
រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់នឹងកំហល់ប្រយ័ត្នកើតមានជម្លោះវិវាទឈានដល់ការមិនមាត់ករកគ្នារាប់ថ្ងៃខែ ៕
ឆ្នាំម្សាញ់
រាសីល្អមធ្យម ។ ថ្ងៃនេះដំណើរជីវិតអ្នកល្អប្រសើ ម្លោះហើយមិនថាកិច្ចការអ្វីតែងរលូនដូចការគ្រោងទុក ។ ការរស់នៅមានភាពសុខដុមដូចសព្វមួយដង ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិច ពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយលោកអ្នកប្រកបការងារពេញដៃពេញជើងឡើងវិញ ។
រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្តូរព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕
ឆ្នាំមមី
រាសីល្អមធ្យម ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងមានជោគជ័យផង ក្រៅពីនេះលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឲ្យល្អផងដែរ ទើបប្រសើរ។ សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឲ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរបំផុត ។ ការធ្វើដំណើរទីជិតឆ្ងាយឲ្យប្រយ័ត្នរោគជំងឺបៀតបៀនប្រការណាមួយ ។
រីឯមនោសញ្ចេតនា បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង ៕
ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះបញ្ហាឧបទ្រពបានចាកចេញឆ្ងាយ ហើយទោះធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញផងដែរ ។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីមួយក៏តែងផ្តល់ផលល្អៗនៅពេលក្រោយវិញផងដែរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺមានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់និងធញវើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយ បើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន ។
រីឯមនោសញ្ចេតនា បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កម្លោះក្រមុំមានភាពស្រស់ស្រាយ ប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា ៕
ឆ្នាំវក
រាសីស្រុតចុះ ។ ការងារ មិនថ្វីដែរទេ ដោយដួងរាសីលោកអ្នកស្រុតចុះ គ្រាន់តែទទួលផលប៉ះទង្គិចច្រើនប៉ុណ្ណោះ ។ លោកអ្នកគប្បីមានចិត្តត្រជាក់និងធ្វើមិនដឹងមិនឮបញ្ហាខ្លះទើបប្រសើរ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញ តែទោះយ៉ាងណាការជួញដូរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង លុយកាក់មិនត្រូវចាយវាយខ្ជះខ្ជាយ ។
មនោសញ្ចេតនា សម្ព័ន្ធស្នេហាកម្លោះក្រមុំកើតមានការប្រឆាំងគ្នានិងមានរឿងថ្នាំងថ្នាក់ច្រើន ៕
ឆ្នាំរកា
រាសីស្រុតចុះ ។ ថ្ងៃនេះលោកអ្នកជួបបញ្ហាមិនចេះចប់មិនចេះហើយ លោកអ្នកតោងតែចេះទប់ទល់ឲ្យបានល្អទើបប្រសើរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត ។
រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពុនដាក់ខ្លួន ៕
ឆ្នាំចរ
រាសីស្រុតចុះ ។ ថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះថ្លឹងថ្លែងឲ្យបានល្អ ពុំនោះសោតអាចត្រូវបាត់បង់ប្រាក់កាសថែមទៀត ។ ការប្រកបការងារផ្សេងៗលោកអ្នកមិនត្រូវជឿពាក្យអុចអាលអ្នកដទៃឡើយ បើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយទៅជាធំជាក់ជាមិនខាន ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិច ប៉ុន្តែកម្រៃក៏មិនសូវឆ្លើយតបដូចក្តីបំណងឡើយ ។
រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឲ្យសោះប្រយ័ត្នកើតរឿងរ៉ាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍ ៕
ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចំពោះដំណើរកិច្ចការងារអ្វីមួយ ព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញផង ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចជាភ្លៀងធ្លាក់មួយមេធំ មេឃស្រឡះ ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឲ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបរបរពេញដៃពេញជើងឡើងវិញ ។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល កក់ក្តៅ ផ្អែមល្ហែមនឹងគ្នា ៕